​ពង្រឹងសមត្ថភាព​ភ្នាក់ងារ​រៀបចំ​ឯកសារ​ក្នុងការ​នាំចេញ​នាំចូល​របស់​ក្រុមហ៊ុន​សហគ្រាស​

268
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​មន្ត្រី​ជំនាញ​ពាណិជ្ជកម្ម​បាន​ពង្រឹងសមត្ថភាព​របស់​ភ្នាក់ងារ​រៀបចំ​ឯកសារ​ក្នុងការ​នាំចេញ​នាំចូល​របស់​ក្រុមហ៊ុន​សហគ្រាស​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ​ជាពិសេស​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​ប៉ោយប៉ែត​។​សិក្ខាសាលា​ស្តីពី​វគ្គ​បណ្ដុះបណ្ដាល​អ្នកតំណាង​ស្របច្បាប់​ក្នុងការ​ស្នើសុំ​ឯកសារ​នាំចេញ​នាំចូល​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៩​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​កូ​(SANCOSEZ)​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

​ក្រោម​ការរៀបចំ​របស់​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ពាណិជ្ជកម្ម​និង​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​នាំចេញ​នាំចូល​នៃ​ក្រសួងពាណិជ្ជកម្ម​។​សិក្ខាកាម​ជាង​៣០​នាក់​មាន​មកពី​តំបន់​សេដ្ឋកិច្ច​ពិសេស​អូ​នាង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​កូ​តំណាង​ក្រសួងពាណិជ្ជកម្ម​ប្រចាំ​តំបន់​សេដ្ឋកិច្ច​ពិសេស​និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​វគ្គ​នេះ​មាន​រយៈពេល​១​សប្ដាហ៍​។

​លោក​គឹ​ង​វណ្ណៈ​អភិបាលរង​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា​:​វគ្គ​បណ្ដុះបណ្ដាល​នេះ​និង​ផ្ដល់នូវ​ចំណេះដឹង​ក៏ដូចជា​ការពង្រឹង​សមត្ថភាព​របស់​ភ្នាក់ងារ​រៀបចំ​ឯកសារ​ក្នុងការ​នាំចេញ​នាំចូល​របស់​ក្រុមហ៊ុន សហគ្រាស​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ​ជាពិសេស​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​ប៉ោយប៉ែត​។​

​លោក សួន វិជ្ជា​ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម​និង​ជា​ប្រធាន​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ​មានប្រសាសន៍ថាៈ​ក្រុង​ប៉ោយប៉ែត​ជាទី​ប្រជុំជន​នៅជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ជា​ច្រក​កូនសោរ​សេដ្ឋកិច្ច​មួយ​យ៉ាងសំខាន់​ក្នុង​វិស័យ​ពាណិជ្ជកម្ម​។​ក្រុង​និង​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ស្ថិតនៅ​ជាប់​និង​ស្រុក​អារញ្ញ​ប្រាថេត និង​ច្រកព្រំដែន​អន្តរជាតិ​ខ្លង​លឹក​ឬ​ស្ថិត​ក្នុងចំណោម​ច្រកទ្វា​ព្រំដែន​ចំនួន​៣​គឺ ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត ច្រក​តំបន់​ស្រុក​ម៉ាឡៃ និង​ច្រក​តំបន់​បឹង​ត្រកួន​ស្រុក​ថ្មពួក​។​

​លោក​បាន​បន្តថាៈ​ក្នុង​១​ថ្ងៃៗ​មាន​រថយន្ត​ធុន​ធ្ងន់​ដឹកទំនិញ​ពី​ថៃ​មក​កម្ពុជា​ប្រមាណ​៣០០​គ្រឿង និង​ភ្ញៀវទេសចរ​ខ្ទង់​២.០០០​នាក់ បាន​ឆ្លងកាត់​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត​នេះ​៕S/

​រូបថត : វគ្គ​ពង្រឹងសមត្ថភាព​ភ្នាក់ងារ​រៀបចំ​ឯកសារ​ក្នុងការ​នាំចេញ​នាំចូល​របស់​ក្រុមហ៊ុន សហគ្រាស​សម្រាប់​បែបបទ​ឆ្លងកាត់​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត (​រូប​: ភ្នំ​ស្វាយ​)​