​ពលរដ្ឋ​ស្រុក​ជាំ​ក្សាន្ត​៧៩​គ្រួសារ​ទទួលបាន​លិខិតបញ្ជាក់​ដី​ធី្ល​

934
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ប្រជាពលរដ្ឋ​ចំនួន​៧៩​គ្រួសារ​បានទទួល​លិខិតបញ្ជាក់​ដី​ធី្ល​ប្រភេទ​ដី​កសិកម្ម​ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ឃុំ​ក្រោម​វត្តមាន​លោកស្រី​ឌឹ​ក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​ការផ្តល់ជូន​នេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១៨​ក្នុង​បរិវេណ​វត្ត​ឈើទាល​គង​សិក្ខា​រាម​(​ហៅ​វត្ត​ឈើទាល​គង​) ស្ថិតក្នុង​ភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

​ក្នុងនោះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក អ៊ុង វុទ្ធី អភិបាលរង​ខេត្ត តំណាង​លោក អ៊ុន ចាន់​ដា អភិបាល ខេត្តព្រះវិហារ ព្រមទាំង​អាជ្ញាធរ មន្ទីរជំនាញ​ពាក់ព័ន្ធ អង្គភាព​ចំណុះ​ខេត្ត​ជាច្រើន​ស្ថាប័ន​ទៀត​។​
លោកជាគឹមសេងអភិបាលស្រុកជាំក្សាន្តនិងជាប្រធានគណៈកម្មាធិការ ដោះស្រាយ​ដីធ្លី​ថ្នាក់ស្រុក បាន​បញ្ជាក់ថា ក្រោយពី​ក្រុមការងារ​ចុះ​សិក្សា កំណត់​ក្បាលដី និង​ខ្វៀ​ល​ផលប៉ះពាល់ ជាមួយ​ដី​ស្នើសុំ របស់​វរ​សេនា​តូច​៣៨៥ ជូន​ប្រជាពលរដ្ឋ​ភូមិ​ឈើទាល​គង ភូមិ​វាល​ពោធិ៍ និង​ភូមិ​ជាំ​ក្សាន្ត មាន​ចំនួន​១២៥​គ្រួសារ ។​ស្មើ​និង​៨០​ក្បាលដី ទំហំ​ផ្ទៃដី​សរុប​២៦១​ហិកតា ដែល​បានធ្វើកា​ស្រ័យ​ផល​កន្លងមក មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ហើយ​បច្ចុប្បន្ន​អាជ្ញាធរ​ឃុំ បានចេញ​លិខិតបញ្ជាក់​ដី (​ជា​ប្រភេទ​ដី​កសិកម្ម​) ជូន​ប្រជាពលរដ្ឋ​កាន់កាប់​បាន​ចំនួន​៧៩​គ្រួសារ​។

​លោក​បញ្ជាក់​បន្តថា លទ្ធផល​ដែល​សម្រេចបាន​ទាំងអស់​ខាងលើនេះ គឺ​បានមកពី​ការសហការ​ណ៍​រួមគ្នា ដោះស្រាយ ជូន​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ការខិតខំ​ប្រឹង​ប្រែង​របស់​ឯកឧត្តម ស្រី ឌឹ​ក ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក រួមជាមួយ​លោក សៀ រឿន មេបញ្ជាការ​វរ​សេនា​តូច​៣៨៥ និង​គណៈកម្មាធិការ​គ្រប់គ្រង​ដី​ថ្នាក់ស្រុក​ធ្វើការ​ដោះស្រាយ​ជូន​ពួកគាត់​កាន់កាប់​ក្រោយពី​ពួកគាត់​បាន​ទន្ទឹងរង់ចាំ អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ​។

​លោកស្រី ឌឹ​ក ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​លើកឡើងថា “​លិខិតបញ្ជាក់​ដីធ្លី​នេះ គឺជា​ឯកសារ​ដែល​បញ្ជាក់​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ឃុំ ថា​ជា​ម្ចាស់​កម្ម​សិទ្ធ​លើ​ក្បាលដី​នីមួយៗ​ដោយ​ស្របច្បាប់​”​។ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួលបាន​លិខិតបញ្ជាក់​នេះ ត្រូវ​បន្តធ្វើ អាជីវកម្ម ឬ​បង្កបង្កើនផល​លើដី​នេះ ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ អោយ​ប្រសើរឡើង​។​

​ជាមួយគ្នា​នោះ​ល​លោក​បាន​អំពាវនាវ​ទៅដល់​ពលរដ្ឋ ទាំងអស់ សូម​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​កុំ​ចំណាកស្រុក ឆ្លងដែន​ទៅ​ប្រទេសជិតខាង ដោយ​គ្មាន​ច្បាប់ អនុញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញាធរ ព្រោះ​អាចធ្វើឱ្យ​បងប្អូន​ប្រឈមមុខ នឹង​ផ្លូវច្បាប់​៕S/

ពលរដ្ឋ​ស្រុក​ជាំ​ក្សាន្ត​៧៩​គ្រួសារ​ទទួលបាន​លិខិតបញ្ជាក់​ដី​ធី្ល​

#