​ពង្រឹង​សណ្តាប់ធ្នាប់​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដើម្បី​គុណភាព​

227
ចែករម្លែក

ដោយ បូកគោ​/​កំ​ពតៈ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​និង​រៀបចំ​សណ្ដាប់ធ្នាប់​ឱ្យបាន​ល្អប្រសើរ​ក្នុង​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នាពេលខាងមុខ​។​ទាំង​ក្នុង​ក៏ដូចជា​ខាងក្រៅ​បរិវេណ​មណ្ឌល​ដែលជា​កត្តា​សំខាន់​ដើម្បី​ទទួលបាន​នូវ​លទ្ធផល​ប្រកបដោយ​គុណភាព​និង​យុត្តិធម៌​សម្រាប់​បេក្ខជន​ជ័យលាភី​។​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩

​លោក​ជាវ​តា​យ​អភិបាល​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពត​បា​ន​មានប្រសាសន៍ថា​អាជ្ញាធរ​គ្រប់លំដាប់​ថា្នក់​ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ​និង​មន្ត្រី​ពាក់ព័ន្ធ​នានា​ត្រូវ​ត្រៀមលក្ខណៈ​ដើម្បី​រួមសហការ​ក្នុង​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ថ្ងៃទី​១៩-២០ ខែសីហា ឆ្នាំ​២០១៩​ខាងមុខ បំណង​ទទួលបាន​នូវ​លទ្ធផល​វិជ្ជមាន​ទាំងអស់គ្នា​។

ការ​អនុវត្តបាន​ត្រឹមត្រូវ​ស្របតាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ក៏ដូចជា​ក្រសួង​អប់រំ​លើ​កិច្ចការងារ​សន្តិសុខ​សុវត្ថិភាព​និង​សណ្ដាប់ធ្នាប់​ទាំង​នៅក្នុង​និង​ក្រៅ​បរិវេណ​នៃ​មណ្ឌល​ប្រឡង​នឹង​នាំឱ្យ​សង្គមជាតិ​ទទួលបាន​បេក្ខជន​ជា​ជ័យលាភី​ពោរពេញ​ដោយ​គុណភាព និង​យុត្តិធម៌ ពិតៗ​។
​លោក​ប្រធាន​គណៈបញ្ជាការ​បាន​បន្ត​ថា​ជាមួយនេះ មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ជំរុញ​ដល់​បេក្ខជន ឬ​មន្ត្រី​បម្រើ ការប្រឡង​ឱ្យចូល​រួម​ទប់ស្កាត់​រាល់​បាតុភាព​មិន​ប្រក្រតី​ទាំងឡាយ​ដែល​អាច​នឹង​បង្ក​ភាពអនាធិបតេយ្យ ក៏ដូចជា​រូបភាព​បែប​អវិជ្ជមាន​ណាមួយ​នោះ​។ លើសពីនេះ ការត្រៀម​ជួយសង្គ្រោះ​ទាំង​បេក្ខជន ទាំង​អ្នកពាក់ព័ន្ធ ក្នុងករណី​គ្រោះថ្នាក់ ឬ​ការឈឺ​ថ្កាត់​ដោយ​ចៃដន្យ​ក៏​ជា​បញ្ហា​មិនអាច​មើលរំលង ឬ​ធ្វេសប្រហែស​បានឡើយ​។​

​សូមបញ្ជាក់ថា សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩​នៅ​ទូទាំង​ខេត្តកំពត​មាន​ចំនួន​១០​មណ្ឌល​ស្មើនឹង​២១១​បន្ទប់​។​ក្នុងនោះ​ក្រុង​កំពត​មាន​ប្រាំបី​មណ្ឌល គឺ​មណ្ឌល​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​កំពត​ក្រុង​, មណ្ឌល​សាលាបឋមសិក្សា​កំពត​ក្រុង​, មណ្ឌល​សាលា​គរុកោសល្យ​និង​វិ​ក្រឹ​ត​ការ​,​។​

​មណ្ឌល​សាលាបឋមសិក្សា​សម្តេច​តា​,​មណ្ឌល​វិទ្យាល័យ​ព្រះរាជ​សម្ភារ​,​មណ្ឌល​អនុវិទ្យាល័យ​ឌី​ប៉ុក​មហា​សាមគ្គី​,​មណ្ឌល​សាលាបឋមសិក្សា​ហ៊ុនសែន​១​មករា​និង​មណ្ឌល​អនុវិទ្យាល័យ​ហ៊ុនសែន​ក្រាំង​អំពិល​។ ចំណែក​ស្រុក​ទឹកឈូ​មាន​ពីរ​មណ្ឌល គឺ​មណ្ឌល​វិទ្យាល័យ​ហ៊ុនសែន​ត្រ​សេក​កោង និង​មណ្ឌល​អនុវិទ្យាល័យ​ហ៊ុនសែន​ជុំ​ក្រៀល​៕S/