​ផ្អាក​បណ្តោះអាសន្ន​ទីតាំង​លក់​និង​បញ្ចូល​ហ្គ័ស​ធុង​និង​ហ្គ័ស​រថយន្ត​ចំនួន​២​ទៀត​

400
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាបៈ​កាលពី​ថ្ងៃ​ទី​២៧​ខែសីហា​ឆ្នាំ​២០១៩​លោក​លាង​ឆា​លី​អនុ​រដ្ឋ​លេ​ធិ​ការ​ក្រសួង​រ៉ែ​និង​ថាមពល​និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​និង​អធិការកិច្ច​សកម្មភាព​ក្នុង​វិស័យ​ប្រេងកាត​។​ជាមួយ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី​បាន​ចុះ​ពិនិត្យ​និង​ណែនាំ​ម្ចាស់​ទីតាំង​ស្ថានីយ​លក់​និង​បញ្ចូល​ហ្គ័ស​ធុង​-​រថយន្ត​ចំនួន​២​កន្លែង នៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប​។

​ក្រុមការងារ​បាន​ពិនិត្យឃើញ​ស្ថានីយ​លក់​និង​បញ្ចូល​ហ្គ័ស​ធុង​និង​រថយន្ត​ចំនួន​២​កន្លែង​នេះ​ពុំទាន់​រៀបចំ​ស្ថានីយ​ត្រូវ​តាម​ស្តង់ដារ​ដែល​បានកំណត់​ក្នុង​លិខិតបទដ្ឋាន​ជា​ធរមាន​។​ដោយ​ពិនិត្យឃើញ​ដូចនេះ ក្រុមការងារ​បាន​ផ្អាក​សកម្មភាព​បញ្ចូល​ផ្ទេរ​និង​ស្តុក​ទុក​ហ្គ័ស​ជា​បណ្តោះអាសន្ន​។​ដោយ​ត្រូវ​រើ​ឧបករណ៍​ផ្ទេរ​ហ្គ័ស​ចេញពី​ទីតាំង​ស្ថានីយ​ដែល​ស្ថិតនៅ​កៀក​នឹង​លំនៅស្ថាន​។​

​សមត្ថកិច្ច​បាន​ណែនាំ​ម្ចាស់​ទីតាំង​អាជីវកម្ម​ដាក់ពាក្យ​សុំ​លិខិតអនុញ្ញាត​និង​គោរព​តាម​លក្ខខណ្ឌ​និង​បទដ្ឋាន​បច្ចេកទេស​រួមទាំង​អនុលោម​តាមច្បាប់​ជា​ធរមាន​។​ទន្ទឹមនឹងនេះ​អាជ្ញាធរខេត្ត​សូម​អំពាវនាវ​ដល់​ម្ចាស់​ស្ថានីយ​ទាំងអស់​ក្នុង​ខេត្តសៀមរាប​សូម​ប្រកប​អាជីវកម្ម​ឱ្យមាន​ការសុំច្បាប់​ដែល​បានកំណត់​និង​សាងសង់​ស្ថានីយ​ទៅតាម​ស្តង់ដារ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​និង​ក្រសួង​រ៉ែ​និង​ថាមពល​ជៀសវាង​មានការ​កើត​ឧ​ប​ទ្ទេវ​ហេតុ​ណាមួយ​កើតឡើង​ជាយថាហេតុ ។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៩​កន្លងទៅនេះ​មាន​ហេតុការណ៍​ផ្ទុះ​ហ្គាស​ឆេះ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មួយកន្លែង​ស្ថិតនៅ​តាមផ្លូវ​លោកតា​ណឺ​យ​ក្នុងភូមិ​បន្ទាយ​ចាស់​សង្កាត់​ស្លក្រាម​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បណ្ដាលឱ្យមាន​អ្នករងរបួស​ចំនួន​១៣​នាក់ ក្នុងនោះ​ស្រី​ចំនួន​៣​នាក់ ៕S/

​រូបភាព​÷​ទីតាំង​ស្ថានីយ​លក់​និង​បញ្ចូល​ហ្គ័ស​ធុង​និង​រថយន្ត​ចំនួន​០២​កន្លែង​ទៀត​ត្រូវបាន​ផ្អាក​សកម្មភាព​បញ្ចូល ផ្ទេរ និង​ស្តុក​ទុក​ហ្គាស​ជា​បណ្តោះអាសន្ន​៕ បាយ័ន​