​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ចំនួន​២.៦៦៩​គ្រួសារ​ទទួលបាន​អំណោយ​ពី​សប្បុរសជន​

212
ចែករម្លែក

ដោយ​: គង់​ហេង​/​កំពង់ចាម​:​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​ចំនួន​២.៦៦៩ គ្រួសារ នៅ​បណ្តា​ស្រុក​ចំនួន​បី​នៃ​ខេត្តកំពង់ចាម​បានទទួល​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​ពី​សប្បុរសជន​នានា​គិត​ត្រឹម​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៩​។​ខណ​:​ដែល​ជនរងគ្រោះ​លង់ទឹក​ស្លាប់​ដោយ​ជំនន់​ទន្លេ​មួយ​នេះ​សរុប​ចំនួន​៦​នាក់​។​

លោក នួន ណុ​យ នាយក​ទីចាត់ការ​សាលាខេត្ត​កំពង់ចាម​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ​២០១៩​គឺ​ទឹកជំនន់​ទន្លេមេគង្គ​ខេត្តកំពង់ចាម​មាន​កម្ពស់​១៥,០៩​ម៉ែត្រ​។​ដោយ​ទឹកបាន​ស្រក​ចុះ​ពី​កម្ពស់​១៥,៧៥​ម៉ែត្រ​គឺ​បាន​បណ្តាលឱ្យ​ជនរងគ្រោះ​ចំនួន​ប្រាំមួយ​នាក់​បាន​លង់ទឹក​ស្លាប់​។​

ក្នុងនោះ​នៅ​ស្រុក​ស្ទឹងត្រង់​លង់​ស្លាប់​ចំនួន​បីនាក់​ស្រុក​កងមាស​ចំនួន​ពីរ​នាក់​និង​ស្រុក​កោះសូទិន​ចំនួន​ម្នាក់​។​ព្រមទាំង​បាន​ប៉ះពាល់​ដល់​លំនៅស្ថាន​ប្រជាពលរដ្ឋ​ចំនួន​ប្រាំបួន​ស្រុក​ក្រុង​ក្នុងចំណោម​ស្រុក​ក្រុង​សរុប​ចំនួន ១០​នៃ​ខេ​តុ្ត​កំពង់ចាម​។​

​លោកនាយក​ទីចាត់ការ​បានឱ្យដឹង​ទៀតថា​ក្នុងនោះ​មានស្រុក​កំពង់សៀម​ស្រុក​ស្ទឹងត្រង់​ស្រុក​ព្រៃឈរ ស្រុក​កងមាស ស្រុក​កោះសូទិន ស្រុក​ស្រី​សន្ធរ ស្រុក​ជើងព្រៃ ស្រុក​បាធាយ និង​ក្រុង​កំពង់ចាម គឺមាន​ប្រជាពលរដ្ឋ​ចំនួន​សរុប​២៩.២៨៦​គ្រួសារ​ស្មើនឹង​ចំនួន​១១០.០០៨​នាក់​។​បាន​រង​ផលប៉ះពាល់​ពី​ទឹកជំនន់​មួយ​នេះ​និង​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន​ជាង​១.០០០​គ្រួសារ​ទៅកាន់​ទីទួល​សុវត្ថិភាព​ចំនួន ១៧៨​កន្លែង​។​

លោក​បាន​បន្តថា​បច្ចុប្បន្ន​គិត​ត្រឹម​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៩​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ទន្លេមេគង្គ​ចំនួន​២.៦៦៩​គ្រួសារ​បានទទួល​អំណោយ​ពី​សប្បុរសជន​។​គឺមាន​ស្រុក​កំពង់សៀម​ចំនួន​១.៧៧១​គ្រួសារ​ស្រុក​ព្រៃឈរ​ចំនួន​៣៧០​គ្រួសារ​និង​ស្រុក​ស្ទឹងត្រង់​ចំនួន​៥២៨​គ្រួសារ​។​នៅ​ថ្ងៃទី​១៨​កញ្ញា​ប្រជាពលរដ្ឋ​ចំនួន​១.២៩៨​គ្រួសារ​នៅ​ស្រុក​ស្រី​សន្ធរ​នឹង​ទទួលបាន​អំណោយ​បន្តទៀត​៕S/​