​ផ្សព្វផ្សាយ​ច្បាប់​និង​ចែក​មួក​ដល់​អ្នកដំណើរ​

180
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ក្នុង​រដូវ​កាន់បិណ្ឌ​ការធ្វើ​ចរាចរណ៍​ទៅមក​របស់​ប្រជាពលរដ្ឋ​កាន់តែ​មមាញឹក​លោក​ហាក់​សុខ​មករា​អភិបាលរង​ខេត្ត​និង​ជា​អនុប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ត្បូងឃ្មុំ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ផ្លូវគោក​និង​ចែក​មួកសុវត្ថិភាព​ចំនួន​១០០​ដល់​អ្នកបើកបរ​ម៉ូតូ​។​

​លោក​ហាក់​សុខ​មករា​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ​និង​ជា​អនុប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៩​ថា​នៅក្នុង​រដូវ​កាន់បិណ្ឌ​និង​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ជិត​មកដល់​។​

ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅមក​ច្រើន​លើផ្លូវ​សាធារណៈ​ឆ្លៀតឱកាស​នេះ​យើង​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ផ្លូវ​ដល់​អ្នកដំណើរ​ឱ្យ​គោរព​ច្បាប់​ក្នុងពេល​ធ្វើដំណើរ​។​នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​ការអនុវត្ត​ច្បាប់​និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​នៅ​ឃុំ​មេមត់​ស្រុក​មេមត់​។​លោក​ហាក់​សុខ​មករា​បាន​អំពាវនាវ​ដល់​បងប្អូន​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ​ទាំងអស់​សូម​បើកបរ​ដោ​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​និង​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។

​ការចុះពិនិត្យ​និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​ដែល​ដឹកនាំ​ដោយ​លោក​ហាក់​សុខ​មករា​អភិបាលរង​ខេត្ត​និង​ជា​អនុប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​សហការ​ជាមួយ​មន្ទី​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កម្លាំង​នគរបាល​រដ្ឋបាល​ស្រុក​មេមត់​។​ក្នុងឱកាស​នេះ​លោក​ក៏បាន​ចែកជូន​មួកសុវត្ថិភាព​ចំនួន​១០០​មួក​ដល់​បងប្អូន​ដែល​កំពុងធ្វើដំណើរ​ដែល​ពុំមាន​ឃើញ​ពាក់មួក​សុវត្ថិភាព​ចំនួន​១០០​នាក់​ផងដែរ​៕S/

​ ​លោក​ហាក់​សុខ​មករា​បំពាក់​ជូន​អ្នកដំណើរ​ដែលមាន​ពាក់មួក​សុវត្ថិភាព​