​ពន្យល់​រឿង​បញ្ជី​ឈ្មោះ​ប្រធាន​អនុប្រធាន​និង​ចៅក្រម​ត្រូវ​ដល់​វេន​ផ្លាស់ប្តូរ

560
ចែករម្លែក
  • 651
    Shares

ដោយ​៖​មុនី​រ័ត្ន​/​ភ្នំពេញ​៖​លោក​សំ​ប្រជាមានិត​អគ្គម​លេខាធិការ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​ពន្យល់​អំពី​បញ្ជី​ឈ្មោះ​ប្រធាន​អនុប្រធាន​និង​ចៅក្រម​នៅតាម​រាជធានី​-​ខេត្ត​មួយចំនួន​ត្រូវ​ដល់​វេន​ផ្លាស់ប្តូរ​នៅក្នុង​ឆ្នាំ​២០១៨ គឺ​មិនមែនជា​ការផ្លាស់ប្តូរ​នោះទេ​។​

​បញ្ជី​ស្ថិតិ​នេះ​គឺ​ដើម្បី​ឲ្យ​សា​ម៉ី​ខ្លួន​បាន​ជ្រាប​និង​ដាក់ពាក្យ​ស្នើសុំ​ទៅ​បំពេញការងារ​នៅ​កន្លែង​ថ្មី​។​ប៉ុន្តែ​ការសម្រេច​យ៉ាងណា​នោះ​ស្ថិតនៅក្នុង​សមត្ថកិច្ច​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។​រហូតមកដល់​ពេលនេះ​មិនទាន់​មានការ​ការសម្រេច​នៅឡើយ​ទេ​។​

ការពន្យល់​របស់​អគ្គ​ម​លេខាធិការ​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​បាន​ធ្វើឡើង​បន្ទាប់​ពីសារ​ព័​ត៍​មាន​ក្នុងស្រុក​មួយចំនួន​និង​បណ្តាញ​សង្គម​បានធ្វើការ​បកស្រាយ​ខុសពី​ការពិត និង​ទាញហេតុផល​ទៅជា​រឿង​ផ្សេង​ទៅវិញ​។​

​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បានបង្ហាញ​បញ្ជី​ឈ្មោះ ប្រធាន អនុប្រធាន និង​ចៅក្រម នៅតាម​រាជធានី​-​ខេត្ត​មួយចំនួន​ត្រូវ​ដល់​វេន​ផ្លាស់ប្តូរ​នៅក្នុង​ឆ្នាំ​២០១៨​។​ក្នុងនោះ​មាន​ប្រធាន​សាលាដំបូង​រាជធានី ខេត្ត សរុប​ចំនួន ១២​រូប អនុប្រធាន​ចំនួន ៤​រូប​និង​ចៅក្រម​ចំនួន​២៥​រូប​ដូច្នេះ​សរុប​៤១​រូប​។ នេះ​បើ​យោង​បញ្ជី​ស្ថិតិ​ចំនួន ប្រធាន អនុប្រធាន ចៅក្រម ដែល​ដល់​វេន​ត្រូវ​ផ្លាស់ប្ដូរ ក្នុង​ឆ្នាំ​២០១៨ ចុះ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ ដែល​ទើប​ធ្លាក់​ដល់ដៃ​អ្នកកាសែត​។​

​លោក​សំ ប្រជាមានិត អគ្គម​លេខាធិការ​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ថា នេះ​មិនមែនជា​ការផ្លាស់ប្តូរ​ទេ គឺ​គ្រាន់តែ​ជា​បញ្ជី​ស្ថិតិ​ចំនួន ប្រធាន អនុប្រធាន ចៅក្រម ដែល​ដល់​វេន​ត្រូវ​ផ្លាស់ប្ដូរ ក្នុង​ឆ្នាំ​២០១៨​។

​រៀងរាល់​ដាច់​ឆ្នាំ គឺ​ខាង​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម ត្រូវ​រៀបចំ​បញ្ជី​ស្ថិតិ​ប្រធាន អនុប្រធាន ចៅក្រម ដែល​ដល់​វេន មានន័យថា ជាការ​ងារ​ផ្ទៃក្នុង​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម ហើយ​ដែល​ជូនដំណឹង​ទៅដល់​ចៅក្រម ព្រះរាជអាជ្ញា​ទាំងអស់​ដែល​ដល់​វេន​ឲ្យ​គាត់​បានដឹងថា គាត់​បាន​បំពេញការងារ​នឹង​លើសពី​៤​ឆ្នាំ​ហើយ ដើម្បី​ឲ្យ​សា​ម៉ី​ខ្លួន​បាន​ជ្រាប និង​ដាក់ពាក្យ​ស្នើសុំ​ទៅ​បំពេញការងារ​នៅ​កន្លែង​ថ្មី ។ប៉ុន្តែ​ការសម្រេច​យ៉ាងណា​នោះ​វា​ស្ថិតនៅក្នុង​សមត្ថកិច្ច​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​។ ហើយ​រហូតមក​ដល់ពេលនេះ មិនទាន់​មានការ​ការ​សម្រេច​នៅឡើយ​ទេ​។​

