«​ពិព័រណ៍​ការកម្សាន្ត​និង​ការ​វិនិយោគ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៩» ជា​វេទិកា​ដោះដូរ​និង​ពង្រីក​អាជីវកម្ម​

566
ចែករម្លែក

ដោយ​: សុផល​
​ព្រះសីហនុ​:
ពិព័រណ៍​ការកម្សាន្ត​និង​ការវិនិយោគ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៩ (Asia Entertai-nment and Investment Expo2019) បាន​ត្រូវធ្វើឡើង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២៧ និង​២៨ ខែមិថុនា ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​សុខា ខេត្ត​ព្រះសីហនុ​។​

​វេទិកា​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​Worldex Expo Cambodia នេះ​ជា​ជំនួប​ដ៏​សំខាន់​សម្រាប់​ទីផ្សារ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ សណ្ឋាគារ ភោជនីយដ្ឋាន កម្សាន្ត និង​បដិសណ្ឋារកិច្ច​។​

​អ្នកវិនិយោគ​ចម្រុះ​ជាតិ​សាសន៍​ចំនួន​៨០​នាក់​មកពី​បណ្តា​ប្រទេស​ចំនួន​១៥​ដូចជា​៖ ចក្រភព​អង់គ្លេស ចិន សហរដ្ឋអាមេរិក ហុងកុង ម៉ា​កាវ កូរ៉េ ជប៉ុន ម៉ាឡេស៊ី សិង្ហ​បុរី ម៉ា​ល់តា តៃវ៉ាន់ ហ្វីលីពីន រុស្សី និង កម្ពុជា​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍ ដែលមាន​៦០​ស្តង់​។​

​លោក សំ សិរី​រតន៍ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​ពិធី​បើក​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​ថា​៖​ស្រប​ពេលដែល​ប្រទេស​កម្ពុជា​ជា​ម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច តាងនាម​ឱ្យ​ក្រសួងពាណិជ្ជកម្ម​យើង​ពិត​ជាមាន​មោទនភាព ដែល​ប្រទេស​កម្ពុជា​ត្រូវបាន​ជ្រើសតាំង​ជា​កន្លែង​ប្រជុំ​ទីផ្សារ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ជជែក​ពិភាក្សា ទាក់ទង​នឹង​ការ វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ សណ្ឋាគារ ភោជនីយដ្ឋាន កម្សាន្ត និង​បដិសណ្ឋារកិច្ច​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​សម្រាប់​ឆ្នាំ​២០១៨​នេះ​។​

​លោក មាន​ជំនឿ​យ៉ាង​មុតមាំ​ថា «​ពិព័រណ៍​ការកម្សាន្ត និង​ការ​វិយោគ​ប្រចាំ​តំបន់ អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៩ »​គឺជា​ឱកាស​ដ៏​ឧ​ត្ត​ម​មួយ​សម្រាប់​ការជួបជុំ សហការ ដោះដូរ និង​ពង្រីក​អាជីវកម្ម រវាង​ម្ចាស់​អាជីវកម្ម អ្នកជំនួញ​ជាពិសេស​វិនិយោគិន​ជាតិ​និង​វិនិយោគិន​បរទេស​ដែល​សកម្មភាព​ទាំងនេះ​បាន​បង្កើន​ការចាប់អារម្មណ៍​លើ​ការវិនិយោគ​នៅ​កម្ពុជា​កាន់តែ​ខ្លាំងក្លា​និង​ជួយ​ជំរុញ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​ភាព​ល្អប្រសើរ​ឡើង​ថែម​មួយកំរិត​ទៀត​»​។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក​រដ្ឋលេខាធិការ​បា​ន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ បណ្ដា​ក្រុមហ៊ុន​ដែល​កំពុងមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​(AGE2019) ចំនួន​ជាង​៦0​ស្ដង់ ដែល​សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​អន្តរជាតិ អញ្ជើញ​មកពី ប្រទេស​អង់គ្លេស ចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ ម៉ា​ល់តា អូស្ត្រាលី ហុងកុង តៃវ៉ាន់ ហ្វីលីពីន ម៉ាឡេស៊ី សិង្ហ​បុរី និង​ថៃ ដែល​បាន​ចូលរួម​គាំទ្រ និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមការងារ ដើម្បី​បង្កើត​នូវ​ព្រឹត្តិការណ៍រ​ដ៏​ធំ និង​មាន​សារៈប្រយោជន៍​នេះ​ឡើង​។​

​លោក Dato’ Jerel Soo, នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Worldex Trade Media Asia​បាន​ថ្លែងថា ពិព័រណ៍​ការកម្សាន្ត និង​ការ​វិយោគ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៩ ឬ Asia Entertainment and Investment Expo2019 ហៅ​កាត់​ថា AGE2019» មាន​គោលដៅ​ក្នុងការ​បង្កើន​ការរីកដុះដាល​នៃ​បច្ចេកវិទ្យា​ទំនើប ដើម្បី​បង្កើន​ឱកាស​ទំនាក់ទំនង​លើ​កិច្ចការងារ​ជាច្រើន ដែល​រួមមាន​ផ្នែក​ឧស្សាហកម្ម​ផងដែរ​។​យើង​រំពឹងទុក​ថា​នឹងមាន​អ្នកចូលរួម​ទស្សនា​ជាង ៣៥០០​នាក់ ដែល​នឹង​អាចជា​សក្តានុពល​ក្នុងការ​ជំរុញឱ្យមាន​ចរន្ត​សាច់ប្រាក់ ច្រើនជាង​៣០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​២​ថ្ងៃនេះ​។​

​វេទិកា​នេះ​ទាក់ទាញ​ភ្ញៀវកិត្តិយស​អន្តរជាតិ​ចំរុះ​ជាតិ​សាសន៍​ចំនួន​៨០ មកពី​បណ្តារ​ប្រទេស​ចំនួន​១៥ មានដូចជា ប្រទេស​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក ចិន ហុងកុង ម៉ា​កាវ កូរ៉េ ជប៉ុន ម៉ាឡេស៊ី សាំង​ហ្គា​ពួរ ម៉ា​ល់តា តៃវ៉ាន់ ហ្វីលីពីន រុស្សី និង​ប្រទេស​កម្ពុជា​៕ ល​