​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៃ​ក្រុមប្រឹក្សា​ខេត្ត​នៅតាម​ស្រុក​ចំនួន​៣

609
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​ក្រុមប្រឹក្សា​ខេត្តសៀមរាប​បាន​បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់ខ្លួន​អាណត្តិ​ទី​២​ឆ្នាំ​២០១៨​លើ​គោលដៅ​ទី​២​សម្រាប់​ស្រុក​ចំនួន​៣​គឺ​ស្រុក​បន្ទាយស្រី​ស្រុក​អង្គរជុំ​និង​ស្រុក​វ៉ារិន​។​

ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក ម៉ី ម៉ា​រ៉ា​ឌី តំណាង​អាជ្ញាធរ​ជាតិ​អប្សរា និង លោក សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត តំណាងឱ្យ​គណៈ​អភិបាលខេត្ត​សៀមរាប ។​

​លោក​អ៊ឹង​ហឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​បញ្ជាក់ថា​ស្ថិតក្នុង​បរិបទ​នៃ​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ព្រឹត្តិការណ៍​នា​ថ្ងៃនេះ ជា​កាលានុវត្តភាព​ដ៏​ប្រពៃ ដែល​រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​ឲ្យ​មាន​ជា​វេទិកា​នេះ​ឡើង គឺ​ដើម្បី​ផ្ដល់ឱកាស​ជូន​បងប្អូន​ប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ​ទាំងអស់ បាន​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​នៃ​ការអភិវឌ្ឍ​ខេត្ត​ក្រុង​ស្រុក​ឃុំ​សង្កាត់​ព្រមទាំង​បញ្ហា​ប្រឈម​នានា​ដែល​កើតមានឡើង​កន្លងមក​។​

​លោក​បាន​បន្តថា​ជាពិសេស​វេទិកា​ថ្ងៃនេះ​នឹង​ផ្ដល់នូវ​ឱកាស​យ៉ាង​ធំធេង​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​បានលើកឡើង​ពី​បញ្ហា​ប្រឈម​ក្ដីកង្វល់​សំណូមពរ​នានា​ដើម្បី​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពិនិត្យ​ដោះស្រាយ​និង​ឆ្លើយតប​ចំពោះ​តម្រូវ​ការដែល​បានលើកឡើង​។​

លោក​បាន​បញ្ជាក់ទៀតថា​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នេះ គឺជា​ឧបករណ៍​ដ៏​មាន​សារៈសំខាន់ សម្រាប់​ការលើកកម្ពស់​គណនេយ្យ​ភាព តម្លាភាព ការឆ្លើយតប​និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ទាំង​បុរស​ស្ត្រី​យុវវ័យ​និង​ជន​ងាយ​រងគ្រោះ​ក្នុង​កិច្ចដំណើរការ​អភិបាលកិច្ច​របស់​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

​ដូច្នេះ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​វាគ្មិន​នឹងធ្វើ​ការបកស្រាយ​បំភ្លឺ​នូវ​សំណួរ​សំណូមពរ​ដែល​ប្រជាពលរដ្ឋ​បានលើកឡើង​បាន​សមស្រប​តាម​គោលបំណង​នៃ​សាមី​សំណួរ សំណូមពរ​ចង់បាន ៕S/


#