លោក​បាន​បញ្ជាក់ថា “​នេះ​មិនមែនជា​ការផ្លាស់ប្តូរ​ទេ ជា​បញ្ជី​ស្ថិតិ​អ្នក​ដែល​ដល់​វេន ហើយ​គាត់​អាចដាក់​ពាក្យ​បាន​សុំ​ទៅ​ខេត្ត​នេះ ខេត្ត​នោះ បន្ទាប់មក​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម នឹង​យកមក​ពិនិត្យ ហើយ​វា​ជា​សមត្ថកិច្ច​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​ទេ ផ្លាស់ ឬ​មិន​ផ្លាស់​នោះ ក្នុងន័យ​តែ​ប៉ុណ្ណឹង មិនមាន​ការផ្លាស់ប្តូរ​ឯណា បើ​ផ្លាស់ប្តូរ​យើង​ចេញ​ជា​ឈ្មោះ​ហើយ ចេញ​ជា​ព្រះរាជក្រឹត្យ​ហើយ អា​នឹង​បាន​គេ​ហៅថា​ផ្លាស់ តែ​នេះ​គ្រាន់តែ​បញ្ជី​ស្ថិតិ​អ្នក​ដែល​ដល់​វេន​ទេ​”​។​

យោងតាម​បញ្ជី​ស្ថិតិ​ចំនួន ប្រធាន អនុប្រធាន ចៅក្រម ដែល​ដល់​វេន​ត្រូវ​ផ្លាស់ប្ដូរ ក្នុង​ឆ្នាំ​២០១៨​បាន​បង្ហាញថា ប្រធាន អនុប្រធាន និង​ចៅក្រម ដែល​ដល់​វេន​ត្រូវ​ផ្លាស់ប្តូរ មានដូចជា ១.​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រធាន​ចំនួន​១​រូប អនុប្រធាន​ចំនួន​៤​រូប និង​ចៅក្រម​ចំនួន​៦​រូប​។ ២. សាលាដំបូង​ខេត្តកណ្តាល ប្រធាន​ចំនួន​១​រូប និង​ចៅក្រម​ចំនួន​៥​រូប​។ ៣. សាលាដំបូង​ខេត្តកំពង់ចាម ប្រធាន​ចំនួន​១​រូប និង​ចៅក្រម​ចំនួន​១​រូប​។

៤. សាលាដំបូង​ខេត្តស្ទឹងត្រែង ប្រធាន​ចំនួន​១​រូប​។ ៥. សាលាដំបូង​ខេត្ត​រតនគីរី ប្រធាន​ចំនួន​១​រូប​។ ៦. សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី ប្រធាន​ចំនួន​១​រូប​។ ៧. សាលាដំបូង​ខេត្តកំពង់ឆ្នាំង ប្រធាន​ចំនួន​១​រូប និង​ចៅក្រម​ចំនួន​១​រូប​។ ៨. សាលាដំបូង​ខេត្តពោធិ៍សាត់ ចៅក្រម​ចំនួន​២​រូប​។ ៩. សាលាដំបូង​ខេត្តបាត់ដំបង ប្រធាន​ចំនួន​១​រូប និង​ចៅក្រម​ចំនួន​២​រូប​។

១០. សាលាដំបូង​ខេត្តបន្ទាយមានជ័យ ប្រធាន​ចំនួន​១​រូប និង​ចៅក្រម​ចំនួន​៣​រូប​។ ១១. សាលាដំបូង​ខេត្តសៀមរាប ប្រធាន​ចំនួន​១​រូប​។ ១២. សាលាដំបូង​ខេត្តព្រះវិហារ ប្រធាន​ចំនួន​១​រូប​។ ១៣. សាលាដំបូង​ខេត្តកំពង់ស្ពឺ ចៅក្រម​ចំនួន​១​រូប​។ ១៤. សាលាដំបូង​ខេត្ត​ព្រះសីហនុ ចៅក្រម​ចំនួន​១​រូប​។

១៥. សាលាដំបូង​ខេត្តកំពង់ធំ ចៅក្រម​ចំនួន​១​រូប​។ ១៦. សាលាដំបូង​ខេត្តកោះកុង ប្រធាន​ចំនួន​១​រូប​។ ១៧. សាលាដំបូង​ខេត្តតាកែវ ចៅក្រម​ចំនួន​១​រូប​។ ១៨. ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង ចៅក្រម​ចំនួន​១​រូប​៕S/​សរន