​ផ្លូវ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​គ្រប់គ្រង​នឹង​ចាប់ផ្តើម​ជួសជុល​ឡើងវិញ​នៅ​ចុងឆ្នាំ​២០១៨

1141
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ​ផ្លូវថ្នល់​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាប់ផ្តើម​ជួសជុល​ឡើងវិញ​ទាំងអស់​នៅ​ចុងឆ្នាំ​២០១៨​នេះ​តទៅ​។​នេះ​គឺជា​ការបញ្ជាក់​របស់លោក​ស្រី ភឿង ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោកស្រី ភឿង ស​កុ​ណា បានបញ្ជាក់​បែបនេះ នៅក្នុង​កិច្ចប្រជុំ​លើកដំបូង​នៃ​គណៈកម្មការ​អន្ដរក្រសួង ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប ដែល​ធ្វើឡើង​នៅ​រដ្ឋបាល​ខេត្តសៀមរាប នា​រសៀល​ថ្ងៃទី ៣០ តុលា​កន្លងទៅនេះ​។​

​លោកស្រី​បាន​បន្តថា​គោលបំណង​សំខាន់​នៃ​ការរៀបចំ​ជួសជុល​ផ្លូវ​ទាំងអស់​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ឡើងវិញ​គឺ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវទេសចរ​ដែលមាន​ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​មកកាន់​ខេត្តសៀមរាប​។​

​គួររំលឹកថា ផ្លូវ​ប្រៀប​ដូច​សរសៃឈាម​រប​ស់​ប្រទេសជាតិ នា​រយៈពេល​ចុងក្រោយ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើ​ការជួសជុល និង​កែលម្អ​ប្រព័ន្ធ​ផ្លូវថ្នល់​មួយចំនួន​ក្នុង​រមណីយដ្ឋាន​អង្គរ បំណង​ដើម្បី​លើក​សោភ័ណភាព និង​ការសម្រួល​ដល់​ការធ្វើដំណើរ​ដល់​សាធារណជន​ទូទៅ តួយ៉ាង​ដូច​ផ្លូវ​ក្នុង​វង់​តូច និង​វង់​ធំ​។ យ៉ាងណាមិញ ដ្បិត​បាន​អភិវឌ្ឍ​បាន​ច្រើន​យ៉ាងណាក្ដី ក៏​នៅមាន​ផ្លូវ​ខ្លះ​មានការ​ខូចខាត​ផងដែរ មូលហេតុ​ទាំងនោះ​ដោយសារ​ការដឹកជញ្ជូន​ធ្ងន់ៗ និង​ចរាចរណ៍​មាន​ភាព​មមាញឹក​ជាង​ពេលមុនៗ​ជាដើម​។​ល​។​S/

​ផ្លូវ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​គ្រប់គ្រង​នឹង​ចាប់ផ្តើម​ជួសជុល​ឡើងវិញ​នៅ​ចុងឆ្នាំ​២០១៨