​ពលរដ្ឋ​ជា​កម្មករ​វ៉ៃ​ថ្ម​លក់​បារម្ភ​ខ្លាច​អត់​ការងារ​ធ្វើ​ព្រោះ​ក្រុមហ៊ុន​ជាច្រើន​កំពុង​ធ្វើ​អាជីវកម្ម​កាយ​ថ្មភ្នំ​

329

(​ព្រៃវែង​)៖​ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​បាភ្នំ​ដែល​តែងតែ​ស៊ីឈ្នួល​វ៉ៃ​ថ្ម​និង​ដឹក​ជ​ញ្ជួ​ន​ថ្ម​លក់​កំពុង​ព្រួយបារម្ភ​ខ្លាច​អត់​ការងារ​ធ្វើ ដោយ​លើក​ហេតុផល​ថា​ក្រុមហ៊ុន​ចំនួន​៥​បានធ្វើ​អាជីវកម្ម​កាយ​ថ្មភ្នំ​ដោយ​ប្រើ​គ្រឿងចក្រ​ទំនើបៗ​រាប់សិប​គ្រឿងក្នុង​មួយថ្ងៃៗ​។​

​ជាមួយគ្នា​នោះគេ​ឃើញ​ក្រុមហ៊ុន​ខាងលើ​កំពុង​ប្រើ​គ្រឿងចក្រ​ទំនើបៗ​ដើម្បី​កាយ​បំផ្ទុះ​ភ្នំ​ឈើកាច់​!​ដែល​ស្ថិតនៅ​ភូមិ​ជើងភ្នំ​ឃុំ​រោងដំរី​ស្រុក​បាភ្នំ​ខេត្តព្រៃវែង​ដោយ​យកមក​កិនបំបែក​ធ្វើជា​ថ្ម​បេតុង​ថ្ម​កាត់​ស៊ី​ស​ឬ​ថ្ម​អង​ឌឺ​សម្រាប់​តម្រូវការ​អតិថិជន​។​ជាហេតុ​នាំ​ឲ្យ​មានការ​ប្រណាំងប្រជែង​ក្នុង​ការកាយ​ភ្នំ​យក​ថ្ម​មក​កិន​រវាង​ក្រុមហ៊ុន​និង​ក្រុមហ៊ុន​រួមទាំង​ពលរដ្ឋ​ដែល​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​នៅលើ​ភ្នំ​មួយ​នេះ​។

​ក្រុមកម្មករ​ដែលមាន​ទីលំនៅ​ភូមិ​ខាងលើ​បាន​ឲ្យ​ដឹងថា​ពួកគាត់​មក​វ៉ៃ​ថ្ម​រាល់ថ្ងៃនេះ​គឺ​ស៊ីឈ្នួល​ម្ចាស់​ដី​ទេ​។​ប៉ុន្តែ​ពុំមែន​ជា​លក្ខណៈ​ក្រុមហ៊ុន​ឡើយ​គឺជា​អាជីវកម្ម​ខាត​តូច​របស់​អ្នកភូមិ​។​កម្មករ​ដដែល​បន្តថា​បើ​អ្នក​ជីក​ខួង​ដាក់​រំសេវ​បំផ្ទុះ​ភ្នំ​បំបែក​ថ្ម​គឺ​ក្នុង​មួយ​ម៉ែត្រគូប​បាន​ប្រាក់​ពលកម្ម​ស្មើនឹង​៧.០០០​រៀល​។​លុះ​បែក​មកជា​ដុំ​ធំ​ទើប​យក​ញញួរ​មក​វ៉ៃ​បំបែក​ជា​ដុំ​តូចៗ​ធ្វើ​ថ្ម​កាត់​ស៊ី​ស​ដែល​បាន​ប្រាក់​ឈ្មួ​ល​ក្នុង​មួយ​ម៉ែត្រគូប​ចាប់ពី​៧.០០០​រៀល​ទៅ​១០.០០០​រៀល​។​រីឯ​អ្នក​លើក​ដុំថ្ម​ដាក់​លើ​ឡាន​ក្នុង​មួយ​ម៉ែត្រគូប​បាន​ឈ្នួល​បាន​៨.០០០​រៀល​។​

