​ពលរដ្ឋ​នៅលើ​ទឹកដី​កោះ​ប៉ែន​ចាប់ផ្តើម​សាបព្រោះ​ស្រូវប្រដេញទឹក​និង​ត្រៀម​គ្រាប់ពូជ​ដំណាំ​រួមផ្សំ​

189
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ប្រជាពលរដ្ឋ​ជា​កសិករ​រស់នៅ​លើទឹក​ដី​កោះ​ប៉ែន​ឃុំ​កោះ​មិត្ត​ស្រុក​កំពង់សៀម​បានចាប់ផ្តើម​សាបព្រោះ​ស្រូវប្រដេញទឹក​ពូ​ជប​ន្លែ​និង​ត្រៀម​គ្រាប់ពូជ​ដំណាំ​រួមផ្សំ​ជាច្រើន​មុខ​សម្រាប់​ដាំ​ដុះ​លើ​ផ្ទៃ​សរុប​ចំនួន​៦៥៥​ហិកតា​ខណ​:​ទឹកទន្លេ​មេគង្គ​ស្រក​ចុះ​ផុត​ច្រាំង​ដល់​កម្ពស់ ៨,៦០ ម៉ែត្រ​នៅ​ព្រឹក​ថ្ងៃទី ៤ តុលា ២០១៩​។​

​លោក​អ៊ិន​សំណាង​កំពុង​បញ្ជា​គ្រឿងចក្រ​គោយន្ត​ភ្ជួរ​ដី​ដើម្បី​សាបព្រោះ​ស្រូវប្រដេញទឹក​នៅ​ខាងមុខផ្ទះ​ក្នុងភូមិ​ស្វាយជ្រុំ​ឃុំ​កោះ​មិត្ត​បាន​ប្រាប់​ឲ្យ​ដឹងថា​គ្រួសារ​លោក​ក៏​ដូច​គ្រួសារ​ប្រជាពលរដ្ឋ​ដទៃ​ផ្សេងទៀត​បាន​ចាប់​សាបព្រោះ​ស្រូវប្រដេញទឹក​នៅ​ជុំវិញ​មាត់​អូរ​ជា​បណ្តើរៗ​ហើយ​។​

​ដើម្បី​ប្រញាប់​រួសរាន់​បារម្ភ​ខ្លាច​ខ្វះ​ទឹក​ស្រោចស្រព​ដូច​បណ្តា​ឆ្នាំមុនៗ​គឺ​នាំគ្នា​ចំណាយ​ប្រាក់​ជីក​ខួងអណ្តូង​បូម​ដាក់​ស្រែ​នោះ​។​បុរស​ជា​កសិករ​ដែលមាន​វ័យ​៤៦​ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា​លោក​មាន​ផ្ទៃដី​ស្រូវ​នៅ​តំបន់​កំពុង​ភ្ជួរ​រាស់​នេះ​ចំនួន​មួយ​ហិកតា​គឺ​នឹង​សាបព្រោះ​ស្រូវ​ប្រភេទ​៤៦​ដូច​រាល់​ឆ្នាំ​យកតែ​ម្តង​បន្ទាប់ពី​ធ្វើ​ដី​ហើយ​នោះ​។​

​រយ​:​ពេល​បី​ខែ​កន្លះ​អាច​ប្រមូល​ផល​បោក​បែន​បាន​បើ​គ្មាន​ឧបសគ្គ​ពី​ការខ្វះ​ទឹក​ស្រោចស្រព​។​ប៉ុន្តែ​ឆ្នាំនេះ​សង្ឃឹមថា​ទឹកអូរ​ខាងមុខ​ភូមិ​ស្វាយជ្រុំ​នេះ​នឹង​អាច​ប្រើប្រាស់​បាន​គ្រប់គ្រាន់​ព្រោះ​ខាង​ម្ចាស់ជំនួយ​ធនាគារ​អភិវឌ្ឍ​អាស៊ី​( ADB )​បាន​ស្តា​របាត​អូរ​ហើយ​កាលពី​ឆ្នាំ​មុននេះ​។​

​លោក សំណាង បាន​បន្តថា ក្នុងនោះ​ទិន្នផល​ជា​ទៀងទាត់​ចំនួន​ផ្ទៃដី​ខាងលើនេះ​បាន​ចំនួន ប្រាំពីរ ដឹក ហើយ​បាន​ទិន្នផល​គ្រាប់ស្រូវ​មាន​ឈ្មួញ​បានមក​ប្រមូល​ទិញ​ដល់ផ្ទះ គឺ​លក់បាន​មួយ​ដឹក​ចំនួន ៤០​ម៉ឺន​រៀល​។​ក្នុងនោះ​ទូទាត់​ការចំណាយ​ផ្សេងៗ​ដូចជា​ថ្លៃ​ប្រេង​បូមទឹក​ជី​និង​ថ្នាំ​សម្លាប់​ស្មៅ​សរុប​ចំនួន​ប្រហែល មួយ​លាន រៀល​។​

