​ពិនិត្យ​ការ​បូម​ខ្សាច់​ដោយ​កំណត់​ឲ្យ​ក្រុមហ៊ុន​ដាក់​ពោង​ទីតាំង​បាន​ត្រឹមត្រូវ​តាមច្បាប់

303

(​ព្រៃវែង​)៖​មន្ត្រី​រ៉ែ​បាន​ចុះ​ពិនិត្យ​ការ​បូម​ខ្សាច់​នៅក្នុង​ទន្លេមេគង្គ​ដោយបាន​កំណត់​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​ដាក់​ពោង​ទីតាំង​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​។​ក្រោយពី​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ចុះផ្សាយ​ពី​សកម្មភាព​បូម​ខ្សាច់​ដោយ​បែប​អនាធិបតេយ្យ​មិន​កំណត់​ទីតាំង​ច្បាស់លាស់​របស់​ឈ្មួញ​នៅតាម​ដង​ទន្លេមេគង្គ​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពាម​ជ័រ​និង​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។

​នៅ​ព្រឹក​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៧​លោក​ជា​កក្ត​ដា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រៃវែង​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ជាច្រើន​នាក់​ចុះទៅ​ត្រួតពិនិត្យ​ដោយផ្ទាល់​នៅតាម​ទីតាំង​ឡូ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​និង​បាន​ចាប់​ឲ្យ​ក្រុមហ៊ុន​ដែល​មិនបាន​បោះ​ពោង​កំណត់​ទីតាំង​ឡូ​របស់ខ្លួន​ឲ្យ​ធ្វើ​ការបោះ​ពោង​ឡើងវិញ​ផងដែរ​។

​លោក​ជា​កក្ត​ដា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា​នៅតាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តព្រៃវែង​មាន​ក្រុមហ៊ុន​ទាំងអស់​ចំនួន​៧​ដែល​ទទួលបាន​អាជ្ញា​ប​ណ្ណ័​ពី​ក្រសួង​រ៉ែ​និង​ថាមពល​ក្នុង​ការប្រកប​អាជីវកម្ម​បូម​ខ្សាច់​។​ប៉ុន្តែ​មកដល់ពេលនេះ​គឺមាន​ក្រុមហ៊ុន​តែ​២​ប៉ុណ្ណោះ​ដែល​នៅ​បន្តសកម្មភាព​អាជីវកម្ម​ដោយ​។​

​ឡែក​ក្រុមហ៊ុន​ផ្សេងទៀត​បាន​ផ្អាក​សកម្មភាព​ទៅវិញ​ហើយ​ដោយសារតែ​ទឹកទន្លេ​ឡើង​ជ្រៅ​ពេក​បូម​មិនបាន​និង​កន្លែង​ខ្លះទៀត​គឺ​គ្មាន​ខ្សាច់​បូម​តែម្តង​។​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ប្រាប់ថា​នៅក្នុងពេល​ចុះ​ត្រួតពិនិត្យ​មួយ​ព្រឹក​នេះ​លោក​បាន​រកឃើញថា​ក្រុមហ៊ុន​ផល​ខ្មែរ​អភិវឌ្ឍ​ន៌​ដែលមាន​ទីតាំងនៅ​ស្រុក​ពាម​ជ័រ​គឺ​បាន​អនុវត្ត​ស្របទៅតាម​លក្ខណ​នៃ​ច្បាប់​ស្តីពី​ក្រសួង​រ៉ែ​និង​ថាមពល​និង​បាន​បោះ​ពោង​កំណត់​ទីតាំង​ដែន​ឡូ​របស់ខ្លួន​បាន​យ៉ាង​ត្រឹមត្រូវ​។​ដោយឡែក​ក្រុមហ៊ុន​ស៊ី​អ៊ែន​ណើ​ជី​អ៊ី​ន​វ៉េ​ស​មិន​គឺ​ពុំមាន​បោះ​ពោង​កំណត់​ទីតាំង​ទេ​ដោយ​តំណាង​ក្រុមហ៊ុន​បាន​អះអាងថា​បាន​បោះ​ច្រើនដង​ហើយ​ប៉ុន្តែ​ត្រូវ​ទូក​អ្នកនេសាទ​លួច​កាត់ផ្តាច់​ចោល​អស់​។

​ទោះជា​ហេតុផល​យ៉ាងណាក៏ដោយ​លោក​ប្រធាន​មន្ទីរ​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​បោះ​ពោង​កំណត់​ទីតាំង​សារជាថ្មី​វិញ​ឲ្យ​បាន​ត្រឹមត្រូវ​។​ក្រុមហ៊ុន​ក៏បាន​ធ្វើតាម​ការណែនាំរ​បស់​មន្ទីរ​ផងដែរ​។ ដូច្នេះ​ពី​ពេលនេះ​ទៅ​គឺ​គ្មាន​ក្រុមហ៊ុន​ណា​ធ្វើ​សកម្មភាព​ខុសច្បាប់​ទៀត​ទេ តែបើ​ពេលខាងមុខ​មាន​ក្រុមហ៊ុន​ណា​ហ៊ាន​ធ្វើ​ល្មើសច្បាប់​ទៀត​នោះ​ខាង​មន្ទីរ​និង​ចុះ​បិទ​អាជីវកម្ម​ក្រុមហ៊ុន​នោះ​ចោល​តែម្តង​៕S/​ដោយ​៖​ចាន់ថន​

​ពិនិត្យ​ការ​បូម​ខ្សាច់​ដោយ​កំណត់​ឲ្យ​ក្រុមហ៊ុន​ដាក់​ពោង​ទីតាំង​បាន​ត្រឹមត្រូវ​តាមច្បាប់ (រូប៖ចាន់ថន)