​កម្មករ​ខាងលើ​បានលើកឡើង​ទឿ​ត​ថា​ក្រុមហ៊ុន​ចំនួន​៥​កំពុង​ធ្វើ​អាជីវកម្ម​កាយ​ភ្នំ​ដោយ​ប្រើ​គ្រឿងចក្រ​ទំនើបៗ​ជាច្រើន​គ្រឿង​ជាហេតុ​នាំ​ឲ្យ​ឆាប់​អស់​ថ្ម​ពី​ភ្នំ​ធ្វើ​ឲ្យ​ពួកគាត់​ព្រ​ឈម​និង​អត់​ការងារ​ធ្វើទៅ​ថ្ងៃ​ខាងមុខ​។​មិនតែប៉ុណ្ណោះ​ពលរដ្ឋ​នៅ​ស្រុក​បាភ្នំ​ក៏បាន​បារម្ភ​ខ្លាច​បាត់បង់​ភ្នំ​ឈើកាច់​នេះដែរ​ព្រោះ​ភ្នំ​ឈើកាច់​នេះ​ជា​បេតិកភណ្ឌ​ពី​បុរាណ​មក​ម្លេះ​។​ហើយ​សកម្មភាព​ក្រុមហ៊ុន​ជីក​កាយ​ភ្នំ​នេះ​គឺអាច​និង​លែងមាន​ភ្នំ​ក្នុង​រយៈពេល​ខ្លី​ខាងមុខ​ព្រោះ​គ្រឿងចក្រ​ធ្វើ​អាជីវក​កម្ម​ច្រើន​។​

​ដោយឡែក​បុរស​ម្នាក់​ដែលជា​ម្ចាស់​ទីតាំង​បាន​បញ្ជាក់ថា​ថ្ម​ដែរ​កម្មករ​របស់លោក​កំពុង​កាយ​នេះ​ជា​កម្ម​សិទ្ធ​របស់​ឳ​ពុក​និង​បងប្អូន​លោក ដែល​បានទទួល​ការបែងចែក​ពី​ឳ​ពុក​ម្ដាយ​ក្នុង​ម្នាក់​មួយ​ផ្ល​ង់​សម្រាប់​យកមក​ធ្វើ​អាជីវ​កម្មរៀងៗ​ខ្លួន​ដោយ​ជួល​កម្មករ​មក​បំបែក​ថ្ម​និង​វា​យក​ម្តេច​រួច​លើកដាក់​រថយន្ត​ឲ្យ​ដេប៉ូ​ជាប្រចាំ​រាល់ថ្ងៃ​។​ក្នុងនោះ​បើ​រថយន្ត​ដេប៉ូ​គេ​មក​ដឹក​ខ្លួនឯង​គឺ​មួយ​ម៉ែត្រគូប​លក់បាន​ចាប់ពី​៣០.០០០​រៀល​ទៅ​៤០.០០០​រៀល​តែបើ​គេ​មក​ទិញ​ហើយ​លោក​ជា​អ្នក​ដឹកជញ្ជូន​ឲ្យ​នោះ​គឺ​ក្នុង​មួយ​ម៉ែត្រគូប​តម្លៃ​៥​ម៉ឺន​ទៅ​៦​ម៉ឺន​រៀល​។​

​ប្រភព​ដដែល​បន្តថា​ក្រុមគ្រួសារ​គាត់​បាន​ចាប់​មុខរបរ​នេះ​តាំងពី​ដូនតា​មក​ម្លេះ​គឺ​តកូនតចៅ​។​ប៉ុន្តែ​បើ​ធ្វើ​អាជីវកម្ម​ដូច​គាត់​មិន​ងាយ​អស់​ភ្នំ​ទេ​ព្រោះ​យើង​ធ្វើ​ដោយ​ដៃ​មិន​ដូច​ក្រុមហ៊ុន​ឡើយ​ដែល​ប្រើ​គ្រឿងចក្រ​វាយ​បំបែក​ដឹកជញ្ជូន​សុទ្ធតែ​រថយន្ត​ធំៗ​មួយថ្ងៃៗ​រាប់សិប​គ្រឿង​៕S/​ដោយ​៖​ចាន់ ថន​