​ពលរដ្ឋ​និង​សិស្ស​ក្រីក្រ​ជិត​៩០​រូប​នៅ​ឃុំ​តា​តៃ​លើ​ទទួលបាន​ស្បៀងអាហារ​រដូវវស្សា

339
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​ប្រធាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​សហការ​ជាមួយ​យោធា​ទំនាក់ទំនង​ព្រំដែន និង​ក្រុម​គ្រួ​មន្ទីរពេទ្យ​បាងកក​ប្រចាំខេត្ត​ត្រាត ប្រទេស​ថៃ​កាលពី​រសៀល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩​។

​ពួកគាត់​ចុះ​ចែក​ស្បៀងអាហារ​មាន​គ្រឿង​បរិភោគ​ឧបភោគ​សម្ភារៈ​សិក្សា​ជូន​ដល់​សិស្សានុសិស្ស​និង​ពលរដ្ឋ​ក្រីក្រ​ជិត​៩០​នាក់​នៅ​ភូមិ​ស្ពាន​ក្តារ​ឃុំ​តា​តៃ​លើ​ស្រុក​ថ្មបាំង​ខេត្តកោះកុង​។​ខណៈ​រដូវ​មាន​ភ្លៀង​ធ្លាក់​ជន់​ជោ​ពិបាកធ្វើ​កសិកម្ម​

​លោក​លោក​សុវណ្ណ​ប៊ុនធឿន​ប្រធាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​បានឱ្យដឹងថា​លោក​មាន​គោលបំណង​ផ្តល់នូវ​គ្រឿង​បរិភោគ​ថវិកា​ក៏ដូចជា​សម្ភារៈ​សិក្សា​ជូន​សិស្ស​និង​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រ​យោល​ជា​យូរណាស់​មកហើយ​។​ប៉ុន្តែ​ពេលវេលា​មិន​អំណោយផល​សម្រាប់​រូបលោក ព្រោះតែ​មមាញឹក​នឹង​ការងារ​។​

​លោក​បន្តថា​ជា​លើកដំបូង​ដែល​លោក​បាន​ចុះមក​មូលដ្ឋាន​ក្នុងស្រុក​ថ្មបាំង​តាមរយៈ​នៃ​ការបង្ហាញ​របស់លោក​ស្រី​មិថុនា​ភូ​ថង​អភិបាលខេត្ត​។​ថ្វី​ត្បិត​អំណោយ​ទាំងនេះ​មិន​ច្រើន​ក៏ពិតមែន​ក៏ប៉ុន្តែ​ជា​ទឹកចិត្ត​សប្បុរជន​ជួយ​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​អំឡុង​រដូវវស្សា​បាន​ខ្លះ​។​ខណៈ​មាន​ព្យុះភ្លៀង​ខ្យល់​ស្ទើរតែ​រាល់ថ្ងៃ​លំបាក​បង្កបង្កើន​កសិក​ម្ម​ដូច​រដូវប្រាំង​។​បើតាម​គម្រោង​លោក​នឹង​បន្ត​ចុះ​ផ្តល់​ស្បៀងអាហារ​ជូន​ពលរដ្ឋ​ខ្វះខាត​នៅតាម​កោះ​ផ្សេងៗ​តាម​បណ្តា​ស្រុក ក្នុង​ខេត្តកោះកុង​។​

​បន្ថែម​លើ​នេះ​ទៀត​លោក​សុវណ្ណ​ប៊ុនធឿន​អំពាវនាវ​ដល់​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​ករណី​ជួប​គ្រោះមហន្តរាយ​ណា​ត្រូវ​រាយការណ៍​ព័ត៌មាន​ទៅកាន់​អាជ្ញាធរ​ភូមិ​ឃុំ​ដើម្បីអោយ​អាជ្ញាធរ​ជួយសង្គ្រោះ​បាន​ទាន់ពេលវេលា​ជៀសវាង​គ្រោះថ្នាក់​យថាហេតុ​។​រីឯ​កុមារ​តូចៗ​មិនត្រូវ​នាំគ្នា​ហែរ​ទឹក​ព្រែក​អូរ​លេង​នោះ ព្រោះ​អាច​បណ្តាលឱ្យ​លង់ទឹក​ស្លាប់ គ្មាន​អ្នកដឹង​។

​ដោយឡែក​លោក​អន​សុធា​រិ​ទ្ធិ​អភិបាលស្រុក​ថ្មបាំង​ជំនួសមុខ​អោយ​ប្រជាពលរដ្ឋ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​សុវណ្ណ​ប៊ុនធឿន​ប្រធាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​និង​កម្លាំងយោធា​ទំនាក់ទំនង​ព្រំដែន​ក្រុមគ្រូពេទ្យ​បាងកក​សាខា​ខេត្ត​ត្រាត​ប្រទេស​ថៃ​ដែល​បាន​គិតគូរ​យកចិត្ត​ទុក​ពី​ភាពលំបាក​របស់​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​ក្រីក្រ​រស់នៅ​ដាច់​ស្រ​យោល​ក្នុង​មូលដ្ឋាន​របស់លោក​។​

អភិបាលស្រុក​ថ្មបាំង ចាត់ទុកថា នេះ​ជា​សកម្មភាព​មនុស្សធម៌​ដ៏​ល្អ​ព្រៃ​មួយ​គួរឱ្យ​កោតសរសើរ ដោយ​លោក​រំពឹងថា​ក្រុមការងារ​ច្រកទ្វារព្រំដែន​និង​ភាគី​ថៃ​បន្ត​ផ្តល់​អំណោយ​បន្ថែមទៀត​ជូន​ពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​អំឡុងពេល​រដូវវស្សា ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង និង​ខ្យល់​កន្ត្រាក់​ជាដើម​។

​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​តា​តៃ​លើ​ស្រុក​ថ្មបាំង​ស្ទើរតែ​១០០​ភាគរយ​ប្រកបមុខរបរ​ធ្វើ​កសិកម្ម​ដាំ​ដុះ​ចេក និង​ស្រូវ​យកទៅលក់​ទីផ្សារ​។ អ្វីដែល​ពលរដ្ឋ​ចង់​ទទួលបាន គឺ​ភ្លើងអគ្គិសនី​ប្រើប្រាស់ ចំណុច​តាម​ការអះអាង​របស់ លោក​អភិបាលស្រុក បណ្តាញ​អគ្គិសនី​មាននៅ​ឆ្នាំក្រោយ​៕S/