​ពង្រឹង​ការហ្វឹកហាត់ មុន​ទៅ​ស៊ី​ហ្គេម​

259
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង កីឡា នា​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ បាន​ជួប​សំ​ណោះ​សំ​ណា​ល ជាមួយ​កីឡាករ កីឡាការិនី ដែល​ត្រូវ​ចេញទៅ ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម ឲ្យ​ពង្រឹង​ការហ្វឹកហាត់ បន្ថែមទៀត ។

លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង កីឡា

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា​នោះ​ថា ឆ្នាំ​២០១៩​នេះ មានការ​ប្រមូលផ្ដុំ​កីឡា ចំនួន​៣៤​ប្រភេទ ហើយ​មានតែ ៣១ ប្រភេទ​ប៉ុណ្ណោះ ដែល​ត្រូវ​បញ្ជូនទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន ។ ពួកគេ​ចាប់ផ្ដើម​ហ្វឹកហាត់ តាំងពី​ថ្ងៃទី​២៦ មេសា ដល់​ថ្ងៃទី​២៥ វិ​ច្ឆ​កា ទើប​បញ្ចប់ ។​

​ពួកគេ​ហ្វឹកហាត់ រយៈពេល ១៥៨ ថ្ងៃ ត្រូវជា ៩៤៨ ម៉ោង ហើយ​បានទទួល​ការហូបចុក រួមគ្នា ក្នុង​មួយថ្ងៃ ៣ ពេល នៅ​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា​។ ឆ្នាំនេះ កម្ពុជា បញ្ជូន​ប្រតិភូ​ចំនួន ៤០០ នាក់ ទៅ​ចូលរួម​ស៊ី​ហ្គេម ដែលមាន​កីឡា​ចំនួន ៣១ ប្រភេទ និង ១៧៦ វិញ្ញាសា ។​

ទិដ្ឋភាព​សំណេះសំណាល​

​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​កម្ពុជា បញ្ជូន ៣១ ប្រភេទ​កីឡា លើ ៣៤ វិញ្ញាសា ទៅ​ចូលរួម​ប្រកួត​បែបនេះ ដោយសារតែ​ប្រភេទ​កីឡា មួយចំនួន មិនមាន នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​នេះ ។​

​លោក ស សុខា បាន​ប្រាប់​ទៅ​គ្រូបង្វឹក កីឡាករ កីឡាការិនី​ថា ត្រូវ​ប្រុងប្រយ័ត្ន ពី​បញ្ហា​ដូ​ពីង (​សារធាតុ លើក​កម្លាំង ដែល​ហាម​មិន​ឲ្យ​ប្រើ នៅក្នុង​កីឡា​)​។ ប្រសិនបើ​យើង ប្រកួត​មាន​ចំណាត់ថ្នាក់ ហើយ​នោះ គណៈកម្មការ​ស៊ី​ហ្គេម ទទួលបន្ទុក​ដូ​ពីង គេ​ពិនិត្យមើល​ទឹកនោម​យើង​ភ្លាម​។​

​ប្រសិនបើ​ពិនិត្យ​មើលទៅ​ឃើញថា មាន​ដូ​ពីង​នោះ មិន​ត្រឹមតែ​គេ​ដកយក មេដាយ​វិញ​ប៉ុណ្ណោះ​ទេ តែ​កេរ្តិ៍ និង​កិត្តិយស​ជាតិ ត្រូវ​ធ្លាក់ចុះ មិនតែប៉ុណ្ណោះ អត្ត​ព​លិ​ក​រូបនេះ ត្រូវគេ​ដាក់ពិន័យ មិន​ឲ្ត​លេង​កីឡា រយៈពេល ១០ ឆ្នាំ​ទៀតផង ។​

​លោក​ព្រមាន​ថា សហព័ន្ធ​ជាតិ​ទាំងអស់ ត្រូវតែ​ហ៊ាន​កាត់​សាច់​ស្អុយ​ចោល ប្រសិនបើ​អ្នកនោះ ខ្ជិល​ហ្វឹកហាត់ ឬ​មាន​សារធាតុ​ដូ​ពីង​ក្នុង​ខ្លួន​។ លោក​រដ្ឋលេខាធិការ ក៏បាន​សំណូមពរ ឲ្យ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ជួយ​រៀបចំ​អាហារ​បែប​ហ្វីលីពីន ដល់​កីឡាករ កីឡាការិនី​កម្ពុជា ដើម្បី​ឲ្យ​គេ​បាន​ស្គាល់ និង​ស៊ាំ​ជាមួយ​ម្ហូប​ហ្វីលីពីន ធ្វើបែបនេះ ដើម្បី​កុំ​ឲ្យ​កីឡាករ​-​កីឡាការិនី​កម្ពុជា យក​អាហារ​ពី​ស្រុក​ខ្មែរ ទៅ​ដូចជា​ត្រីងៀត ឆៃប៉ូវ និង​ម្ហូប​ផ្អាប់​ដទៃទៀត ដែល​មិន​មានគុន​ប្រយោជន៍​សម្រាប់​កម្លាំង ។​

​លោក ស សុខា បាន​ចាត់ទុកថា ស៊ី​ហ្គេម “SEA GAMES 2019” លើក​ទី​៣០ ឆ្នាំ​២០១៩ និង​លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម គឺជា​ការសាកល្បង សមត្ថភាព​ដ៏​សំខាន់ សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។ លោក​បាន​សំណូមពរ ឲ្យ​កីឡាករ​កីឡាការិនី កុំ​លេង​ទូរស័ព្ទ នៅពេល​យប់​ច្រើន ក្នុងអម្លុងពេល​ទៅ​ស៊ី​ហ្គេម សម្រាប់​ករណីនេះ គ្រូបង្វឹក មន្ត្រី​ដឹកនាំ​កីឡាករ ត្រូវតែ​ពិនិត្យមើល​រឿងនេះ ឲ្យ​មែនទែន ៕v