​ផ្លូវ​សំខាន់ៗ​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​កកស្ទះ​ខ្លាំង​ខណៈ​បុណ្យចូលឆ្នាំ​ជិត​មកដល់

1160
ចែករម្លែក
  • 41
    Shares

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ខណៈពេលដែល​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ជិត​ឈានចូល​មកដល់​នៅតាម​តំបន់​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​។​ក្នុងនោះ​ដូចជា​តំបន់​ស្ពាន​ជ្រោយចង្វារ​,​តំបន់​ក្បាលថ្នល់​,​តំបន់​ចោមចៅ​ជាដើម​,​ចាប់តាំងពី​ព្រឹក​រហូត​ដល់​ព្រលប់​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០១៨​នេះ​មានការ​កកស្ទះ​យ៉ាងខ្លាំង​។​

បើតាម​មន្ត្រី​ប៉ូលីស​ចរាចរណ៍​ឈរជើង​តាម​តំបន់​មួយចំនួន​បាន​ប្រាប់ថា ការកកស្ទះ​ចរាចរណ៍​ចាប់ផ្តើម​ចំនួន​២​ទៅ​៣​ថ្ងៃ​មកហើយ​។ ប៉ុន្តែ​ដោយឡែក​នៅ​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០១៨​នេះ​ការកកស្ទះ​មាន​សភាព​ខ្លាំង​បន្ទាប់ពី ពលរដ្ឋ​នាំគ្នា​សម្រុក​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​រួចមក​។​

​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា​ជុំវិញ​បញ្ហា​ការកកស្ទះ​ចរាចរណ៍​នេះ​លោក​អោក​ឆាត​នាយរង​ផ្នែក​ចរាចរណ៍​ផ្នែក​កង​អន្តរា​គម​បានឱ្យដឹងថា​ការកកស្ទះ​ចរាចរណ៍​នៅ​តំបន់​ស្ពាន​ជ្រោយចង្វារ​នេះ​មាន​សភាព​តានតឹង​ជាង​បណ្តា​ឆ្នាំកន្លងមក​។​ក្នុងនេះ​ដោយសារតែ​ចំនួន​រថយន្ត​កើនឡើង និង​ទី​២​រួមផ្សំ​ទាំង​ការជួស​ជួល​ស្ពាន​មិត្តភាព​ជប៉ុន​ផង​ធ្វើឱ្យ ការកកស្ទះ​ណែន​តាន់តាប់​ជាង​មុន​។​

​ជាមួយគ្នានេះ​លោក​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​នាំគ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​និង​ការបើកបរ​ត្រង់​ស្ពាន​ជ្រោយចង្វារ​ត្រូវ​ស្តាប់​ការណែនាំ​របស់​ប៉ូលីស​ហើយ​ប្រកាន់ខ្ជាប់​នូវ​ការប្រយ័ត្នប្រយែង​ទើប​កាត់បន្ថយ​ការកកស្ទះ​ក៏ដូចជា​គ្រោះថ្នាក់​ចរាចរណ៍​។​

គួរ​បញ្ជាក់ថា​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ម្តងៗ​ពលរដ្ឋ​ជាច្រើន​បានធ្វើ​ដំណើរ​វិលត្រឡប់​ស្រុកកំណើត​វិញ​ដើម្បី​ឈប់សម្រាក​លំហែកាយ ក៏ដូចជា​អបអរ​បុណ្យចូលឆ្នាំថ្មី​។​ដោយឡែក​នៅ​តំបន់​គល់ស្ពាន​ជ្រោយចង្វា​នា​ឆ្នាំ​នេះដែរ​ត្រូវបាន​គេ​លើកឡើងថា​ការកកស្ទះ​នឹងមាន​សភាព​លំបាក​ខ្លាំង​ជាង​បណ្តា​ឆ្នាំមុនៗ​ដោយសារតែ​ស្ពាន​មិត្តភាព​ជប៉ុន​មិនទាន់​ជួសជុល​រួច​នៅឡើយ​។​

​បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បានឱ្យដឹង​នា​កន្លងមក​ថា​បច្ចុប្បន្ន នៅ​ទូទាំងប្រទេស​កម្ពុជា​ចំនួន រថយន្ដ​មានការ​កើនឡើង​ជិត​កន្លះ​លាន​គ្រឿង​និង​ព្រម​ជាមួយគ្នា​ក្នុង​១​ឆ្នាំៗ​ចំនួន​រថយន្ដ​នៅ​កម្ពុជា​ក៏បាន​កើនឡើង​ចាប់ពី​៣​ទៅ​៤​ម៉ឺន​គ្រឿង​ដែរ​។​ក្រៅពីនេះ​ចំពោះ​យានយន្ត​ផ្សេងៗ​ទៀត​បាន​កើនឡើង​រាប់ម៉ឺន​គ្រឿងក្នុង​មួយឆ្នាំៗ​ដែលជា​ហេតុ​ធ្វើឱ្យ​ការកកស្ទះ​ចរាចរណ៍​កា​ន់​តែ​ខ្លាំង​ក្នុង​រាជធានី​ភ្នំពេញ​ក៏ដូចជា​បណ្តា​ខេត្ត​៕S/

​ផ្លូវ​សំខាន់ៗ​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​កកស្ទះ​ខ្លាំង​ខណៈ​បុណ្យចូលឆ្នាំ​ជិត​មកដល់