​ពលរដ្ឋ​តំបន់ភ្នំ​វ​ល្លិ៍​រីករាយ​ដោយ​ទទួលបាន​ផ្លូវ​កៅស៊ូ​ល្អ​ស្អាត​

274

​ដោយៈ​បូកគោ​/​កែបៈ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់ភ្នំ​វ​ល្លិ៍​ស្ថិតក្នុង​ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ​បាន​សម្តែង​ក្តី​រីករាយ​ខណៈពេល​រដ្ឋបាល​ខេត្ត​កែប​ចាប់ផ្តើម​ស្ថាបនា​ផ្លូវ​កៅស៊ូ​ដ៏​ធំ​ទូលាយ​និង​ល្អ​ប្រណីត​មិន​ធ្លាប់មាន​ពីមុនមក​។​ស្ត្រី​ឈ្មោះ​ផឹង គុណ កសិករ​រស់នៅ​ភូមិ​ចម្ការចេក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​បាន​រៀបរាប់ថា​រយៈពេល​ពីរ​ខែ​មកហើយ​ដែល​គាត់​ឃើញ​គ្រឿងចក្រ​ឈូសឆាយ​ពង្រីក​ផ្លូវ​មកដល់​ចំណុច​មុខផ្ទះ​ឱ្យ​ធំ​ទូលាយ និង​ចាក់​កម្ទេច​ថ្ម​ដោយ​គេ​ប្រាប់ថា​ធ្វើ​ផ្លូវ​កៅស៊ូ​។

​ប៉ុន្តែ​មិនឃើញ​បន្ត​ទៅមុខទៀត​ទេ​ព្រោះ​ជា​ចំណែក​ដី​ភូមិសាស្ត្រ របស់​ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ទាំង​គាត់​ទាំង​អ្នកភូមិ​មានចិត្ត​សប្បាយ​ណាស់​ពេល​បាន​ផ្លូវ​ល្អ​ស្អាត​ដែល​មិន​ធ្លាប់មាន​ដូចនេះ​។ ជាមួយនឹង​ភាព​រីករាយ​នោះ​កសិករ​ដដែល​នេះ​បានបញ្ជាក់​អំពី​ក្តី​ព្រួយបារម្ភ​ថា​ពួកគាត់​ក៏មាន​ការភ័យខ្លាច​ផងដែរ​ព្រោះ​ចាប់ពី​ផ្លូវ​ល្អ​អស់​មាន​ជង្ហុក​មក​អ្នកបើកបរ​ឆ្លងកាត់​ពិសេស​ក្រុមយុវជន​ស្ទាវៗ​តែងតែ​ប្រើ​ល្បឿន​លឿន​ដែល​ងាយ​នឹង​គ្រោះថ្នាក់​ចំពោះ​ខ្លួនឯង និង​អ្នកដំណើរ​ទូទៅ​។

​ពួកគាត់​មិន​ហ៊ាន​បណ្តោយ​កូនចៅ​ឱ្យ​ទៅលេង​ក្បែរផ្លូវ​ទេ​។​ពាក់ព័ន្ធ​សមិទ្ធផល​នៅ​តំបន់​ខាងលើ លោក​ម៉ម​ទូច​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប​បាន​មានប្រសាសន៍ថា​ដោយ​ប្រើប្រាស់​ថវិកា​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ក្រសួង​សាធារណការ​រដ្ឋបាលខេត្ត​កែប​មានលទ្ធភាព​ក្នុងការ​ស្ថាបនា​ផ្លូវ​កៅស៊ូ​នៅ​តំបន់ភ្នំ​វ​ល្លិ៍​ប្រវែង​ជាង​១១​គី​ឡ​ម៉ែត្រ​ដោយ​ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៣៣​ត្រង់​ពីរ​ចំណុច​ផ្សេងគ្នា និង​ភ្ជាប់​ជាមួយ​ផ្លូវ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់ត្រាច​។​ការធ្វើ​នេះ​គឺ​ប្រព្រឹត្ត​ឡើងជា​ដំណាក់ៗ ពោលគឺ​តាម​ទំហំ​ថវិកា​ប្រចាំឆ្នាំ​។

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​កាលពី​ឆ្នាំ​២០១៧​ស្ថាបនា​បាន​ប្រវែង​៦០០​ម៉ែត្រ​ចេញពី​រង្វង់​មូល​រូបសំណាក​នាង​រំសាយសក់​លើ​កំណាត់​ផ្លូវ​ឆ្ពោះទៅ​ភ្ជាប់​ផ្លូវជាតិ​លេខ​៣៣​ត្រង់ចំណុច​ក្បែរ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ពងទឹក​។​ដោយឡែក​មួយ​ខ្សែ​កំពុង​ស្ថាបនា​សម្រាប់​ឆ្នាំ​២០១៨​នេះ​មាន​ប្រវែង​២.១០០​ម៉ែត្រ​ចេញពី​រង្វង់​មូល​រូបសំណាក​នាង​រំសាយសក់​ដល់​ព្រំប្រទល់​ស្រុក​កំពង់ត្រាច​ដោយ​ផ្លូវ​នោះ​ឡើង​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ​៣៣​ត្រង់​ក្បែរ​សាលាឃុំ​កំពង់ត្រាច​ខាងលិច​។

​លោក​ម៉ម​ទូច​បាន​រៀបរាប់ថា​ផ្លូវ​ប្រវែង​ជាង​១១​គីឡូម៉ែត្រ​នេះ​មាន​សារសំខាន់​លើ​វិស័យ​ទេសចរណ៍ធម្មជាតិ និង​ការដឹក ជញ្ជូន​កសិក​ផល​ផ្សេងៗ​ឆ្ពោះទៅកាន់​ទីផ្សារ​នានា​ទូទាំង​ខេត្ត និង​ក្នុងប្រទេស ក៏ដូចជា​ទៅ​ប្រទេស​វៀតណាម​ទៀតផង​៕S/​

​ពលរដ្ឋ​តំបន់ភ្នំ​វ​ល្លិ៍​រីករាយ​ដោយ​ទទួលបាន​ផ្លូវ​កៅស៊ូ​ល្អ​ស្អាត​