​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ខូចខាត​ផ្ទះ​៣៣​ខ្នង​និង​៣៩​គ្រួសារ​ទទួល​អំណោយ​ពី​ក្រុមការងារ​

225
ចែករម្លែក

ដោយៈ​សុផល​/​កណ្តាល​៖​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ឃួន​សុ​ដា​រី​និង​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ស្រុក​លើកដែក​ខេត្តកណ្តាល​បាន​ចុះសួរសុខទុក្ខ​និង​យក​អំណោយ​ជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​។​ក្នុងនោះ​ខូចខាត​ផ្ទះ​ចំនួន​៣៣​ខ្នង​ស្មើ​៣៩​គ្រួសារ​នៅក្នុង​ឃុំ​ព្រែក​ដាច់​និង​ឃុំ​ពាម​រាំង​ស្រុក​លើកដែក​ខេត្តកណ្តាល​។​ការចុះ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ធម្មជាតិ​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​៣៩​គ្រួសារ​ក្នុង​ឃុំ​ចំនួន​២​គឺ​ឃុំ​ព្រែក​ដាច់​និង​ឃុំ​ពាម​រាំង​។​គ្រោះមហន្តរាយ​នេះ​បណ្តាលឱ្យ​ខូ​ត​ខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៣​ខ្នង​ក្នុងនោះ​ឃុំ​ព្រែក​ដាច់​រលំ​ផ្ទះ​ទាំងស្រុង​២​ខ្នង​និង​ប៉ើង​ដំបូល​៧​ខ្នង​។​ឯ​ឃុំ​ពាម​រាំង​រង​ការខូចខាត​រលំ​ផ្ទះ​ទាំងស្រុង​១០​ខ្នង​ផ្ទះ​និង​របើក​ដំបូល​១៤​ខ្នង​ផ្ទះ​ខូចខាត​សម្ភារៈ​ម៉ូតូ​៦​គ្រឿង​កង់​៦​និង​របួស​មនុស្ស​១០​នាក់​។​

ក្នុងឱកាស​នោះ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ឃួន​សុ​ដា​រី​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​បាន​មានប្រសាសន៍ថា​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​គឺជា​ការលំបាក​របស់​ថ្នាក់​នាំ​។​ជាពិសេស​លោកស្រី​ក៏បាន​ពាំ​នាំនៅ​ការសាកសួរ​សុខ​ទុក​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់​រាល់​ការលំបាក​របស់​បងប្អូន​។​ទោះ​ស្ថិតនៅ​ក្នុងស្ថានភាព​ណាក៏ដោយ ក៏​ថ្នាក់ដឹកនាំ​នៅ​រួមសុខ​រួម​ទុក​ជាមួយ​បងប្អូន​គ្រប់ពេលវេលា​។

​ជាមួយគ្នានេះ​ផងដែរ​លោកស្រី​និង​ក្រុមការងារ​ក៏បាន​នាំ​អំណោយ​ចែកជូន​បងប្អូន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រួមមាន​៖​ពលរដ្ឋ​រលំ​ផ្ទះ​ចំនួន​១២​ខ្នង​ក្នុង​១​ខ្នង​ផ្ទះ​ទទួលបាន​ឃី​ត​មួយ​និង​ថវិកា​៣០០.០០០​រៀល​។​ពលរដ្ឋ​របើក​ដំបូលផ្ទះ​ចំនួន​២១​ខ្នង​ផ្ទះ​ក្នុង​១​ខ្នង​ផ្ទះ​ទទួលបាន​ឃី​ត​១​និង​ថវិកា​១០០.០០០​រៀល​។​ឧបត្ថម្ភ​ដល់​អ្នករងរបួស​ធ្ងន់​ចំនួន​៣​នាក់​ក្នុង​ម្នាក់​ថវិកា​២៥០.០០០​រៀល​អ្នករងរបួស​ស្រាល​ចំនួន​១០ ក្នុង​ម្នាក់​ទទួលបាន​ថវិកា​៨០.០០០​រៀល​។​

​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​ដែល​បានទទួល​អំណោយ បាន​ថ្លែងអំណរគុណ​ដល់​លោកជំទាវ ឃួន​សុ​ដា​រី​និង​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​លើកដែក​ខេត្តកណ្តាល​ព្រមទាំង​ក្រុមការងារ​ក្នុងស្រុក​ទាំងអស់​ដែល​បានដឹង​សុខទុក្ខ​ពលរដ្ឋ​មាន​គ្រោះអាសន្ន​និង​ចុះមក​ជួយ​បាន​ទាន់ពេលវេលា​រហូតមក​៕S/