ដោយបាយ័ន/សៀមរាបៈគម្រោងសាងសង់ផ្លូវបេតុងចំនួន២ខ្សែដែលមានប្រវែងសរុប១.២៨៦ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។ ក្នុងនោះ ផ្លូវបេតុខ្សែទី១ នៅក្នុងភូមិបឹងដូនប៉ា ប្រវែង ៦០០ ម៉ែត្រ មានទទឹង៦ម៉ែត្រ និង ផ្លូវបេតុងខ្សែទី២ តភ្ជាប់ពីផ្លូវក្រាលកៅស៊ូចូលវត្តត្រាំនាគទៅខាងកើត ក្នុងភូមិធ្លកអណ្តូងប្រវែង៦៨៦ម៉ែត្រមានទទឹង៧ម៉ែត្រ។
ផ្លូវនេះក្រោមការប្រើប្រាស់ដោយថវិការបស់រដ្ឋបាលខេត្តសៀមរាបត្រូវបានប្រកាសជាសាធារណៈបើកដំណើរការការដ្ឋានសាងសង់កាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៩។ការសាងសង់កែលម្អពីផ្លូវក្រាលដីគ្រួសក្រហមទៅជាផ្លូវក្រាលបេតុងនេះគឺជាការបោះជំហ៊ានទៅមុខបន្ថែមទៀតក្នុងគោលដៅលុបបំបាត់ផ្លូវដីគ្រួសក្រហមនៅក្នុងក្រុងទេសចរណ៍សៀមរាប-អង្គរ។
លោកទៀសីហាអភិបាលខេត្តសៀមរាបានបញ្ជាក់ថាក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុនសែនក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវជោគជ័យធំៗជាច្រើនជាប្រវត្តិសាស្ត្រជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់។ព្រមទាំងការធ្លាក់ចុះអត្រានៃភាពក្រីក្ររបស់ប្រជាជនតាមរយៈការលើកកម្ពស់ផលិតភាពនិងការរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ដូច្នេះតាមរយៈការសាងសង់ផ្លូវបេតុងចំនួន២ខ្សែនាពេលនេះនឹងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅជូនបងប្អូនប្រជាពលរដ្ឋបានមួយកម្រិតថែមទៀតដើម្បីរួមចំណែកក្នុងការអភិវឌ្ឍខេត្តសៀមរាបរបស់យើងឱ្យកាន់តែមានការរីកលូតលាស់ សក្តិសមជាទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ៕S/