​ផ្លូវ​គម្រោង​ចាក់​បេតុង​ជិត​៥.០០០​ម៉ែត្រ​ក្នុង​ក្រុង​ព្រះវិហារ​បាន​បើក​ការដ្ឋាន​ដំណើរការ

248
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ផ្លូវ​ចាក់​បេតុង​កៅស៊ូ​(AC)​ចំនួន​៣​ខ្សែរ​ប្រវែង​៤.៨៥០​ម៉ែត្រ​ក្នុង​ក្រុង​ព្រះវិហារ​ជាការ​ផ្តល់ជូន​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​ត្រូវបាន​បើក​ការដ្ឋាន​ដំណើរការ​។​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៩​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​និង​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ជួសជុល​ផ្លូវ​គម្រោង​អ៊ុត​បេតុង​កៅស៊ូ​(AC)​កម្រាស់​០,៥​សង់ទីម៉ែត្រ លើ​ចំនួន​៣​ខ្សែ​ប្រវែង​សរុប​៤.៨៥០​ម៉ែត្រ ក្នុង​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ ។​

​លោក​អភិបាលខេត្ត​បាន​ថ្លែងថា​គម្រោង​ជួសជុល​ផ្លូវ​នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ជូន​ដល់​រដ្ឋបាលខេត្ត​តាមរយៈ​គម្រោង​អភិវឌ្ឍ​ខេត្ត​សម្រាប់​ឆ្នាំ​២០១៩​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូន​សល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​និង​ដឹក​កសិផល​យកមក​ទីផ្សារ​។​

​លោក​អភិបាល​ខេ​ត​ព្រះវិហារ​បានស្នើ​សុំឱ្យ​ក្រុមហ៊ុន​ដែល​ទទួល​ការអនុវត្ត​ជួសជុល​ផ្លូវ​នេះ​ត្រូវ​យកចិត្តទុកដាក់​ធ្វើយ៉ាងណា​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ធានា​ផ្លូវ​ទាំងនេះ​ឱ្យមាន​គុណភាព​និង​សោភ័ណភាព​។​លើសពីនោះ​សុំ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​យក់ចិត្ត​ថែទាំ​ផ្លូវ​ទាំងអស់គ្នា​ចៀសវាង​ការ​លុប​ប្រឡាយទឹក​គន្លង​ផ្លូវទឹក​បង្ហូរ​ផ្លូវ​ឬ​ដឹកជញ្ជូន​លើស​កម្រិត​កំណត់​ដើម្បី​ធានាបាន​ការប្រើប្រាស់​យូរអង្វែង​៕S/​