​ពលរដ្ឋ​មួយចំនួន​នៅ​ស្រុក​ខ្សាច់កណ្ដាល​កំពុងតែ​មមាញឹក​ក្នុងការ​ចិញ្ចឹម​ទាយ​កពង​លក់

426
ចែករម្លែក
  • 74
    Shares

ដោយ​៖​ចាន់ថន​/​កណ្តាល​៖​ព្រោះ​តម្រូវការ​ទីផ្សារ​ពង​ទា​កំពុងមាន​តម្លៃ​លំ​ហ្នឹង​ល្អ​ដោយ​ហក់​ឡើង​ខ្ពស់​គួរសម​ជាង​មុន​។ ទើប​ពលរដ្ឋ​ជាច្រើន​គ្រួសារ នៅ​ឃុំ​សន្លុង​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បាននាំគ្នា​។
​ងាក​មក​ចាប់​អាជីព​ជា​អ្នក​ចិញ្ចឹម​ទា យក​ពង​លក់ ដោយ​បើក​ជា​កសិដ្ឋាន ធ្វើ​ទ្រង់​ធំៗ​ឱ្យ​ស៊ី​ចំណី ។​​គ្រាន់​បាន​ប្រាក់ចំណូល​ប្រចាំថ្ងៃ មិនមែន​ដើរ​កៀងទា តាម​មាត់ទឹក​វាលស្រែ​ដូច​មុន​ទេ​។​

​ជួប​ជាមួយ​លោក ធី ធួន រស់នៅ​ភូមិ​កណ្តាល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល លោក​បាន​ប្រៀបធៀប​ថា​ការចិញ្ចឹម​ទា​ជំនាន់​មុន​ពិបាក​ណាស់​ដោយ​យើង​កៀង​ឱ្យ​វា​ស៊ី​ខ្ចៅខ្យង​តាម​មាត់ទឹក​ឬ​នៅ វាលស្រែ​។ វា​ជួប​ហានិភ័យ​ខ្ពស់ ដោយ​ខ្លាច​ប៉ះ​ថ្នាំពុល​និង​ជំងឺ​ផ្សេងៗ ប៉ុន្តែ​ការចិញ្ចឹម​បែប​នោះ គេ​ហៅ​លក្ខណៈ​ធម្មជាតិ​។​

​ដែល​វា​ផ្ទុយ​ពី​ការចិញ្ចឹម​ទា បច្ចុប្បន្ន ដោយ​ទាំង​រូបលោក​និង​គ្រួសារ​ផ្សេងៗ គេ​ចិញ្ចឹម​ដោយ​ដាក់​ទ្រុង មាន​ភាពងាយស្រួល មិន​ភ័យ​ប៉ះ​ជំងឺ​ទេ ។​ព្រោះ​មាន​ពេទ្យសត្វ ប្រចាំ​នៅតាម​ទ្រង់ បើ​យើង​ទិញ​ចំណី ពី​ក្រុមហ៊ុន​ណា គឺ​ក្រុមហ៊ុន​នោះ គេ​ដាក់​ពេទ្យសត្វ​មកជា​មួយ ។​

​ក្នុងនោះ​លោក​ក៏បាន​ប្រាប់​ពី​របៀប​រៀបចំ​ទីតាំង​កន្លែង​ចិញ្ចឹម​។​ដំបូង​យើង​ត្រូវ​រៀបចំ​ដី​ដោយ​ជីក​ស្រះ​សម្រាប់​ផ្ទុក​ទឹក​ហើយ​ធ្វើ​រោង​ឱ្យ​ធំ​ទូលាយ​ប្រក់​ដំបូល​ស័ង្កសី ទំហំ​ចាប់ពី​១៥​ម៉ែត្រ​គុណ​២០​ម៉ែត្រ ទៅតាម​ចំនួន​ទា​តិច​ឬ​ច្រើន​។​តម្រូវឱ្យមាន​ទឹក​ដក់ ក្នុង​ទ្រង់ សម្រាប់​ទា​លេង​និង​ផឹកទឹក រួច​យើង​ចាប់ផ្ដើម​ចំណាយ​ថវិកា​ទិញ​មេ​ទា​។​មក​ដាក់​ក្នុង​ទ្រង់​១​ក្បាល​តម្លៃ​ចាប់ពី​១៧.០០០​រៀល​ទៅ​២០.០០០​រៀល​។​

ចំពោះ​ការដាក់​ចំណី វិញ​មួយថ្ងៃ​ពីរដង និង​ដាក់​ទឹក​ឱ្យ​ផឹក ជាប្រចាំ​មិន​ដាច់ ។​បើ​យើង​ចិញ្ចឹម​ទា ចំនួន​២.៣០០​ក្បាល ក្នុង​មួយថ្ងៃ​ស៊ី​ចំណី​អស់​៣០០​គីឡូក្រាម​។ ជា​មធ្យម​ក្នុង​មួយថ្ងៃ​ទា ២,៣០០​ក្បាល​អាច​ប្រមូល​ស៊ុត​បាន​ចាប់ពី​១,៩៥០​ទៅ​២,០០០​ស៊ុត​។​

បើ​យើង​ទូទាត់​ថ្លៃ​ចំណី​និង​ធ្វើ​រោង​កម្លាំង​ពលកម្ម ចំណេញ​បាន​ពី​១៥​មឺ​ុ​ន​ទៅ​៣០​មឺ​ុ​ន​ក្នុង​មួយថ្ងៃ ហើយ​រយៈពេល​១​ឆ្នាំ ទើប​យើង​ឈប់​ប្រមូល​ផល​។ ជាមួយគ្នា​នោះ នៅពេល​មេ​ទា ចាស់ លែង​សូវ​ពង អ្នក​ចិញ្ចឹម​គេ​និង​លក់​ចេញ​ទៅជា​ទា​សាច់​តាម​រោងការ​បុណ្យ​ដោយ​ក្នុង​១​ក្បាល​តម្លៃ​ចាប់ពី​៩.០០០​រៀល​ទៅ​១២.០០០​រៀល​។​

​ដោយឡែក លោក ទៀក ឃុន មេឃុំ​សន្លុង​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ង​ទី​១៤ ខែមីនា ឆ្នាំ​២០១៩ ថា ឃុំ​របស់លោក​មាន​ពល​រដ្ឋ​ជាង​១៣០​គ្រួសារ កំពុងតែ​ចិញ្ចឹម​ទា​ដាក់​ទ្រុង ហើយ​វា​នឹង​អាចមាន​ការកើនឡើង​ថែមទៀត​។​លោក​និយាយទៀតថា​ខាង​កសិកម្ម​ស្រុក​ក៏បាន​ចុះ​ណែនាំ​ព្រម​ពន្យល់​ពី​វិធី​បង្ការ​មេរោគ​និង​ប្រាប់​របៀប​បាញ់ថ្នាំ​កំចាត់​ក្លិនស្អុយ​ផ្សេងៗ​ទៀតផង​៕S/​

#