​ផ្សព្វផ្សាយ​ពី​កាតព្វកិច្ច​គណនេយ្យ និង​សវនកម្ម និង​បច្ចុប្បន្នភាព នៃ​ច្បាប់​សារពើពន្ធ សម្រាប់​សហគ្រាស​អ្នក​ជាប់ពន្ធ​

420
ចែករម្លែក

​ដោយ​៖ គ​ន្ធា​
​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ លោក ងី តា​យី រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក​សិក្ខាសាលា​មួយ នៅ​សណ្ឋាគារ ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ ស្តីពី “​កាតព្វកិច្ច​គណនេយ្យ និង​សវនកម្ម​” និង “​បច្ចុប្បន្នភាព នៃ​ច្បាប់​សារពើពន្ធ​” សម្រាប់​សហគ្រាស​អ្នក​ជាប់ពន្ធ ដែលមាន​ការចូលរួម​ពី​សហគ្រាស​អ្នក​ជាប់ពន្ធ​ធំ ប្រមាណ​ជាង ៣០០ នាក់ ។​

លោក ងី តា​យី រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

​លោក ងី តា​យី បាន​មានប្រសាសន៍ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ជា​សេនាធិការ បាន​សហការ​ជាមួយ អគ្គនាយកដ្ឋាន​ពន្ធដា​រ រៀបចំ​សិក្ខាសាលា​នេះ​ឡើង ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង អំពី​ច្បាប់ និង​បទ​ប្បញ្ញត្តិ ពាក់ព័ន្ធ​នឹង​គណនេយ្យ និង​សវនកម្ម​នៅ​កម្ពុជា ដល់​សហគ្រាស ដើម្បី​ស្វែងយល់ អំពី​សារៈប្រយោជន៍ និង​កាតព្វកិច្ច​នានា ដែល​សហគ្រាស ត្រូវអនុវត្ត ក្នុងនោះ​រួមមាន កាតព្វកិច្ច​កាន់​បញ្ជី​គណនេយ្យ​, កាតព្វកិច្ច​រៀបចំ​របា​យ​ការណ៍​ហិរញ្ញវត្ថុ និង​កាតព្វកិច្ច​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ ឱ្យ​រង​សវនកម្ម ជាដើម​។ សហគ្រាស ដែល​បាន​អនុវត្ត​កាតព្វកិច្ច​ទាំងនេះ បាន​ត្រឹមត្រូវ នឹង​ទទួលបាន​សារៈប្រយោជន៍ យ៉ាងច្រើន ដូចជា​តម្លាភាព នៃ​ការគ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ​, ភាពងាយស្រួល ក្នុងការ​ទទួលបាន​ឥណទាន ពី​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​, ការស្វែងរក​ដៃគូ​វិនិយោគ​ពី​បរទេស និង​ការជៀស​ផុតពី​ការពិន័យ ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ជាដើម​។​

​លោក​បាន​បន្តទៀតថា ច្បាប់​ស្តីពី “​គណនេយ្យ និង​សវនកម្ម​” មាន​ចំណុច​ជា​ឧ​ត្ត​ម​ប្រយោជន៍ និង​គុណសម្បត្តិ​ជាច្រើន ដូចជា ១)-​បង្កើន​តម្លាភាព និង​សុក្រឹតភាព នៃ​ឯកសារ​គណនេយ្យ និង​របាយការណ៍​ហិរញ្ញវត្ថុ របស់​សហគ្រាស ដែល​អាច​បង្កើន​នូវ​ជំនឿ​ទុកចិត្ត របស់​សាធារណជន លើ​សហគ្រាស ក៏ដូចជា ទំនុកចិត្ត​របស់​វិនិយោគិន​ក្នុងស្រុក និង​បរទេស​; ២)-​ជំរុញ​គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ នៃ​សហគ្រាស​; ៣)-​បង្កើន​គុណភាព និង​សមត្ថភាព ធនធានមនុស្ស ជា​គណនេយ្យករ និង​សវន​ករ និង​លើកកម្ពស់​វិជ្ជាជីវៈ​គណនេយ្យ និង​សវនកម្ម​; ៤)-​ជំរុញ​បន្ថែម និង​ទ្រទ្រង់​និរន្តរភាព នៃ​ទីផ្សារ​មូលធន ព្រមទាំង​បង្កលក្ខណៈ​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម មានលទ្ធភាព​ចូលរួម ក្នុង​ទីផ្សារ​មូលធន​; ៥)- ជួយ​ទ្រទ្រង់​នូវ​លទ្ធភាព ក្នុងការ​ទទួលបាន​ឥណទាន​, ៦)-​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការប្រមូល​ពន្ធ​ជូន​រដ្ឋ ៧)-​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​, ៨)-​ជា​មូលដ្ឋាន​ព័ត៌មាន ហិរញ្ញវត្ថុ​តែមួយគត់ ក្នុងការ​បង្ហាញ​របាយ​ការណ៍​ហិរញ្ញវត្ថុ ដើម្បី​ប្រកាស​ពន្ធ​។​

​លោក​បានស្នើ​ដល់ អង្គសិក្ខាសាលា​ទាំងមូល ឱ្យមាន​ការយកចិត្តទុកដាក់​ស្តាប់ ការធ្វើ​បទ​បង្ហាញ​របស់​វាគ្មិន ទៅតាម​ប្រធានបទ​នីមួយៗ និង​សូម​លើក​ជា សំណួរ ឬ​មតិយោបល់ ពាក់ព័ន្ធ​ផ្សេងៗ ជូន​វាគ្មិន ដើម្បី​ធ្វើការ​បកស្រាយ ឱ្យបាន​ច្បាស់លាស់ ជៀសវាង​ការអនុវត្ត​ខុស ដែលនាំឱ្យ​មានការ​ពិន័យ និង​ការដាក់ទណ្ឌកម្ម​ផ្សេងៗ ៕v