​ពលរដ្ឋ​កោះកុង​ពេញចិត្ត​ពេល​មាន​ការិយាល័យ​ផ្តល់​សេវា​លិខិតឆ្លងដែន​

1189
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកោះកុង​បាន​ពេញចិត្ត​យ៉ាងខ្លាំង​ពេល​មាន​ការិយាល័យ​ផ្តល់​សេវា​លិខិតឆ្លងដែន​ខណៈ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​បើកទ្វារ​ដំណើរការ​សាខា​ផ្តល់​សេវា​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី​នៅក្នុង​មូលដ្ឋាន​ខេត្ត​ជាប់​ព្រំដែន​ថៃ​។​

​លែង​ព្រួយបារម្ភ​ដូច​មុន​ទៀតហើយ​ចំពោះ​ការចំណាយ​ពេលវេលា​និង​ថវិកា​ទៅធ្វើ​លិខិតឆ្លងដែន​នៅ​រាជធានី​ភ្នំពេញ​របស់​ប្រជាពលរដ្ឋ​អ្នក​ខេត្តកោះកុង​។​នៅ​ថ្ងៃទី​៦​ខែមិថុនា​នេះ​សមត្ថកិច្ច​ជំនាញ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​បើកទ្វារ​សាខា​ការិយាល័យ​ផ្តល់​សេវា​លិខិតឆ្លងដែន​នៅ​ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង​។​ក្រៅពី​ពលរដ្ឋ​អ្នក​កោះកុង​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​និង​ខេត្តពោធិសាត់​ក៏​អាចមក​ទទួល​សេវា​បានដែរ​។​

​លោក តាំង សារ៉ាន និង​កញ្ញា សុខ ចាន់​ធា​រី ប្រជាពលរដ្ឋ​ដែល​ទៅ​ទទួល​សេវា​ធ្វើលិខិត​ឆ្លង​ដែរ ក្នុង​ក្រុង​ខេមរភូមិន្ទ បង្ហាញ​ការ​សាទរ​យ៉ាងខ្លាំង តាមរយៈ​អះអាងថា ពួកគាត់​នឹង​លែង​លំបាក​ទៀតហើយ​រឿង​ធ្វើលិខិត​ឆ្លងដែន​នេះ​។ បើ​ធៀប​នឹង​ពេល​កន្លងទៅ ពួកគាត់​ត្រូវ​ចំណាយ​ថវិកា និង​ពេលវេលា​ច្រើន​ធ្វើដំណើរ​ទៅ​រាជធានី​ភ្នំពេញ មុន​នឹងមាន​លិខិតឆ្លងដែន​មួយ សម្រាប់​ប្រើប្រាស់​។​

​កញ្ញា ចាន់​ធា​រី និង​លោក​តាំង​សារ៉ាន​ឱ្យដឹង​ដែរ​ថា​ពួកគាត់​ជ្រើសរើស​សេវា​ធ្វើលិខិត​ឆ្លងដែន​រយៈពេល​កន្លះ ព្រោះ​មិន​ប្រញាប់ ប៉ុន្មាន​ទេ ដោយ​លិខិតឆ្លងដែន​ចាស់​នៅមាន​សុពលភាព​២​ទៅ​៣​ខែ​ទៀត​។​អនុប្រធាននាយកដ្ឋាន​លិខិតឆ្លងដែន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហង្ស ដា​រ៉ា បាន​គូសបញ្ជាក់ថា ការដាក់ឱ្យ​ដំណើរការ សាខា​ការិយាល័យ​លិខិតឆ្លងដែន​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការផ្តល់សេវា​លិខិតឆ្លងដែន​ធម្មតា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ខ្ពស់ និង​ឆាប់រហ័ស​ពេលវេលា​ទៅតាម​តម្រូវ​ការចង់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

​ឧ​ត្ត​ម​សេនីយ៍ ហង្ស ដា​រ៉ា បន្ថែមថា ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​រដ្ឋាភិបាល ទើប​សម្រេច​ដាក់ឱ្យ​ដំណើរការ​សាខា​ការិយាល័យ​ផ្តល់​លិខិតឆ្លងដែន​នៅតាម​ខេត្ត​ចំនួន​៣ រួមមាន​៖ ខេត្តកោះកុង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ផ្តោត​សំខាន់​ទៅលើ​ពលរដ្ឋ​ដែលមាន​តម្រូវការ និង​ពលករ​ចង់​ចេញ​រក​ការងារ​ធ្វើ​ក្រៅប្រទេស​។

​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​កែប្រែ​រយៈពេល​នៃ​ការផ្តល់សេវា​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី ដោយ​ការ​សេវា​ឆាប់រ​ហ័យ​រយៈពេល​១​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ​លើកលែងតែ​នៅតាម​បណ្តា​សាខា​លិខិតឆ្លងដែន​ប្រចាំ ខេត្ត​នីមួយៗ គឺមាន​រយៈពេល​៣​ថ្ងៃ​នៃ​ថ្ងៃ​បម្រើ​ការងារ​។

ដោយឡែក សេវា​ឆាប់រហ័ស​កម្រិត​មធ្យម ប្តូរ​ពី​រយៈពេល​១០​ថ្ងៃ មក​នៅត្រឹម​៧​ថ្ងៃ និង​សេវា​ធម្មតា​នោះ គឺ​ប្តូរ​ពី​រយៈពេល​២០​ថ្ងៃ មក​ត្រឹម​១៥​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការងារ​រដ្ឋ ចំពោះ​មាន​ប្រកាស​លើ​តារាង​តម្លៃ​សេវា​។​

​បើតាម​ការរំពឹង​រប​ស់​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម សម្រាប់​ខេត្តកោះកុង ជា​មធ្យម​អាច​ទទួល​ផ្តល់​សេវា​លិខិតឆ្លងដែន​ជូន​ពលរដ្ឋ​ជាង​៣០០​នាក់​ក្នុង​១​ថ្ងៃ​។ ទោះយ៉ាងណា ចំនួន​នេះ អាច​នឹងមាន​ការប្រែប្រួល​ផងដែរ​ដោយ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​អ្នកមាន​តម្រូវ​ចាំបាច់​ធ្វើលិខិត​ឆ្លងដែន​៕S/

 

 

​ពលរដ្ឋ​កោះកុង​ពេញចិត្ត​ពេល​មាន​ការិយាល័យ​ផ្តល់​សេវា​លិខិតឆ្លងដែន​