​ផ្លូវជាតិ​លេខ៤​តំបន់​ផ្សារ​ញូ​ថោ​ន ក្រៅពី​ទឹក​លិច ​ផ្លូវ​ក៏​ស្ទះ​ចរាចរណ៍​រាប់​ម៉ោង​ស្ទើរ​រាល់ថ្ងៃ​

684

(ភ្នំពេញ​)៖ បើទោះបី​ផ្លូវ​កកស្ទះ​ច្រើន​ថ្ងៃខែ មកហើយ​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​គេ​ឃើញ​ផ្លូវជាតិ​លេខ​៤​ត្រង់​កំណាត់​ផ្លូវ​ផ្សារ​ញូ​ថោ​ន​ដែល​ស្ថិតនៅ​ចន្លោះ​រវាង​ភូមិ​អង្គ​សង្កាត់​ចោមចៅ​និង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ នៅតែ​មិនទាន់មាន​អាជ្ញាធរ​មូលដ្ឋាន​ឬ​មន្ត្រី​ពាក់ព័ន្ធ​ណាមួយ​ជួយ​ដោះស្រាយ​បញ្ហា​ទឹក​លិច​ផ្លូវ​និង​បញ្ហា​កកស្ទះ​ចរាចរ​ណ៍ចេញ​នៅឡើយ​ទេ​។​

ការ​កកស្ទះ​ចរាចរណ៍​និង​ទឹក​លិច​នៅ​ផ្លូវជាតិ​លេខ​ត្រង់​ផ្សារ​ញូ​ថោ​ន​នៅតែ​ចោទ​ជា​បញ្ហា​នៅឡើយ​
(​រូប​៖​ដេប៉ូ​)

​ ​នៅ​តំបន់​ផ្លូវ​នេះ​ពលរដ្ឋ​បាន​រិះគន់ថា នៅពេល​ភ្លៀង​ម្តងៗ​ផ្លូវ​លិច​ទឹក​និង​ផ្គួប​ផ្សំ​ជាមួយនឹង​ផ្លូវ​ខូច​យ៉ាងច្រើន​ផង​ធ្វើ​ឲ្យ​ការធ្វើ​ចរាចរ​ឆ្លងកាត់​ជួប​ការលំបាក​បំផុត ។​រថយន្ត​ធំៗ​ដែល​សណ្តោង​រ៉ឺម៉ក និង រថយន្ត​តូចធំ​នៅ​ថ្ងៃ​ខ្លះ​គេ​ឃើញថា ជាប់​ស្ទះ​រាប់​ម៉ោង​ទើប​អាច​ឆ្លង​បំផុត​។​ការកកស្ទះ​ខ្លាំង​គឺ​គេ​ឃើញ​ពេលព្រឹក​និង​យប់​ព្រលប់​តែម្តង​។​

​ដោយឡែក​រយៈពេល​ពីរ​ថ្ងៃ​មកនេះ​ភ្លៀង​ខ្លាំង​ទឹកបាន​ជន​លិច​ធ្វើឱ្យ​ផ្លូវត្រង់​តំបន់​នេះ​កកស្ទះ​ចរាចរ​ស្ទើរ​ពេញៗ​មួយថ្ងៃ​តែម្តង​។​មាន​រថយន្ត​រាប់សិប​គ្រឿងក្នុង​មួយថ្ងៃៗ​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ការ​ជន​លិច​តាមផ្លូវ​តំបន់​នេះ​បានធ្វើឱ្យ​មានការ​កកស្ទះ​ខ្លាំង​ដែល​នៅពេល​ខ្លះ​ចាប់ពី​ព្រលានយន្តហោះ​ភ្នំពេញ​រហូតដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ទៀតផង​។​

ពាក់ព័ន្ធ​នឹង​ការកកស្ទះ​ចរាចរណ៍​នេះដែរ លោក អ៊ុត​បាន ចៅសង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឱ្យដឹងថា ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ខាង​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ក៏បាន​ចុះមក​ជួសជុល​ផ្លូវ​និង​ស្តារ​ប្រឡាយទឹក​ផងដែរ​ប៉ុន្តែ​នៅតែ​មិនអាច​រំដោះ​ទឹកបាន​ធ្វើឱ្យ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅតែ​កើតមាន​។​

លោក​បាន​បន្ត​ឱ្យដឹងថា​ការកកស្ទះ​មិន​ចេញ​កន្លងមក​ដោយសារ​ត្រង់​តំបន់​ផ្សារ​ញូ​ថោ​ន​តែម្តង​ដែល​ទឹក​មិនអាច​បញ្ចេញ​ទៅណា​បាន​ទើប​ធ្វើឱ្យ​ទឹក​ជន់​លិច​ផ្លុ​វ ហេតុនេះហើយ​ទើប​ធ្វើឱ្យ​ការកកស្ទះ​ស្ទើរ​កើតមានឡើង​ពេល​ភ្លៀង​ធ្កា​ក់​ខ្លាំង​អស់​ជាច្រើន​ខែ​មកហើយ​។​

​ទោះបីយ៉ាងណា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​គេ​ឃើញថា អាជ្ញាធរ​បាន​ខិតខំ​ស្តារ​ប្រឡាយ​ទឺ​ក​និង​ជួសជុល​ផ្លូវ​យ៉ាង​ច្រើនក្តី​ប៉ុន្តែ​ការដោះស្រាយ​ទឺ​ក​ជន់​លិច​និង​ការដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅ​កើតមាន​បញ្ហា​មិនចេះចប់​នៅឡើយ​។​

ក្រៅពីនេះ​គេ​ឃើញថា​ខាង​ប៉ូលីស​បានធ្វើ​ការសម្រួល​ចរាចរ​ទាំង​ថ្ងៃ​និង​យប់​ដែល​ជួយ​សម្រាល​បញ្ហា​មួយចំនួន​ផងដែរ​។​

គួរ​បញ្ជាក់ថា​បញ្ហា​ការកកស្ទះ​ចរាចរ​នៅ​តំបន់​ផ្លូវជាតិ​លេខ​៤​នៅត្រង់​សង្កាត់​ចោមចៅ​និង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ នេះ​បាន​បន្ត​កើតឡើង​ប្រមាណ​៣​ទៅ​៤​ឆ្នាំ​មកនេះ​ប៉ុន្តែ​មិនទាន់មាន​ដំណោះស្រាយ​ឱ្យបាន​ចេញ​ជា​លទ្ធផល​ល្អប្រសើរ​នៅឡើយ​ទេ​។​ពលរដ្ឋ​កំពុង​រង់ចាំ​មើលថា​នា​រដូវប្រាំង​ខាងមុខ​អាជ្ញាធរ​នឹង ដោះស្រាយ​បញ្ហា​នេះ​បញ្ចប់ ហើយ​ឈានដល់​រដូវវស្សា​ឆ្នាំក្រោយ​បញ្ហា​ទឹក​លិច​ផ្លូវ​លែង​ចោទ​ជា​បញ្ហា​ទៀត​ពុំខាន​៕MN/
ដោយៈដេប៉ូ

ការ​កកស្ទះ​ចរាចរណ៍​និង​ទឹក​លិច​នៅ​ផ្លូវជាតិ​លេខ​ត្រង់​ផ្សារ​ញូ​ថោ​ន​នៅតែ​ចោទ​ជា​បញ្ហា​នៅឡើយ​
(​រូប​៖​ដេប៉ូ​)