​ពលករ​ខ្មែរ​នៅ​កូរ៉េ​៤​រូប​រួមគ្នា​បោះទុន​៥០​ម៉ឺន​ដុល្លារ​វិនិយោគ​លើ​វិស័យ​ដីធ្លី​នៅ​តំបន់​ជាយក្រុង​

2007
ចែករម្លែក
  • 812
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​ពលករ​ទើប​ចប់​អា​ណ្ត​តិ​ពី​ប្រទេស​កូរ៉េ​២​រូប​និង​ពលករ​កាន់​ប្រភេទ​វី​សា​ជំនាញ​កំពុង​បំពេញការងារ​នៅ​ប្រទេស​កូរ៉េ ២​រូប​ទៀត បាន​សហការគ្នា​បោះទុន​សរុប​ជា​ទឹកប្រាក់ ៥០​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​ដី​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ​។​ពួកគាត់​ចាប់ផ្តើម​ពុះ​ជា​ដី​ឡូ​តិ៍​តូចៗ​លក់​ជូន​មហាជន​ទូទៅ ហើយ​។ ទន្ទឹមនឹងនេះ​ពួកគាត់​ក៏បាន​បង្កើតជា​ក្រុមហ៊ុន​អចលនទ្រព្យ​ឈ្មោះ ក្រុមហ៊ុន​ភូមិឋាន​សួស្តី​។​

​ស្ថាបនិក​ក្រុមហ៊ុន​ភូមិឋាន​សួស្តី ទាំង ៤​រូបនេះ មាន ៖​លោក​សុខ សៀង​ឌី និង លោក​សេង គឹម​ឡែ​ន ជា​ពលករ​កាន់​វី​សា​ជំនាញ​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ​និង​លោក វ៉ាន់ សុខ​ហេង និង​លោក កេ​ត វុ​ធ​ដុង ជា​អតីត​ពលករ​ស្របច្បាប់ ធ្លាប់បាន​បំពេញការងារ​នៅ​ប្រទេស​កូរ៉េ​។​

​នៅក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន​ភូមិឋាន​សួស្តី​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៨ លោក សុខ សៀង​ឌី បាន​និយាយថា​គោលបំណង​ក្នុង​ការបង្កើត​ក្រុមហ៊ុន​ភូមិឋាន​សួស្តី ដែលមាន​ទីតាំង​នៅក្នុង​ឃុំ​វាល​ពន់ ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​។​គឺ​ដោយសារ​ធ្លាប់មាន​ប្រវត្តិ​លំបាក​តស៊ូ​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ​និង​ចង់​ប​ម្លែ​ង​ខ្លួន​ពី​ពលករ​ទៅជា​សហគ្រិន​និង​មើលឃើញ​ពី​សក្តានុពល​វិស័យ​អចលនទ្រព្យ​កំពុងមាន​សន្ទុះ​កើនឡើង​។​

ជាពិសេស​ការ​ពុះ​ដី​ឡូ​តិ៍​នៅ​តំបន់​ជាយក្រុង​មានការ​រីកចំរើន​លឿន​និង​តម្រូវការ​ខ្ពស់​ព្រមទាំង​ចង់បង្ហាញ​ដល់​ពលករ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​និង​ប្រទេស​ផ្សេងៗ​ទៀត​ឲ្យ​យល់ដឹង​ពី​របៀប​ទិញ​ដី​ទុក​សម្រាប់​ជា​តម្រូវការ​ផ្ទាល់ខ្លួន​ទៅ​ថ្ងៃ​អនាគត ឬ​លក់ដូរ​យកចំណេញ​ដោយមាន​សុវត្ថិភាព​។​

​លោក​សៀង​ឌី​បាន​ឱ្យដឹងទៀតថា​ការទិញ​ដី​ទុក​គឺជា​វិធី​សន្សំ​លុយ​តិចតួច​តែ​ទទួលបាន​ភាគលាភ​ធំ​យ៉ាងពិត​ប្រាកដ​និង​ជា​វិធី​ជៀសវាង​យកប្រាក់​ដែល​ខ្លួន​មាន​ទៅ​ប្រកបមុខរបរ​ផ្សេងទៀត​ដែល​ខ្លួន​ពុំទាន់​មានបទពិសោធន៍​និង​មានការ​ប្រកួតប្រជែង​ច្រើន​រហូត​ឈានទៅ​ធ្វើ​ឲ្យ​យើង​ខាតបង់​ថវិកា​នោះ​នៅ​ថ្ងៃ​ណាមួយ​។​

