​ពលរដ្ឋ​រកស៊ី​ដឹកទំនិញ​តូចតាច​ត្អូញត្អែរ​ពី​ការគាបសង្កត់​ជំរឹត​ទារលុយ​ពី​មន្ត្រី​គយ​តាម​កុងត្រូល​.

423

(​បន្ទាយមានជ័យ​)៖​នៅ​បំណាច់​ឆ្នាំ​ចាស់​ចូលឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៨​នេះ អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ទ្រង់ទ្រាយ​តូចៗ បាន​ត្អូញត្អែរ​ពី​ទុក្ខព្រួយ ការលំបាក ការ​គាប​ជម្រឹត​ទារលុយ​និង​ការ​បុករុក​ពី​មន្ត្រី​គយ​, គយ​ចល័ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​និង​លេខ​៦ ដែល​ប្រដេញ​និង​ដាក់​កុងត្រូល​នានា​។​

ដូច​ករណី​មួយ ដែល​បង្ហាញ​មុនគេ​នេះ អាជីវក​រដឹក​ពូក​ស្តើង​ពី​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​មក​ភ្នំពេញ បាន​ប្រាប់ឱ្យដឹង​កាលពី​ថ្ងៃទី​៣០​ធ្នូ​ឆ្នាំ​២០១៧​ថា​ខ្លួន​ដឹក​ពូក​ស្តើង​២០០​ទៅ​៤០០​ពូក​ដែល​បង់ពន្ធ​នៅ​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត​រួចហើយ តាម​ឡាន​ធុន​មធ្យម​កង់​៦ ត្រូវ​មន្ត្រី​គយ មន្ត្រី​គយ​ចល័ត​នៅ​គោលដៅ​នានា​សម្លុត​ទារលុយ​ដដែល​។​

​ដូចជា​លើផ្លូវ​ជាតិ​លេខ​៥ គយ​ចល័ត​នៃ​សាខាគយ​ខេត្តបន្ទាយមានជ័យ​ចំណុច​សាលា​ក្រហម ខេត្តបន្ទាយមានជ័យ មានឈ្មោះ​មករា ជា​កូនចៅ​របស់​ឈ្មោះ​ធី ទារលុយ​៨​ម៉ឺន​រៀល​គឺ​គេ​ថា​ថ្លៃ​បាយ​ថ្លៃ​ទឹក​។ គយ​ចល័ត​ក្រសួង​នៅ​ភូមិ​គាប​ក្រុង​សិរីសោភ័ណ ទារ ៨​ទៅ​១៥​ម៉ឺន​រៀល​។ គយ​ចល័ត​នៅ​អូរ​តា​គី​ខេត្ត​បាត​ដំបង ទារ​៨​ទៅ​១០​ម៉ឺន​រៀល​។ គយ​នៅ​ពោធិសាត់ បង់​ប៉ុន្មាន​ក៏​យក​និង​គយ​នៅ​ផ្សារ​ត្រាច​ខេត្តកំពង់ឆ្នាំង បង់​ពី​៨​ទៅ​១០​ម៉ឺន​រៀល​ឬ​ជួនកាល​តិចជាង​នេះ​។​

​តែបើ​ដឹកជញ្ជូន​តាមផ្លូវ​ជាត់​លេខ​៦​វិញ​ត្រូវ​បង់​ដូចគ្នានេះ​នៅ​គយ​ចល័ត​នៅ​ស្រុក​ពួក​ខេត្តសៀមរាប​,​បង់​នៅ​គយ​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​និង​នៅ​ខេត្តកំពង់ចាម​។​អាជីវករ​នោះ​និយាយ​បន្តថា​ក្រៅពី​គយ​ចល័ត​នេះ ក៏​នៅមាន​ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត​,​ប៉ូលីស​ចរាចរណ៍​ខេត្ត ស្រុក​នានា​តាម​បណ្តោយ​ផ្លូវជាតិ​ខាងលើ​ជម្រឹត​ទារលុយ​ថ្លៃ​បាយ​ថ្លៃ​ទឹក​ថែមទៀត​។ ការបង់​លុយ​ចូល​ហៅ​ប៉ោ ដែល​ក្រៅផ្លូវការ​បែបនេះ​គឺ​ថ្លៃ​លើស​ការចំណាយ​លើ​ថ្លៃ​ប្រេង ថ្លៃ​កម្មករ ថ្លៃ​អ្នកបើកបរ​រថយន្ត​ទៅទៀត ។​

គឺ​ការដឹក​ទំនិញ​នេះ​ក្នុង​មួយ​ជើងៗ​អាច​ចំណេញ​សល់ផល​ពី​២៨០​ទៅ​៣០០​ដុល្លារ​។​តែដោយសារ​តាមផ្លូវ​និង​កុងត្រូល​ជម្រឹត​ទារ​និង​សុំ​ថ្លៃ​បាយ​ថ្លៃ​ទឹក​ដូច្នេះ ម្ចាស់​ទំនិញ​គ្មាន​សល់​អ្វី​ទេ​។​ពោលគឺ​ធ្វើ​នេះ​ដូច​”​រកស៊ី​ចិញ្ចឹម ប្តី​គេ “(​មន្ត្រី​គយ មន្ត្រី​ប៉ូលីស​ដូច្នោះ​ដែរ​)​។​អាជីវករ​សូម​ជូនដំណឹង​ចំហរ​នេះ​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​ជ្រាប​ឬ​អាចជួយ​ពិនិត្យ ដោះស្រាយ​ផង ឬក៏​យ៉ាងហោច​បាន​ជួយ​រំលែក​ទុក្ខព្រួយ​ផង នៅ​ដើមឆ្នាំ​ថ្មី​ឆ្នាំ​សាកល​២០១៨​ខាងមុខនេះ​។​

ឆ្លើយតប ការចោទប្រកាន់​នេះ មន្ត្រី​គយ​ខ្លះ និយាយប្រាប់​ឱ្យដឹងថា​តួនាទី​គយ​គឺ​រក​ចំណូល ។​ដូច្នេះ​បើ​ទំនិញ​ត្រូវ​បង់ពន្ធ​ត្រូវតែ​បង់​បើ​ចង់​មិនឱ្យ​គយ​ទារលុយ​តាមផ្លូវ​ទៀត ម្ចាស់​ទំនិញ​ត្រូវ​បង់ពន្ធ​ឱ្យ​គ្រប់ ហើយ​មាន​ឯកសារ​គយ​អម​ជាមួយ​។​មន្ត្រី​នោះ​បន្តថា :​ការ​ត្អូញត្អែរ​នោះ ពិតជា​មាន ។​តែ​អាជីវករ​តូចៗ​ជាច្រើន​ម្តេច​គេ​រកស៊ី​បាន​? ចុះ​អ្នក​ត្អូញ​ហ្នុ​ង ពិបាក​អី​តែឯង​? ដូច្នេះ បើ​រក​មិនកើត​ទេ ឈប់​រក​ទៅ ។​អត់​អ្នកឯង​ក៏មាន​អ្នកផ្សេង​គេ​នៅ​រក​ដែរ​៕S/​ដោយ​៖​ភ្នំ​ស្វាយ​

​រូបថត : ពលរដ្ឋ​រកស៊ី​ដឹកទំនិញ​តូចតាច​ត្អូញត្អែរ​ពី​ការគាបសង្កត់ ជំរឹត​ទារ​ពី​មន្ត្រី​គយ​តាម​កុងត្រូល​. (​រូប​:​ភ្នំ​ស្វាយ​)