​ពលរដ្ឋ​សាទរ​ចំពោះ​ការរុះរើ​រនាំង​ពុះ​ទ្រូងផ្លូវ​ក្នុង​ក្រុង​កំពត​

1694

(​កំពត​)៖​អ្នករស់នៅ​អម​សងខាង​កំណាត់​ផ្លូវជាតិ​លេខ​៣​ក្នុង​សង្កាត់​កំពង់បាយ​និង​សង្កាត់​ក្រាំង​អម្ពិល​ក្រុង​កំពត​បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​រដ្ឋបាល​ខេត្តកំពត​ដែល​តម្រូវឱ្យ​មន្ត្រី​ពាក់ព័ន្ធ​រុះរើ​រនាំង​ពុះ​ទ្រូងផ្លូវ​ចេញ​បន្ទាប់ពី​ពួកគាត់​មាន​ភាព​ធុញទ្រាន់​មួយ​រយៈកាល​កន្លងមក​។​

ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្ចាស់​អាហារ​ដ្ឋា​ន​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ស្វាយ​ធំ​សង្កាត់​ក្រាំង​អម្ពិល​បាន​រៀបរាប់ថា​ពួកគាត់​មាន​សេចក្តី​រីករាយ​ណាស់​បន្ទាប់ពី​ថ្មីៗ​នេះ​បាន​លេចឮ​ដំណឹង​ថា​លោក​អភិបាលខេត្ត​បញ្ជា​ឱ្យ​យក​រនាំង​ដែក​ចេញពី​ផ្លូវ​វិញ​។​ពិត​ដូច​ដំណឹង​ដែល​ពួកគាត់​បានទទួល​មែន​គឺ​កាលពី​ប៉ុន្មាន​យប់​មុន​ស្រាប់តែ​ឃើញ​ក្រុមកម្មករ​មក​រុះរើ​កាត់​ដែក​និង​លើកដាក់​រថយន្ត​ស្ទើរ​មួយ​កំណាត់​យប់​រួច​ក៏​ដឹកចេញទៅ​អស់​តែម្តង​។

ប្រភព​ដដែល​បាន​បន្តថា​ការយក​ចេញ​វិញ​បែបនេះ​ជា​រឿង​ល្អប្រសើរ​បំផុត​សម្រាប់​ពួកគាត់​។​កន្លងមក​ក្រៅពី​ជួប​ក្តី​លំបាក​សម្រាប់​ការរកស៊ី​ពួកគាត់​ក៏មាន​ភាពភ័យខ្លាច​ចំពោះ​ស្នូរ​ប៉ះទង្គិច​ការបុក​រះ​ដែល​បាន​កើតឡើង​ស្ទើរ​រាល់​យប់នោះ​។​

​សូមបញ្ជាក់ថា​ក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៧ ស្តីពី​ការត្រៀម​សម្រាប​ស្វាគមន៍​ភ្ញៀវ់​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​ខាងមុខ លោក​ចាន់​ចេស្តា​អភិបាលខេត្ត​កំពត​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ឱ្យ​គិតគូរ​និង​រុះរើ​ចេញ​នូវ​រនាំង​ដែក​ពុះ​ទ្រូងផ្លូវ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ក្នុង​ក្រុង​កំពត​ដើម្បី​បង្កើន​សោភ័ណភាព​។​ម្យ៉ាងទៀត​ដោយសារ​ទំហំ​ផ្លូវ​តូចចង្អៀត​នៅឡើយ​ដូច្នេះ​វត្តមាន​នៃ​រនាំង​ពុះ​ទ្រូងផ្លូវ​នោះបាន​បង្ការ​ការលំបាក​មួយផ្នែក​ចំពោះ​អ្នកដំណើរ​ផងដែរ​។​

​គួររំលឹកថា​នៅមុន​ឱកាស​នៃ​ពិធីបុណ្យ​សមុទ្រ​ដែល​រៀបចំឡើង​ក្នុង​ខេត្តកំពត​កាលពី​ចុងឆ្នាំ​២០១៥​រនាំង​ពុះ​ទ្រូងផ្លូវ​ពីរ​ខ្សែ​បាន​កើតឡើង​ក្នុង​ក្រុង​កំពត គឺ​មួយ​ខ្សែ​ស្ថិតនៅក្នុង​សង្កាត់​ក្រាំង​អម្ពិល និង​សង្កាត់​កំពង់បាយ​។ ចំណែក​មួយ​ខ្សែ​ទៀត​ស្ថិតក្នុង​សង្កាត់​អណ្តូង​ខ្មែរ​។ ប៉ុន្តែ​ដោយសារ​ករណី​គ្រោះថ្នាក់​បានកើត​ឡើងជា​ញឹកញយ​កាលពី​ចុងខែ​មេសា​ឆ្នាំ​២០១៧​រនាំង​ដែក​ក្នុង​សង្កាត់​អណ្តូង​ខ្មែរ​ត្រូវបាន​ក្រុមការងារ​ដែលមាន​។​

ចំណែក​ពាក់ព័ន្ធ​ក្នុងការ​បង្កើត​សមិទ្ធផល​នេះ​ទៅ​រុះរើ និង​ដឹកជញ្ជូន​ចេញ​អស់​ទាំងយប់​។ ការបង្កើត​រនាំង​ដែក​នេះ​ឡើង នា​គ្រានោះ​ត្រូវបាន​មន្ត្រី​ពាក់ព័ន្ធ​បញ្ជាក់ថា​ជា​ផ្នែក​មួយ​ជួយ​បង្កើន​សោភ័ណភាព​ក្រុង និង​កាត់បន្ថយ​ការបើកបរ​ដោយ​ល្បឿន​លឿន​។

ប៉ុ​ន្ត​អ្នកជំនាញ​ផ្នែក​ផ្លូវថ្នល់​បាន​រិះគន់ថា​ការបង្កើត​រនាំង​នេះ​ឡើង​នឹង​បង្កឱ្យមាន​គ្រោះថ្នាក់​កាន់តែច្រើន​ព្រោះ​ផ្លូវ​តូចចង្អៀត បង្គោល​រនាំង​នីមួយៗ​មិនមាន​ចំណាំងផ្លាត​គ្រប់គ្រាន់​តាម​លក្ខណៈ​ស្តង់ដារ​ពិសេស​កង្វះ​ពន្លឺភ្លើង​នៅ​ចំណុច​ដងផ្លូវ​ទាំងនោះ​តែម្តង​៕S/​ដោយ​៖​បូកគោ​

​ពលរដ្ឋ​សាទរ​ចំពោះ​ការរុះរើ​រនាំង​ពុះ​ទ្រូងផ្លូវ​ក្នុង​ក្រុង​កំពត​