​លោក​នង​លាង​វ័យ​៦៧​ឆ្នាំ​ជា​កសិករ​ម្នាក់ទៀត​នៅ​ភូមិ​ស្វាយជ្រុំ​ដែរ​បាន​លើកឡើងថា​គ្រួសារ​លោក​ជា​អ្នក​បន្លែ​សុវត្ថិភាព​គឺ​បាន​សាបព្រោះ​និង​ត្រៀម​ពូជ​បន្លែ​សម្រាប់​ទុកដាក់​ដាំ​លើដី​ទំហំ​មួយ​ហិកតា​។ ក្នុងនោះ​ពូជ​បន្លែ​បាន​សាបព្រោះ​លើ​ថ្នាល​រួច​បាន​ប៉ុន្មាន​ថ្ងៃ​ហើយ​នេះ​មាន ប៉េង​ប៉េះ ត្រកួន ត្រប់ សាឡា​ត់ ស្ពៃ និង​គ្រាប់ពូជ​ត្រៀម​ទុក​ដាំ​មាន សណ្តែក​គួរ ត្រសក់ផ្អរ និង​ពោតស ជាដើម​។​

លោក​វ៉ែន​នាង​មេឃុំ​កោះ​មិត្ត​បាន​ប្រាប់ថា​ទូទាំង​ឃុំ​យើង​មាន​ដាំ​ដំណាំ​ស្រូវប្រាំង​ឬ​ស្រូវប្រដេញទឹក​ចំនួន​១៥៩​ហិកតា​គឺ​ភូមិ​កោះ​ប៉ែន​«​ខ​»​ចំនួន​៤៨​ហិកតា​ភូមិ​កោះដាច់​ចំនួន​២២​ហិកតា​ភូមិ​កោះ​ព្រលូង​ចំនួន ១០​ហិកតា​ភូមិ​ស្វាយជ្រុំ​ចំនួន​៣៦​ហិកតា​ភូមិ​កោះកំពង់ត្រុំ​លើ​ចំនួន​២០​ហិកតា​ភូមិ​កោះកំពង់ត្រុំ​ក្រោម​ចំនួន ២៣​ហិកតា និង​ផ្ទៃដី​ដាំ​រួមផ្សំ​សរុប​ចំនួន ៤៩៦​ហិកតា​បន្ថែមទៀត​។​

​លោក​មេឃុំ​បាន​បន្តថា​ជុំវិញ​បញ្ហា​ខាង​ប្រជាពលរដ្ឋ​បារម្ភ​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ​ពី​ក្នុង​ទឹកអូរ​ខាងមុខ​ភូមិ​ស្វាយជ្រុំ​ដែល​ខាង​ធនាគារ​អភិវឌ្ឍន៍​(​អេ​ឌី​បេ​)​ទើបបាន​ជួយ​ស្តា​របាត​អូរ​ហើយ​នោះ​គឺ​យើង​រង់​ចាំមើល​ការប្រើប្រាស់​ជាក់ស្តែង​ឆ្នាំនេះ​សិន​។​ក្នុងករណី​រីង​ឬ​ខ្វះ​ទឹក​ប្រើប្រាស់​ដូច​ឆ្នាំ​កន្លង​ទៅនោះ​យើង​នឹង​រក​មធ្យោបាយ​បន្ថែមទៀត​។​

​លោក​បាន​បន្តថា​សូម​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប្រជាកសិករ​ក្នុង​ឃុំ​កោះ​មិត្ត​ទាំងអស់​គឺ​បើសិន​ករណី​នៅ​ឆ្នាំ​ខាងមុខ​មានការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ទៀត​នោះ ទំនង​យើង​នឹង​ស្តារ​អូរ​ឲ្យ​ជ្រៅ​ជាង​នេះ​ដើម្បី​អាច​ផ្ទុក​ទឹក​។ ប៉ុន្តែ​បើ​ប៉ះពាល់​ឬ​លើសលួស​លើដី​បងប្អូន​យ៉ាងណា​សូមមេត្តា​យល់យោគ​ឬ​សម្បទាន​ដើម្បី​បាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។​

​ចំណែក​ការដាំដុះ​ដំណាំ​សូម​ថែរក្សា​តាម​លក្ខណ​:​បច្ចេកទេស​កសិកម្ម​ឲ្យ​ទទួលបាន​ទិន្នផល​ខ្ពស់ និង​ធានា​គុណភាព ដើម្បី​បាន​តម្លៃ​ទីផ្សារ​ល្អ​៕S/​