​ចំណែក លោក​សេង គឹម​ឡែ​ន បាន​លើកឡើងថាៈ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ក្រៅពី​ការទិញ​-​លក់​ដី​នេះ នៅពេល​អនាគត​ក្រុមហ៊ុន​ភូមិឋាន​សួស្តី​នឹង​ផ្តោតទៅលើ​ការសាងសង់​លំនៅឋាន​បុរី​ខុន​ដូ​សម្រាប់​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​អតិថិជន​។​ជំហាន​បន្ទាប់​ក្រុមហ៊ុន​ភូមិឋាន​សួស្តី​ក៏​ចង់​នាំយក​ផលិតផល​កសិកម្ម​ក្នុងស្រុក​របស់​កម្ពុជា​ទៅ​លក់​នៅ​ប្រទេស​កូរ៉េ​និង​ប្រទេស​ផ្សេងៗ​ផងដែរ​។​

​ចំណែក​បេសកកម្ម​របស់​ក្រុមហ៊ុន​គឺ​ស្វែងរក​ទីតាំង​ដី​ល្អៗ​ដែលមាន​សក្តានុពល​ហើយ​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​,​ចែករំលែក​បទពិសោធ​ន៍​និង​ការ​សន្សំ​ប្រាក់​ក្នុងនាម​ពលករ​ឆ្លងដែន​។​ពួកយើង​បង្កើតជា​ក្រុមហ៊ុន​ថ្មី​នេះ​ឡើង​ដើម្បី​ជា​កន្លែង​បងប្អូន​ពលករ​យើង​ងាយស្រួល​ក្នុងការ​ចូលរួម​ដាក់ទុន​វិនិយោគ​តិចៗ​(​ដូច​ជាការ​សន្សំ​ប្រាក់​ផ្ទាល់ខ្លួន​)​។​ប៉ុន្តែ​វា​នឹង​ទទួលបាន​ប្រាក់ចំណេញ​ច្រើន​។​

​ក្រុមហ៊ុន​របស់​យើង​មិន​ផ្តោត​តែ​លើ​ពលករ​នៅ​កូរ៉េ​ប៉ុណ្ណោះ​ទេ​គឺ​យើង​ផ្តោតទៅលើ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​រួមទាំង​បងប្អូន​កម្មករ​រោងចក្រ​និង​បងប្អូន​ខ្មែរ​យើង​ដែលមាន​ប្រាក់​បៀរ​វត្ស​ន៍​ប្រចាំខែ​ចាប់ពី​១០០​ដុល្លារ​ឡើង​ក៏​អាចមាន​ឱកាស​ទិញ​ដី​ក្នុង​គម្រោង​បានដែរ​។​ពួកគេ​ក៏​អាច​វិនិយោគ​និង​ទិញ​ដី​ទុក​លក់​ចំណេញ​ចំពោះ​បងប្អូន​ដែលមាន​បទពិសោធ​យល់ដឹង​ក្តី​និង​មិនមាន​បទពិសោធ​ក្តី​អាច​មានឱកាស​រៀនសូត្រ​ពី​វិស័យនេះ​បាន​ផងដែរ​។​

​លោក​វ៉ាន់​សុខ​ហេង​ដែលជា​ស្ថាបនិក​ក្រុមហ៊ុន​ភូមិឋាន​សួស្តី​ដែរនោះ​បានឱ្យដឹងថា​៖​ពួកគាត់​ទាំង​៤​រូប​មាន​វ័យ​ខុសគ្នា​មាន​ភូមិកំណើត​ផ្សេងៗ​គ្នា​កម្រិតវប្បធម៌​ខុសគ្នា​ការងារ​ផ្សេងគ្នា​ប៉ុន្តែ​ពួកគាត់​មាន​ឈាមជ័រ​ជា​ខ្មែរ​តែមួយ​និង​មាន​គោលបំណង​ដូចគ្នា​គឺ​ចង់​មាន​ក្រុមគ្រួសារ​រស់​ដោយ​សុខសាន្ត​ក្រោម​ដំបូលផ្ទះ​ដែល​កើតចេញពី​កម្លាំង​ញើស​ឈាម​របស់ខ្លួន​ពិតៗ​។

​ពួកគាត់​ទាំង ៤​រូប មិន​ធ្លាប់​ស្គាល់គ្នា​ពីមុនមក​ទេ ដោយសារ​ជីវភាព​ទើប​ពួកគាត់​សម្រេចចិត្ត ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ហើយ​ស្គាល់គ្នា​រាប់អាន​ក្នុងនាម​ជនរួមជាតិ​តែមួយ​នៅ​ទីនោះ​(​ប្រទេស​កូរ៉េ​)​។​

