​ពលរដ្ឋ​១៨៤​គ្រួសារ​ទទួលបាន​ក្បាលដី​បន្ថែម​ក្រោយ​ទំនាស់​វិវាទ​ជាមួយ​ក្រុមហ៊ុន​ចិន​

523
ចែករម្លែក

​ដោយៈ​សុ​ផានី​តា​/​កោះកុង​៖ ប្រជាពលរដ្ឋ​ចំនួន​១៨៤​គ្រួសារ រស់នៅក្នុង​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ​ត្រូវបាន​អន្តរក្រសួង​អាជ្ញាធរ​ស្រុក​ខេត្ត​និង​មន្ទីរជំនាញ​ផ្តោត​ការយកចិត្តទុកដាក់​ដោះស្រាយ​តាមរយៈ​វាស់វែង​បែង​ចែកជា​ក្បាលដី​ជូន​ពួកគាត់​ម្នាក់ៗ​​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បញ្ចប់ទំនាស់​និង​ទន្ទ្រាន​យក​ដី​រដ្ឋ​ខុសច្បាប់​ក្រោយ​ពួកគាត់​ធ្លា​ប់រង​ផលប៉ះពាល់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ញូ ញៀន កាលពី​ឆ្នាំ​២០១៦​កន្លងមក ។​

​បន្ទាប់ពី​រដ្ឋាភិបាល​កាត់​ឆ្គៀ​ល​ដី​មួយចំនួន​ទៅអោយ​ក្រុមហ៊ុន​ញូ ញៀន សម្រាប់​ការវិនិយោគ​អភិវឌ្ឍន៍ នៅពេលនេះ​ដោយ​ឈរលើ​គោលនយោបាយ​ដោះស្រាយ​បន្ថែម​អន្តរក្រសួង​អាជ្ញាធរ​និង​មន្ទីរជំនាញ​បាន​ចុះ​វាស់វែង​ចាត់ចែង​ជូន​ប្រជាពលរដ្ឋ​ហើយ​។​គឺ​រង់ចាំតែ​ការចាប់​ឆ្នោត​រើ​សយ​ក្បាល​ដោយ​តម្លាភាព​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​ក្បាលដី​ទំហំ​១​ហិក​តា​សម្រាប់​បង្កបង្កើនផល​ដំណាំ​កសិកម្ម​។​

​លោក​សុខ​សុ​ទ្ធី​អភិបាលរង​ខេត្តកោះកុង​បាន​ពន្យល់​នៅ​ថ្ងៃទី​២៩​ខែមករា​អំឡុងពេល​ចុះ​ផ្សព្វផ្សាយ​គម្រោង​ចាប់ឆ្នោត​និង​បង្ហាញ​ប្លង់ដី​តំបន់​ដែល​ត្រូវ​កាត់​ជូន​ពលរដ្ឋ​យ៉ាង​ដូច្នេះ​ថា​មូលហេតុ​ដែលមាន​ភាព​យូរ​យ៉ាវរ​កដី​ទំនេរ​កាត់​ជូន​ពលរដ្ឋ​បាន​ក៏​ព្រោះតែ​អាជ្ញាធរ​ត្រូវការ​ពេល​សិក្សា​ពី​តាំង​ដី​អោយ​ច្បាស់លាស់​មុននឹង​ដោះស្រាយ​។ ទោះយ៉ាង​ណា នៅ​ឆ្នាំ​២០១៨ ថ្មីៗ​តំណាង​អន្តរក្រសួង អាជ្ញាធរខេត្ត និង​ក្រុមហ៊ុន​ញូញៀន​សម្រេច​​កាត់​ដី​បម្រុង​ស្ថិតនៅ​តំបន់​ដំណាក់​ក្របី​ទុក​ធ្វើ​សប្បទាន​សង្គមកិច្ច​ទំហំ​៣៦០​ហិកតា​កាត់​បែងចែក​ជូន​ពលរ​ដ្ឋ​។​

