​ពិព័រណ៍​ការងារ​នា​ឆ្នាំ​២០១៩​នេះ​នឹង​ទាក់ទាញ​មនុស្ស​៣​ម៉ឺន​នាក់​ចូល​ទស្សនា​

342
ចែករម្លែក

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ព្រឹត្តិការណ៍​«​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៩»​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​ទាក់ទាញ​បណ្តា​យុវជន​និង​ពលរដ្ឋ​ចាស់​ក្មេង​ឱ្យចូល​ទស្សនា​យ៉ាងហោចណាស់​៣​ម៉ឺន​នាក់​និង​អាច​ផ្តល់ឱកាស​ការងារ​ដល់​យុវជន​ប្រមាណ​២​ម៉ឺន​កន្លែង​។​

​សូមបញ្ជាក់ថា​ពិព័រណ៍​ការងារ​ឆ្នាំ​នេះដែរ ត្រូវបាន​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រោម​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដោយមាន​រយៈពេល​ពីរ​ថ្ងៃ​គឺ ថ្ងៃ​សៅរ៍​-​អាទិត្យ​ទី​០២-០៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​៨ ព្រឹក ដល់ ៨ យប់ នៅ​អគារ​ពាណិជ្ជកម្ម និង​ពិព័រណ៍​កោះ​ពេជ្រ ។​
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៩​នៅ​ថ្ងៃទី​២៨​ខែតុលា​នេះ​លោក​ហៃ​ហ៊ុន​ឡេង​ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​បានឱ្យដឹងថា​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​នេះ​ជាទី​កន្លែង​ជួបជុំគ្នា​។​ដោយបាន​ផ្តល់​ភាពងាយស្រួល​សម្រាប់​និយោជក​អ្នកផ្តល់​ការអប់រំ​បណ្តុះបណ្តាល​អ្នកស្វែងរក​ការងារ​ធ្វើ​និង​កម្មករនិយោជិត​ក្នុងការ​ទទួលបាន​ឱកាស​ការងារ​ជ្រើសរើស​បុគ្គលិក និង​ចែករំលែក​ព័ត៌មាន​ទីផ្សារការងារ​។​

​លោក​បាន​បញ្ជាក់ថា​ក្នុង​ពិព័រណ៍​ការងារ​នេះ​ត្រូវបាន គេ​រំពឹងថា​នឹង​ទាក់ទាញ អ្នកចូលរួម​ទស្សនា​ជាង ៣​ម៉ឺន​នាក់​ដែល​ភាគច្រើន​ជា​សិស្ស​-​និស្សិត​យុវជន​អ្នកស្វែងរក​ការងារ​និង​កម្មករនិយោជិត​ពី​គ្រប់​វិស័យ​។​ក្រៅពីនេះ​នឹង​ផ្តល់ឱកាស​ការងារ​សរុប​ជាង​២​ម៉ឺន​កន្លែង​ដែល​បានផ្តល់​ដោយ​ក្រុមហ៊ុន​សហគ្រាស​ធំៗ​ជាង​១៥០​មកពី​វិស័យ​សំខាន់ៗ​។​ដូចជា​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សំណង់​សណ្ឋាគារ​និង​បដិសណ្ឋារកិច្ច​ទូរគមនាគមន៍​ការអប់រំ​និង​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​កម្មន្តសាល​និង​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​នៅក្នុង​បញ្ជរ​សរុប​ចំនួន​៣០០​។​

​លោក​ហៃ​ហ៊ុន​ឡេង​បានឱ្យដឹង​បន្ថែមថា​ក្រៅពី​ទទួលបាន​ឱកាស​ការងារ​រាប់ម៉ឺន​កន្លែង​អ្នកចូលរួម​ក៏​នឹង​ទទួលបាន​ព័ត៌មាន​ពី​ផែនការ​តម្រូវការ​និង​គោលនយោបាយ​ក្នុងការ​ជ្រើសរើស​កម្លាំង​ពលកម្ម​នាពេល​បច្ចុប្បន្ន និង​អនាគត កម្មវិធីសិក្សា អាហារូបករណ៍ វគ្គ​សិក្សា និង​កម្មវិធី​អភិវឌ្ឍ​ជំនាញ​។

​គួរ​បញ្ជាក់ថា​ដើម្បី​ទទួលបាន​ឱកាស​ការងារ​ល្អៗ​និង​ការយល់ដឹង​អំពី​ការបង្កើន​ផលិតភាព​សូម​យុវជន សិស្ស​-​និស្សិត​អ្នកស្វែងរក​ការងារ​ធ្វើ​និង​កម្មករនិយោជិត​ទាំងអស់​ចូលរួម​ទស្សនា​និង​កុំ​ភ្លេច​យក​ប្រវត្តិរូប​សង្ខេប​(CV)​មកជា​មួយ​ដើម្បី​ដាក់ពាក្យ​ស្នើសុំ​ការងារ​ដោយផ្ទាល់​ជាមួយ​និយោជក​ដែល​កំពុង​ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​៕S/

​សន្និសីទ​សារព័ត៌មាន​ស្តីពី​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៩​កាលពី​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​