​ពលរដ្ឋ​ជាង​២០០​គ្រួសារ​នៅ​ឃុំ​អូរ​ស្វាយ​មិនទាន់មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​

279
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែង​៖​ប្រជាពលរដ្ឋ​ជាង​២​រយ​គ្រួសារ​រស់នៅ​ភូមិ​អូរ​រុណ​ឃុំ​អូរ​ស្វាយ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​មិនទាន់មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​នៅឡើយ​ទេ​។​ប្រជាពលរដ្ឋ​នៅ​ឃុំ​ខាងលើនេះ​បាន​រិះគន់​មន្ត្រី​ជំនាញ​ផ្នែក​អគ្គិសនី​ថា​មាន​ភាពយឺតយ៉ាវ​ក្នុងការ​ភ្ជាប់​បណ្តាញ​អគ្គិសនី​ឱ្យ​ពួកគាត់​ប្រើប្រាស់​ដូច​អ្នកទីក្រុង​។​ឃុំ​អូរ​ស្វាយ​គឺជា​តំបន់​មួយ​ស្ថិតនៅ​ភាគ​ខាងជើង​ក្រុង​ស្ទឹងត្រែង​មាន​ព្រំប្រទល់​ជាប់​ព្រំដែន​ប្រទេស​ឡាវ ។​

ប្រជាពលរដ្ឋ​បាន​លើកឡើងថា​មន្ត្រី​អគ្គិសនី​ខេត្តស្ទឹងត្រែង​បានត្រឹមតែ​កាប់​ផលដំណាំ​និង​ដាក់ពង្រាយ​បង្គោល​អូស​ខ្សែ​ទុកចោល​ដល់ពេលនេះ​ជាង​ពីរ​ឆ្នាំ​មកហើយ​។​លោក​ស​សុខា​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​រុណ ឃុំ​អូ​ស្វាយ បាន​លើកឡើងថា មន្ត្រី​អគ្គិសនី​ខេត្ត មិន​ទទួលខុសត្រូវ​ចំពោះ​ការងារ​របស់ខ្លួន ។​ចេះតែ​មក​សន្យា​ចោល​ថា​មក​ដាក់​ភ្លើង​ឱ្យតែ​មួយឆ្នាំ​ទៅមួយ​ឆ្នាំ​ប្រជាពលរដ្ឋ​នៅតែ​គ្មាន​ភ្លើង​ប្រើ​ដដែល​បានត្រឹមតែ​បញ្ឈ​បង្គោល​ភ្លើង​ទុកចោល​។​

​ពលរដ្ឋ​ម្នាក់ទៀត​លោកស្រី​ប្រាក់​សុខន​បាន​ទទួលស្គាល់ថា​បញ្ហា​នេះ​ពិត​ជាមាន​ភាពយឺតយ៉ាវ​មែន​ព្រោះថា​ប្រជាពលរដ្ឋ​បាន​យល់ព្រម​ឲ្យ​កាប់​ផលដំណាំ​ដើម្បី​ចង់បាន​ភ្លើង​ប្រើតែ​ទៅវិញ​បែរជា​ធ្វើ​ឲ្យ​ពួកគាត់​អស់សង្ឃឹម​។

​លោក​ស៊ា​ប៉ាច​ប្រធាន​អង្គភាព​អគ្គិសនី​ខេត្តស្ទឹងត្រែង​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា​រឿងនេះ​លោក​នឹង​សួរ​ទៅ​មន្ត្រី​បច្ចេកទេស​សិន​។​រីឯ​លោក​ដន​គឹម​សន​អនុប្រធាន​អគ្គិសនី​ខេត្តស្ទឹងត្រែង​ទទួល​ផ្នែក​បច្ចេកទេស​បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សំឡេង​គំរោះគំរើយ​ថា​ការយឺតយ៉ាវ​នេះ​ដោយសារ​នៅ​ខ្វះ​សម្ភារ​:​។​

លោក​ថាបើ​ថ្នាក់លើ​ផ្តល់​សម្ភារ​:​ឱ្យ​គ្រប់គ្រាន់​ខាង​លោក​នឹង​ភ្ជាប់​ភ្លើង​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ហើយ​ព្រោះ​ការផ្តល់​អគ្គិសនី​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​មិនមែន​លោក​ជា​អ្នកចេញលុយ​ឯណា​គឺ​រដ្ឋ​ជា​អ្នកចំណាយ ដូច្នេះ​លោក​មិន​ចង់​យឺតយ៉ាវ​នោះទេ​។​

​លោក​សេក​ម៉ៅ​មេឃុំ​អូរ​ស្វាយបាន​អះអាងថា​បញ្ហា​ភ្លើង​នេះ​វា​មានរឿង​រ៉ាវ​បែបនេះ​មែនហើយ​ក្នុងនាម​អាជ្ញាធរ​លោក​ធ្វើសំណើ​ដាក់​ទៅ​អង្គភាព​អគ្គិសនី​ខេត្ត​និង​អភិបាលខេត្ត​ឲ្យ​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែរ តែ​មិន​ទ​ទូល​បាន​ព័ត៌មាន​ត្រឡប់មកវិញ​ទាល់តែសោះ​៕S/​