ជា​ចៃដន្យ​ក្នុងចំណោម​ស្ថាបនិក​ទាំង​៤​នាក់​នោះ​មាន​ពួកគាត់​ខ្លះ​ទទួលបាន​បទពិសោធន៍​ផ្នែក​អចលនទ្រព្យ​ខ្លះៗ​ដោយសារ​មាន​ក្រុមហ៊ុន​អ​ចនទ្រ​ព្យ​នៅ​កម្ពុជា​ធ្លាប់​ទាក់ទង​ឲ្យ​ពួកគាត់​ធ្វើជា​បុគ្គលិក​លក់​ដី​ឲ្យ​ពួកគេ​។ តាមរយៈ​កិច្ច​ការលក់​ដី​ឲ្យ​គេ​នេះ​ពួកគាត់​ទទួលបាន​ប្រាក់កម្រៃ​គួរសម​និង​ឃើញ​មានឱកាស​ច្រើន ទើប​ធ្វើ​ឲ្យ​ពួកគាត់​មានគំនិត​ចង់​រកស៊ី​ផ្នែក​នេះ​(​អចលនទ្រព្យ​។​

​ទន្ទឹម​ពេលដែល​ជួយ​បំពេញការងារ​ទាំងនេះ ពួកគាត់​បាន​សន្សំ​លុយ​ពី​ធ្វើការ​(​ពលករ​នៅ​កូរ៉េ​) និង​រួមជាមួយ​ចំណូល​ពី​កម្រៃ​នៃ​ការងារ​លក់​អន​ទ្រព្យ​ឲ្យ​ក្រុមហ៊ុន​នៅ​ខ្មែរ​ផង​ពួកគាត់​ក៏បាន​ឆ្លៀត​ទិញ​ដី​ក្នុង​គម្រោង​របស់គេ​ទុក​ប្រហែល​ពីរ​ទៅ​បី​ឆ្នាំ​ចុងក្រោយ​នេះ​តម្លៃ​ដី​ដែល​គាត់​បាន​ទិញ​ដោយ​ប្រាក់​សន្សំ​នោះបាន​កើនឡើង​លឿន​ហួស​ពី​ការ​ស្មាន។​​

ពួកគាត់​សម្រេចចិត្ត​លក់​ដី​នោះ​ខ្លះ​ធ្វើជា​ដើមទុន​បន្ថែម​។​ចាប់ពីពេលនោះ​មក​ពួកគាត់​សម្រេចចិត្ត​ទិញ​ដី​ទុកជា​ពិសេស​ដី​នៅ​តំបន់​ជាយក្រុង​ព្រោះ​វា​មាន​សក្តានុពល​ខ្លាំង និង​លក់​វិញ​បាន​ក្នុងតម្លៃ​ខ្ពស់​ចំណេញ​ច្រើន​។​

​ពួកគាត់​យល់ឃើញថា សម្រាប់​ពលករ​កូរ៉េ ១​អាណ​តិ្ត​មាន​រយៈពេល ៤​ឆ្នាំ​១០​ខែ​ប្រាក់ខែ​ដែល​សន្សំ​បាន ត្រូវមាន​ទិសដៅ​ច្បាស់លាស់ និង​មិនត្រូវ​យ​ក្ត​ទៅ​វិនិយោគ​ចំពោះ​របរ​ណា​ដែល​យើង​មិន​ច្បាស់លាស់ ។ ក្នុង​មួយ​អាណ​តិ្ត​នៃ​ការធ្វើការ​នៅ​ប្រទេស​កូរ៉េ ពលករ​ម្នាក់ៗ​អាច​សន្សំ​ប្រា​ក់បាន​ពី ៤​ទៅ ៦​ម៉ឺន ដុល្លារ តែប៉ុណ្ណោះ​។​ប៉ុន្តែ​បើ​ពួកគាត់​យកប្រាក់​ទាំងនោះ​ទៅធ្វើ​ការវិនិយោគ​លើដី​ធ្លី​នៅ​ជាយក្រុង​ជាមួយ​ពួកយើង​នោះ​តម្លៃ​ដី​និង​មានការ​កើនឡើង​ទ្វេ​រដង ឬ​ប្រហាក់ប្រហែល​និង​ការ​សន្សំ​ប្រាក់​បាន​ពី​ចន្លោះ​ពី​១០ ទៅ​១៥​ម៉ឺន​ដុល្លារ​យ៉ាងតិច​។