​លោក​សុខ​សុ​ទ្ធី​អភិបាលរង​ខេត្ត​ថ្លែង​ទៀតថា​អ្វី​ដែលជា​ដំណោះស្រាយ​របស់​រដ្ឋាភិបាល​កម្ពុជា​នៅពេលនេះ​ក្នុង​គោលបំណង​ដើម្បី​បញ្ចប់ទំនាស់​បញ្ហាដីធ្លី​កើតមាន​ជាច្រើន​ឆ្នាំ​មកហើយ​។​ពិសេស​គឺ​ទប់ស្កាត់​ការទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិឯកជន​គ្មាន​ច្បាប់​ត្រឹមត្រូវ​។​ករណី​បើ​មាន​សកម្មភាព​កាប់​រុករាន​ដី​បម្រុង​ទុក​ឬ​ដី​ក្នុង​តំបន់​ការពារ​បន្តទៀត​នោះអាជ្ញាធរ​នឹង​ស៊ើបអង្កេត​ប្តឹងទៅ​តុលាការ​ខណៈ​មាន​ជន​សញ្ញា​មួយចំនួន​ក្នុង​ដៃ​ស្រេច​។​

​អភិបាលរង​ខេត្ត​ជម្រាប​ទៅ​ពលរដ្ឋ​ដោយ​បញ្ជាក់ថា​មាន​ក្បាលដី​ខ្លះ​វា​អាច​ជាប់​មាត់បឹង​បើសិន​យក​ចាប់ឆ្នោត​ចំណុច​មិន​សមប្រកប​ណាមួយ​ក្រោម​៣០​ភាគរយ​នៃ​ដី​ក្នុង​ម្នាក់​១​ហិកតា​ហ្នឹង​សូម​សំណូមពរ​ពួកគាត់​ទទួល​យកទៅ​ព្រោះ​មិនដឹងថា​ទៅរក​ដី​ទំនេរ​ឯណា​ទេ​ឱ្យ​បានល្អ​ទាំងអស់​នោះទេ​។​ករណី​បើ​ចាប់ឆ្នោត​ទៅ​វា​លើស​៣០​ភាគរយ​នៃ​ទំហំ​ដី​លោក​នឹង​សុំ​គោលការណ៍​ថ្មី​ដើម្បី​ដោះដូរ​ជូនទៅ​កន្លែង​ផ្សេង​ផងដែរ​។​

​ដោយឡែក​អ្នកស្រី​ជ័យ​មុំ​និង​លោក​ហួច​នី​ជា​តំណាង​ប្រជាពលរដ្ឋ​១៨៤​គ្រួសារ​ដែល​ទទួលបាន​ក្បាលដី​បន្ថែម​ពី​គោលនយោបាយ​រាជរដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១៦​ក៏បាន​ឯកភាព​សំណង​ជា​ក្បាលដី​ដែល​អាជ្ញាធរ​រៀបចំ​ឱ្យ​គ្រា​រង់ចាំ​ការដោះស្រាយ​យូរ​ឆ្នាំ​ហើយ​នេះ​។​

បើតាម​ពលរដ្ឋ​បង្ហាញ​ក្តី​រំពឹងថា​ក្រោយ​ការទទួល​ប្លង់​ក្បាលដី​ជា​កម្មសិទ្ធិ​ស្របច្បាប់​ឱ្យ​ពួកគាត់​ផ្តើម​បង្កបង្កើនផល​កសិកម្ម​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ទោះបីជា​តំបន់​ដី​ដែល​ត្រៀម​កាត់​អោយ​នោះ​នៅ​ឆ្ងាយ​ពី​មូលដ្ឋាន​២​ទៅ​៣​គីឡូម៉ែត្រ​យ៉ាងណាក្តី​។

