​ផ្លាស់ប្តូរ​ទីតាំង​មណ្ឌល​ប្រឡង​មួយកន្លែង​ដោយសារ​ទឹក​លិច​ចូលក្នុង​បន្ទប់​

1023
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈកម្មការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប្រចាំ​ខេត្តកំពត​បានធ្វើ​បម្លាស់​ទី​មណ្ឌល​ប្រឡង​មួយកន្លែង​ក្នុងចំណោម​មណ្ឌល​ទាំង​ប្រាំបួន​និង​ប្រកាសជូន​ដំណឹង​ជា​សាធារណៈ​ដោយ​ភាព​បន្ទាន់​ព្រោះតែ​ទឹក​ហូរ​លិច​ចូលដល់​បន្ទប់​។​

​លោក​តាក់​ហាប់​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពត​បាន​មានប្រសាសន៍ថា​បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​យប់​និង​បន្ត​ពេញ​មួយថ្ងៃ​នៃ​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៨​បណ្តាលឱ្យ​ទឹក​ហូរ​ចូល​បរិវេណ​មណ្ឌល​ប្រឡង​មួយចំនួន​។

​ពិសេស​មណ្ឌល​សាលា​គរុកោសល្យ​និង​វិ​ក្រឹ​ត​ការ​ខេត្ត​ទឹកបាន​គ្របដណ្តប់​ដល់​ក្នុង​បន្ទប់​តែម្តង​។​ជាមួយ​ស្ថានភាព​នេះ​គណៈកម្មការ​ប្រឡង​បានសម្រេច​ផ្លាស់ប្តូរ​មណ្ឌល​នេះ​ទៅ​សាលា​ចំណេះ​ទូទៅ​ឯកជន​វឌ្ឍន​វិជ្ជា​វិញ​។​ដូច្នេះ​សូម​មាតាបិតា​និង​បេក្ខជន​ដែលមាន​ឈ្មោះ​ត្រូវ​ប្រឡង​នៅ​មណ្ឌល​នេះ​ជ្រាប​ជា​ព័ត៌មាន និង​តាមមើល​ឈ្មោះ​នៅ​មណ្ឌល​ដែល​ត្រូវបានធ្វើ​បម្លាស់​ទីនោះ​។

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​សម្រាប់​កន្លែង​មួយចំនួនទៀត​ក៏មាន​ការលិចលង់​ក្នុង​បរិវេណ​មណ្ឌល​ប្រឡង​ផងដែរ​។ តែ​មិ​បាន​ហូរ​ចូលដល់​បន្ទប់​ដូច​មណ្ឌល​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត​ទេ​។ ម្ល៉ោះហើយ​គណៈកម្មការ​ពុំ​មាន​ជម្រើស​ណា​ផ្សេង​ក្រៅពី​រក្សា​មណ្ឌល​ទាំង​ប្រាំបី​នៅ​ទីតាំង​ចាស់​ដដែល​នោះឡើយ​។​

សូមបញ្ជាក់ថា​សម្រាប់​ការប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៃ​ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ទូទាំង​ខេត្តកំពត​មាន​បេក្ខជន​ចំនួន​៥.៥៧៨​នាក់ ស្រី​២.៧៨៥​នាក់ ចែកចេញជា​ប្រាំបួន​មណ្ឌល ស្មើនឹង​២២៤​បន្ទប់​។

មណ្ឌល​ទាំងនោះ​រួមមាន វិទ្យាល័យ​ព្រះរាជ​សម្ភារ សាលាបឋមសិក្សា​ហ៊ុន សែន​១​មករា វិទ្យាល័យ​ហ៊ុន សែន​ត្រ​សេក​កោង អនុវិទ្យាល័យ​ក្រាំង​អំពិល សាលាបឋមសិក្សា​សម្តេច​តា អនុវិទ្យាល័យ​ឌី​ប៉ុក​មហា​សាមគ្គី អនុវិទ្យាល័យ​ហ៊ុន សែន​ជុំ​ក្រៀល វិទ្យាល័យ​មិត្តភាព​កម្ពុជា​ជប៉ុន​កំពត​ក្រុង និង​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តកំពត​៕S/

​ផ្លាស់ប្តូរ​ទីតាំង​មណ្ឌល​ប្រឡង​មួយកន្លែង​ដោយសារ​ទឹក​លិច​ចូលក្នុង​បន្ទប់​