​ពលរដ្ឋ​​ស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែច្នៃ​ចំនួន​២៤​ដើម​ជូន​សមត្ថកិច្ច​

255
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​សមត្ថកិច្ច​នគ​របាល​ស្រុក​ស្វាយ​លើ​បានឱ្យដឹងថា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពពេល ​ឃុំ​ខ្នងភ្នំ​ស្រុក​ស្វាយ​លើ​ បាន​ស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែច្នៃ​សរុប​ចំនួន​២៤​ដើម​។​ក្នុងនោះ​មាន​កាំភ្លើង​ព្រៃ​ចំនួន​១៩​ដើម​និង​កាំភ្លើង​ខ្យល់​ចំនួន​៥​ដើម​ជូន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប ។​

​សមត្ថកិច្ច​បាន​បន្ត​ថា ​ការស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែច្នៃ​ទាំងអស់នេះ​បន្ទាប់ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ខ្នងភ្នំ​បាន​ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​ ដែល​បាន​រៀបចំឡើង​ដោយ​នគរបាល​ស្រុក​ស្វាយ​លើ​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ខ្នងភ្នំ​សហការ​ជាមួយ​មេភូមិ​ពពេល​អង្គភាព​បរិស្ថាន​និង​ក្រុមប្រឹក្សាឃុំ​ខ្នងភ្នំ ។​

​ប្រភព​បាន​បន្តថា ​អាវុធ​កែច្នៃ​នៅ​ឆ្នាំ​២០១៨​និង​ឆ្នាំ​២០១៩​នេះ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ​បាន​ដកហូត​ផង​និង​ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​ប្រគល់ឱ្យ​ផង​មាន​សរុប​ចំនួន​២៣៨​ដើម​។​ក្នុងនោះ​មាន​កាំភ្លើង​ព្រៃ​ចំនួន ១៤០ ដើម និង កាំភ្លើង​ខ្យល់​ចំនួន ៩៨​ដើម ៕S/Ha

​រូបភាពៈ​អាវុធ​កែច្នៃ​ចំនួន​២៤​ដើម​ត្រូវបាន​ពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​ស្ម័គ្រចិត្ត​ប្រគល់ជូន​សមត្ថកិច្ច​(​សមត្ថកិច្ច​)​