​ផ្លូវទឹក​សំខាន់ៗ​នៅ​ខាងជើង​ក្រុងភ្នំពេញ​គោក​រាក់​អស់ហើយ​សូមជ្រាប​

1425
ចែករម្លែក

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ប្រឡាយ​នាំ​ទឹកភ្លៀង​និង​ទឹក​សំណ​ល់ពី​ការប្រើប្រាស់​របស់​ទីក្រុង​ឆ្ពោះទៅកាន់​ស្ថានីយ៍​បូមទឹក​កប់​ស្រូវ​និង​ស្ថានីយ៍​បូមទឹក​គីឡូម៉ែត្រ​លេខ​៩​ត្រូវបាន​គេ​មើលឃើញ​មាន​សភាព​គោក​រាក់​អស់ហើយ​។​ករណីនេះ​នាំ​ឲ្យ​ទឹក​ហូរ​ទៅកាន់​ស្ថានីយ៍​យឺត​(​ខ្សោយ​)​បង្ក​ឲ្យ​មានការ​លិចលង់​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​មកដល់​។​

មន្ត្រី​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​មួយរូប​បាន​និយាយ​ដោយ​ទទួលស្គាល់ថា​ផ្លូវទឹក​ភ្ជាប់​ពី​ប្រឡាយ​ហ្ក្រេ​ន​ភ្នំពេញ​ទៅ​ទ្វារ​ទឹក​គីឡូម៉ែត្រ​លេខ​៩​គោក​រាក់​និង​រួម​តូច​អស់ហើយ​ដោយសារ​មិនបាន​ជីក​ស្តារ​នៅក្នុងពេល​តំបន់​ជាប់​នោះ​កំពុងមាន​ការអភិវឌ្ឍ​ដោយ​ការចាក់ដី​និង​ខ្សាច់​លប់​។​

​ប្រភព​ខាងលើ​និយាយ​ឲ្យ​ដឹង​ទៀតថា​មិនមែន​តែ​ប្រឡាយ​ពី​ហ្ក្រេ​ន​ភ្នំពេញ​ទៅ​ទ្វារ​ទឹក​គីឡូម៉ែត្រ​លេខ​៩​ទេ​ដែល​គោក​រាក់​ប្រឡាយ​មេ​ដ៏​សំខាន់​ពី​បុរី​អង្គរ​ភ្នំពេញ​ដល់​ហ្ក្រេ​ន​ភ្នំពេញ​សម្រាប់​នាំ​ទឹក​ទៅ​ស្ថានីយ៍​បូមទឹក​កប់​ស្រូវ​នោះ​ក៏​គោក​រាក់​និង​ដុះ​ពេញ​ដោយ​រុក្ខ​វា​រី​ដែរ​។

​ប្រឡាយទឹក​ដ៏​សំខាន់​ទាំងពីរ​ខ្សែ​ខាងលើនេះ​ត្រូវបាន​ប្រភព​ដដែល​បញ្ជាក់ថា​ប្រសិនបើ​មិន​ធ្វើ​ការកាយ​ស្តារ​ឲ្យ​បាន​ទាន់ពេលវេលា​ទេ​ផ្នែក​ខ្លះ​នៅ​ខាងជើង​និង​ខាងលិច​ជាយក្រុង​ភ្នំពេញ​ដែល​ទទួល​ទឹក​ចេញពី​តំបន់​បឹងកក់​ទួលគោក​និង​ទឹក​មកពី​តំបន់​បុរី​មួយរយ​ខ្នង​ត្រូវ​លិចលង់​ធ្ងន់ធ្ងរ​ហើយ​នៅក្នុង​រដូវវស្សា​នេះ​។​
​​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា​ទំនាប​នៅ​សងខាង​ប្រឡាយ​ខាងលើ​ត្រូវបាន​គេ​ចាក់ដី​ឬ​ខ្សាច់​លប់​ពេញ​អស់​ធ្វើ​ឲ្យ​ដី​និង​ខ្សាច់​ទាំងនោះ​មួយចំនួន​បាន​ហូរ​លប់​ប្រឡាយ​បណ្តាល​ឲ្យ​ប្រឡាយ​គោក​រាក់​ដែល​ចាំបាច់​ត្រូវ​ស្តារឡើងវិញ​ដោយ​ទ្រុងទ្រាយ​ធំ​គឺ​សាលា​រាជធានី​ទើប​ធ្វើបាន​។​
​ ​
​លោក​ម៉ៅ​ប៊ុនធឿន​នាយក​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​រាជធានី​ភ្នំពេញ​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០១៨​ថាប្រឡាយ​នាំ​ទឹក​នៅមុខ​ហ្ក្រេ​ន​ភ្នំពេញ​តាំងពី​បាន​ជីក​រួច​នៅ​ឆ្នាំ​២០០៨​នោះ មកដល់ពេលនេះ​គឺ​មិនដែល​បាន​ស្តារឡើងវិញ​ទេ​គោក​រាក់​អស់ហើយ ។ តាមពិត​ប្រឡាយ​នោះ ត្រូវ​ជីក​ស្តារ​រាល់​ឆ្នាំ​តែ​ពេលនេះ​ការងារ​ទាំងនោះ​វា​ស្ថិតក្រោម​ការទទួលខុសត្រូវ​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ទាំង​ការជីក​ស្តារ​ប្រឡាយ និង សង់​ស្ថានីយ​បូមទឹក​។​

​នាយក​មន្ទីរ​ខាងលើ​និយាយទៀតថា​មន្ទីរ​សាធារណការ​មាន​គម្រោង​ច្រើនណាស់​សម្រាប់​ការជីក​ស្តារ​ប្រឡាយ​និង​សង់​ស្ថានីយ៍​បូមទឹក​ថ្មី​សូម្បី​កន្លែង​មិន​សម​នឹងដាក់​ស្ថានីយ៍​ក៏​គេ​លើក​គម្រោង​ដាក់​ស្ថានីយ៍​ដែរ ។​តាមពិត​ថែរក្សា​មាត់​ប្រឡាយ​និង​ជម្រៅ​ប្រឡាយ​ឲ្យ​បានល្អ​ទៅ​ទឹក​ហូរ​ដល់​ស្ថានីយ៍​បូមទឹក​បាន​លឿន​ហើយ​៕S/

​ផ្លូវទឹក​សំខាន់ៗ​នៅ​ខាងជើង​ក្រុងភ្នំពេញ​គោក​រាក់​អស់ហើយ​សូមជ្រាប​