​ផ្លូវ​ក្រាល​កៅស៊ូ​និង​ចាក់​បេតុង​ប្រវែង​សរុប​ជិត​២០០​គីឡូម៉ែត្រ​សាងសង់​បាន​៥០​ភាគរយ​

277

(​ត្បូងឃ្មុំ​)៖​ផ្លូវ​ក្រាល​កៅស៊ូ​និង​ចាក់​បេតុង​សរុប​ចំនួន​ប្រាំបួន​ខ្សែ​ដែលមាន​ប្រវែង​សរុប​ជិត​២០០​គីឡូម៉ែត្រ​នៅ​ខេត្ត​ត្បូងឃ្មុំ​ស្ថិតក្រោម​ថវិកា​កម្ចី​របស់​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី​(ADB)​នោះ គឺ​ដំណើរ​ការសាងសង់​បាន​ប្រមាណ​ពី ៤០​ទៅ​៥០ ភាគរយ​ហើយ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​កាលពី​ថ្ងៃទី ១៤ ខែកញ្ញា​ឆ្នាំ​២០១៧​។​

​លោក​ឈុន​សុខា​មន្ត្រី​ជំនាញ​ខាង​ពិសោធន៍​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដែល​កំពុង​ខួង​ថ្នល់​ដែល​ខាង​គ្រឿងចក្រ​ទើប​កិន​បង្ហាប់​នៅក្នុង​ស្រុក​កោះសូទិន​ខេត្តកំពង់ចាម​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​ខាង​លោក​ជា​ផ្នែក​ពិសោធន៍​គុណភាព​ដី​សាងសង់​ថ្នល់​។​នេះ​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ដែលមាន​ទទឹង​ទំហំ​ប្រាំមួយ​ម៉ែត្រ​និង​បណ្តោយ​ប្រវែង​១៧​គីឡូម៉ែត្រ​។​ផ្លូវ​មួយ​ខ្សែ​នេះ​គឺ​ត​ភ្ជាប់​គ្នា​រវាង​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្តកំពង់ចាម​។​

​ប្រភពព័ត៌មាន​នោះបាន​ឲ្យ​ដឹងថា​ផ្លូវ​នេះ​ទៀតសោត​គឺជា​ផ្លូវ​មួយ​ខ្សែ​ស្ថិត​ក្នុងចំណោម​ផ្លូវ​ចំនួន​ប្រាំបី​ខ្សែ​ផ្សេងទៀត​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ឆ្លងកាត់​ស្រុក​ពញាក្រែក ស្រុក​មេមត់ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ត្បូងឃ្មុំ ស្រុក​អូ​រាំង​ឪ ដែលមាន​ប្រវែង​សរុប​ចំនួន ១៩៣ គីឡូម៉ែត្រ​។ ក្នុងចំណោម​ផ្លូវ​ប្រាំបួន​ខ្សែ​នោះ​ផងដែរ គឺមាន​មួយ​ខ្សែ​នៅ​ឆ្លងកាត់​ស្រុក​ក្រូចឆ្មារ​តាម​បណ្តោយ​មាត់ទន្លេ​មេគង្គ​ជា​ផ្លូវ​ចាក់​បេតុង​។​
​ ​
​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​ផ្លូវ​ខាងលើ​គឺជា​ប្រាក់កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)​និង​អនុវត្ត​គម្រោង​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​បានចាប់ផ្តើម​ដំណើរការ​សាងសង់​កាល​ពី​ចុងឆ្នាំ ២០១៦ ហើយ​ដែល​នឹង​បញ្ចប់​ការសាងសង់​នៅក្នុង​កំឡុង​ខែឧសភា ឆ្នាំ​២០១៩ ខាងមុខ គឺ​បច្ចុប្បន្ន​ផ្លូវ​ទាំង​ប្រាំបួន​ខ្សែ​នេះ​បាន​ដំណើរការ​ស្ថាបនា​ព្រម​គ្នា គឺ​បាន​ប្រមាណ​ពី ៤០​ទៅ​៥០​ភាគរយ​ហើយ​។​
​ ​
​ស្ត្រី​វ័យ ៦៥ ឆ្នាំ​ម្នាក់​ឈ្មោះ រ៉េត ញ៉ ដែលមាន​លំនៅស្ថាន​ជាប់​ថ្នល់​កៅស៊ូ​កំពុង​សាងសង់​ខាងលើ​ស្ថិតក្នុង​ភូមិ​ពង្រ​កើត ឃុំ​ពង្រ ស្រុក​កោះសូទិន​បានលើកឡើង​ថា គាត់​មានចិត្ត​រំភើប​រីករាយ​ណាស់​ដែលមាន​ផ្លូវធំ​ទូលាយ​បែបនេះ គឺជា​លើកដំបូង​ហើយ​ដែល​គាត់ និង​ប្រជាពលរដ្ឋ​ដទៃ​រស់នៅក្នុង​ស្រុក​នេះ​បានធ្វើ​ដំណើរ​លើផ្លូវ​ក្រាល​កៅស៊ូ​នាពេលខាងមុខ​ហើយក៏​សូម​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​សង់​ផ្លូវ​មួយ​នេះ​។​

​លោក​ឈុន​សុខា​នៅបាន​ឲ្យ​ដឹងថា​ដំណើរការ​សាងសង់​ផ្លូវ​ទាំង​ប្រាំបួន​ខ្សែ​ខាងលើ​រយ​:​ពេល​ច្រើន​ខែ​កន្លងទៅនេះ​គឺ​បាន​ប្រព្រឹត្ត​ដោយ​រលូន ពោលគឺ​គ្មាន​ឧបសគ្គ​អ្វី​។​ពិសេស​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ដោយបាន​ចូលរួម​សហការ​ដូចជា​ការសាងសង់​ប៉ះចំ​ដើមឈើ​ឬ​របង​គឺ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​បានអនុញ្ញាត​ឲ្យ​សង់ គ្មាន​ការតវ៉ា ឬ​រារាំង​អ្វី​ឡើយ​៕S/​ដោយ​: ភោគ សម្បត្តិ​

​ផ្លូវ​ក្រាល​កៅស៊ូ​និង​ចាក់​បេតុង​ប្រវែង​សរុប​ជិត​២០០​គីឡូម៉ែត្រ​សាងសង់​បាន​៥០​ភាគរយ​