​ផ្លូវបត់​ឆ្វេង​លើ​ស្ពាន​អាកាស​ក្បាលថ្នល់​គ្រោង​ដាក់​ឱ្យប្រើ​នៅ​ចុងឆ្នាំ​២០១៩

323
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ផ្លូវបត់​ឆ្វេង​មួយ​ខ្សែ​ថ្មី​នៅជាប់​នឹង​ស្ពាន​អាកាស​ក្បាលថ្នល់​ចាស់​ដើម្បី​រំដោះ​ចរាចរណ៍​នៅលើ​ស្ពាន​នេះ​។​មកដល់ពេលនេះ​ក្រុមការងារ​បានចាប់ផ្តើម​តម្លើង​ពុម្ព​ដែក​កម្រាល​តួ​ស្ពាន​ដែលមាន​កម្ពស់​ពី​កម្រាល​កៅស៊ូ​ថ្នល់​+៤.០០​ម៉ែត្រ​។​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរ​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមន្នីវង្ស​និង​ផ្លូវ​ព្រះ​នរោត្តម​។​

​ពាក់ព័ន្ធ​ការងារ​នេះ​លោក​សាំ​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​២​កញ្ញា​២០១៩​នេះ​ថា​ចាប់ពី​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​តទៅ​ការដ្ឋាន​ស្ពាន​អាកាស​ក្បាលថ្នល់​នឹង​ចាប់ផ្តើម​តម្លើង​ពុម្ព​ដែក​កម្រាល​តួ​ស្ពាន​។​ដែលមាន​កំពស់​ពី​កម្រាល​កៅស៊ូ​ថ្នល់​+៤.០០​ម៉ែត្រ​។​ដូច្នេះ​ដើម្បី​សុវត្ថិភាព​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកបើកបរ​យានយន្ត​ទាំងអស់​មេត្តា​ដឹកទំនិញ​កុំ​ឱ្យលើស​កម្ពស់ +៤.០០​ម៉ែត្រ​ឱ្យសោះ​។​

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​៖​ស្ពាន​អាកាស​ក្បាលថ្នល់​ពី​មហាវិថី​ព្រះមុនីវង្ស​ទៅ​វិថី​ព្រះ​នរោត្តម​មាន​ប្រវែង​៧៧ ម៉ែត្រ​ពី​ផ្លូវដី​ដល់​គល់ស្ពាន​ក្បាលថ្នល់​និង​ពី​គល់ស្ពាន​ដល់​ស្ពាន​អាកាស​ចាស់​១២៣​ម៉ែត្រ សរុប​២០០​ម៉ែត្រ​។​ស្ពាន​នេះ​មាន​ទទឹង​៧,៥​ម៉ែត្រ​ពី​មហាវិថី​ព្រះមុនីវង្ស​បត់​ឆ្វេង​ឡើង​ស្ពាន​ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម​។​

​លោក​សាំ​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ផងដែរ​ថា​គម្រោង​សាងសង់​ស្ពាន​អាកាស​បត់​ឆ្វេង​១​ខ្សែ​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩​នេះ​។​ដោយ​ក្តារពុម្ព​ដែក​កម្រាល​តួ​ស្ពាន​ដែលមាន​កម្ពស់​ពី​កម្រាល​កៅស៊ូ​ថ្នល់​+៤.០០​ម៉ែត្រ​នេះ​និង​ដក​ក្តារពុម្ព​ដែក​ចេញ​នៅ​ចុងខែ​តុលា​២០១៩​ហើយនឹង​ដាក់​ដំណើរ​ការឱ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​នៅ​ចុងឆ្នាំ​២០១៩​ផងដែរ​។​ខណៈដែល​ស្ពាន​អាកាស​ក្បាលថ្នល់​ចាស់​ដោះស្រាយ​បញ្ហា​ចរាចរណ៍​មិនទាន់បាន​ល្អប្រសើរ​នូវឡើយ​នោះ​។​

​គួរ​បញ្ជាក់ថា​៖ បច្ចុប្បន្ននេះ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៦ កន្លែង​ហើយ គឺ ស្ពាន​អា ក​កាស​ក្បាលថ្នល់​, ស្ពាន​អាកាស​ស្ទឹងមានជ័យ​, ស្ពាន​អាកាស​៧​មករា​, ស្ពាន​អាកាស​៥​មករា​, ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​,​និង​ស្ពាន​អាកាស​ចោមចៅ​។​ដែល​ស្ពាន​នេះ​ក្រុមការងារ​បាន​នឹង​កំពុងបើក​ការដ្ឋាន​ស្ថាបនា​យ៉ាង​ញាប់ដៃ​ញាប់ជើង​ដូច​ស្ពាន​អាក​កាស​ក្បាលថ្នល់​នេះដែរ ៕S/​