​ពាណិជ្ជករ​ជប៉ុន​បើកហាង​សម្លៀកបំពាក់​នៅ​ភ្នំពេញ​ចំណាយ​តែ​ជាង​៦​ម៉ឺន​ដុល្លារ​

466
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ពាណិជ្ជករ​ជប៉ុន​ម្នាក់​បានសម្រេច​ចិត្ត​មក​បណ្តាក់ទុន​លើ​ហាង​លក់​សម្លៀកបំពាក់​ដែល​នាំចូល​ពី​ជប៉ុន​។​បន្ទាប់ពី​បានមក​សិក្សា​ទីផ្សារ​នៅ​កម្ពុជា​ហើយ​បាន​សម្លឹង​មើលឃើញ​នូវ​ភាព​រីកចម្រើន​នៃ​ការប្រើប្រាស់​សម្លៀកបំពាក់​ម៉ាក​ល្បីៗ​និង​ភាព​ស៊ីវីល័យ​ក៏ដូចជា​ជីវភាព​ធរ​ធារ​របស់​ប្រជាជន​កម្ពុ​ជានា​សម័យថ្មី​នេះ​។​ហាង​លក់​សម្លៀកបំពាក់​ដ៏​ល្បីឈ្មោះ​របស់​ជប៉ុន Japan Clothing Shop Colors បាន​មាន​វត្តមាន​ជា​ផ្លូវការ​នៅ​ផ្សារ​ទំនើប The Bridge Mall រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៩ សីហា ២០១៩​។​

​លោក Shoichi Yamamoto នាយក​ប្រតិបត្តិ​នៃ ហាង​លក់ សម្លៀកបំពាក់ Japan Clothing Shop Colors​បានឱ្យដឹងថា​៖​ក្នុងការ​បើកហាង​សម្លៀកបំពាក់​មួយ​នៅ​ជប៉ុន​លោក​ត្រូវ​ចំណាយ​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​។​តែ​សម្រាប់​នៅ​កម្ពុជា​ចំណាយ​តែ​ជាង​៦​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។​នេះ​ជា​ឱកាស​វិនិយោគ​មួយ​ដ៏​សក្តិសម​។​

លោក​បាន​បញ្ជាក់ថា​«៣​ឆ្នាំមុន​ខ្ញុំ​បានមក​ស្រុក​ខ្មែរ​ជាង​១០​ដង​ហើយ​និង​មាន​អារម្មណ៍​ថា​ស្រឡាញ់​ខ្មែរ​ខ្លាំង​។​គាត់​ចង់ឱ្យ​ប្រជាជន​ខ្មែរ​ពាក់​ខោអាវ​ដែលមាន​គុណភាព​និង​ស្រស់ស្អាត​ទាន់សម័យ​ផលិត​ដោយ​ប្រទេស​ជប៉ុន ដូច​ប្រជាជន​ជប៉ុន​ដែរ​»​។​លោក​បានឱ្យដឹងថា​៖​ហាង​លក់​សម្លៀកបំពាក់ Japan Clothing Shop Colors មាន ៨​សាខា គឺ ៥​ហាង នៅ​ទីក្រុង តូ​ក្យូ និង ៣​ហាង​ទៀត នៅ​ទីក្រុង អូ​សា​កា ក្នុងប្រទេស​ជប៉ុន និង ៤​ហាង​ទៀត​នៅ​ទីក្រុង កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី និង នៅ​សិង្ហ​បុរី​។​ហាង​Color​របស់លោក​បង្កើតឡើង​នៅ​ជប៉ុន​កាលពី​១០​ឆ្នាំមុន​។​បច្ចុប្បន្ន​មាន​បុគ្គលិក​ជាង​២០០​នាក់​។​

ទាក់ទង​នឹង​តម្លៃ​នោះ​លោក​បានឱ្យដឹងថា​ផលិតផល​សម្រាប់​ស្ត្រី​ដូចជា​សម្លៀកបំពាក់​,​គ្រឿងសម្អាង និង​ផលិតផល​ប្រើប្រាស់​ប្រចាំថ្ងៃ​នានា​ដែល​ធានាបាន​នូវ​គុណ​ភាពល្អ​មានតម្លៃ​ចាប់ពី​៣​ដុល្លារ​ឡើងទៅ​។ ហាង​លក់​សម្លៀកបំពាក់ Japan Clothing Shop Colors មាន​អាស័យដ្ឋាន​ជាន់​ទី ១ តូប​លេខ ៣៩ ផ្សារ​ទំនើប The Bridge Mall ផ្លូវ​រដ្ឋសភា (​ផ្លូវ​៧៨) សង្កាត់​ទន្លេ​បាក់ ខណ្ឌ ចំការមន ភ្នំពេញ​៕S/