ពលរដ្ឋ​ស្នើ​អាជ្ញាធរ​និង​ក្រុមហ៊ុន​ញូ​ញៀន​ឈូសឆាយ​ធ្វើជា​ផ្លូវ​ចូល​អោយ​ស្អាត​ល្អ​មាន​ដាក់​ប្រព័ន្ធ​អោយ​ត្រឹមត្រូវ​ដើម្បី​ងាយស្រួល​ធ្វើដំណើរ​ចូលទៅ​បង្កបង្កើនផល​កសិកម្ម​។​ពិសេស​ទាល់​តែមាន​ប្លង់​កម្មសិទ្ធិ​ទទួលស្គាល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ទើប​ពួកគេ​យល់ស្រប​ផងដែរ​។​

បញ្ហា​ជម្លោះ​ទំនាស់​ដីធ្លី បាន​កើតមាន​ច្រើន​ស្ទើរតែ​គ្រប់​ស្រុក​នីមួយៗ​នៅ​ខេត្តកោះកុង​។​ប៉ុន្តែ​ចាប់តាំងពី​រដ្ឋាភិបាល​ដាក់​ផែនការ​ណែនាំ​ឱ្យ​អន្តរក្រសួង​អាជ្ញាធរខេត្ត​និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​បាន​បង្កើន​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ជា​បន្តបន្ទាប់ ភាគច្រើន​នៅ​ស្រុកស្រែ​អំបិល ស្រុក​គិរីសាគរ និង​ស្រុក​បូ​ទុម​សាគរ បញ្ចៀស​ការតវ៉ា​ទាមទារ ខុសច្បាប់​អសន្តិសុខ​សណ្តាប់ធ្នាប់​ណាមួយ​។​

​គណៈកម្មការ​ក្រុមការងារ​បច្ចេកទេស​នៅ​ខេត្តកោះកុង កាលពី​ថ្ងៃទី​២៣ ខែមករា កន្លងទៅ បាន​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​បញ្ចប់​ការដោះស្រាយ​ទំនាស់​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៧៥​គ្រួសារ ក្នុង​ឃុំ​ចំនួន​២ នៅ​ស្រុក​ស្រែអំបិល រវាង​ក្រុមហ៊ុន​ស្ករអំពៅ គ្រា​កន្លងទៅ ពួកគាត់​បាន​ឡើងទៅ​រាជធានី​ភ្នំពេញ​តវ៉ា​សុំ​អន្តរាគមន៍​យ៉ាងខ្លាំង​ក្លា​ជា​បន្ត​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។​

​ក្នុងនោះ​ពលរដ្ឋ​ក្រុម​ចំនួន​២០០​គ្រួសារ​នឹង​ទទួលបាន​ក្បាលដី​ម្នាក់ៗ​១​ហិច​តាក​ន្លះ​មិនមាន​សំណង​ជា​ថវិកា​ទេ​រីឯ​ក្រុម​ពលរដ្ឋ​១៧៥​គ្រួសារ​ទទួលបាន​ក្បាលដី​ក្នុង​ម្នាក់ៗ​ចំនួន​៣​ហិច​តា​រួមទាំង​ប្រាក់​ទូទាត់​សំណង​ក្នុង​មួយ​គ្រួសារ​ចំនួន​២៥០០​ដុល្លារ​។

ជាក់ស្តែង​ការព្រមព្រៀង​ទទួលយក​របស់​ប្រជាពលរដ្ឋ​គឺ​អនុវត្តតាម​គោលនយោបាយ​ដោះស្រាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​កើតមាន​មិនចេះចប់​នេះ​ទើប​មាន​ពលរដ្ឋ​ខ្លះ​ឡើងទៅ​តវ៉ា​តាម​ការ​ញុះញុង់​ពី​តំណាង​អ្នកជំទាស់​មួយចំនួន នៅឯ​រាជធានី​ភ្នំពេញ​ម្តង​ហើយ​ម្តងទៀត​៕S/