​លោក​វ៉ាន់​សុខ​ហេង​បាន​បន្តថា​ពួកគាត់​ទាំង​៤​រូប​បាន​សិក្សា​ពី​គម្រោង​នីមួយៗ​ច្បាស់លាស់​ផងដែរ​មុននឹង​ធ្វើការ​សម្រេចចិត្ត​ទិញ​ដើម្បី​ជៀសវាង​ការចាញ់បោក​គេ​ដោយ​ប្រកា​ណាមួយ​។​ចំពោះ​ទុន​ដែល​បើក​ក្រុមហ៊ុន​នៅពេលនេះ​គឺ​ពួកគាត់​បានមកពី​ការ​សន្សំ​ប្រាក់ខែ​ដែល​ធ្វើការ​ជា​ពលករ​នៅ​ប្រ​កូរ៉េ​ផង​និង​បានមកពី​ការលក់​ដី​ដែល​បាន​ទិញ​ទុក​ក្នុង​គម្រោង​កាលពី​មិនទាន់​ចប់​អណ្ត​តិ​និង​កា​រួមគ្នា​បណ្តាក់ទុន​ពី​ពលករ​នៅ​ប្រទេស​កូរ៉េ ដែល​ស្រលាញ់​វិស័យ​អចលនទ្រព្យ​នេះ​ដូចគ្នា​។​

​សហ​ស្ថាបនិក​លោក​កេ​ត​ដុត​ដុង​បាន​លើកឡើងថា​មូលហេតុ​ដែល​ជ្រើស​យក​ទីតាំង​នៅតាម​ជាយក្រុង​បែបនេះ គឺ​យើង​ពិនិត្យឃើញថា ជាទី​តាំង​ដែលមាន​សក្តានុពល​ខ្លាំង និង​តំបន់​ដែល​ត្រៀម​នឹង​អភិវឌ្ឃន៍ ជិត​ផ្លូវជាតិ​លេខ​៤៤​មាន​ប្រព័ន្ធ​ភ្លើង​ចូលដល់​និង​មាន​គម្រោង​អភិវឌ្ឃន៍​ធំៗ​ជាច្រើន​។​បន្ទាប់ពី​បញ្ចប់​ការលក់​គម្រោង​ទីមួយ​ដែល​ត្រូវបាន​សម្ពោធ​ក្នុង​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​ពួកយើង​នឹងមាន​បើក​លក់​គម្រោង​ជា​បន្តបន្ទាប់​។​

​ចំពោះ​គម្រោង​ទី​១​មាន​ទីតាំងនៅ​ក្នុងភូមិ​ដុំ​ខ្វិត​ឃុំ​វាល​ពន់​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ និង​មាន​ទំហំ​ដី​១​ហិកតា​៦០​អា​។​គម្រោង​នេះ នឹង​ស្ថាបនា​ផ្លូវ​បេតុង​ទទឹង​១០​ម៉ែត្រ មាន​ប្រព័ន្ធ​លូទឹក​ភ្លើង​មាន​ខ្យូ​ស​សម្រាប់​អង្គុយលេង​មាន​អាហារ​ដ្ឋា​ន​និង​កន្លែង​ចត​ឡានធំ​ទូលាយ​។​

​គម្រោង​នេះ​ជា​ប្រភេទ​ឡូ​តិ៍​លំនៅដ្ឋាន​ផ្ទះល្វែង​វីឡា​សហគ្រាស​ឬ​សិប្បកម្ម​។​ក្នុង​មួយ​ឡូ​តិ៍​តម្លៃ​ចាប់បី​ពាន់​ទៅ​៤​ពាន់​ដុល្លារ​តាម​ទំហំ​ដី​។​លោក​បាន​អះអាងថាៈ​ដី​ទាំងអស់​សុទ្ធ​តែមាន​ប្លង់រឹង​និង​ប្លង់​ទន់​ស្របច្បាប់​និង​ទទួលស្គាល់​ស្គា​ល់ពី​អាជ្ញាធរ​មូលដ្ឋាន​និង​ស្ថាប័ន​ជំនាញ​៕S/

ចំណងជើង​រូបថត​៖​ក្រុមហ៊ុន​អចលនទ្រព្យ​ភូមិឋាន​សួស្តី ដែលជា ស្នាដៃ​របស់​ពលករ​ខ្មែរ​នៅ​កូរ៉េ បាន​ត្រូវ​បើកសម្ពោធ​កាលពី​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៨(​រូប សុផល​)