​ពិព័រណ៍​យន្តហោះ​និង​បច្ចេកវិទ្យា​លើកដំបូង​បំផុត​នៅ​កម្ពុជា

1242
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ឧទ្ធម្ភាគចក្រ​និង​យន្តហោះ​ឯកជន​ជាច្រើន​គ្រឿង​ព្រមទាំង​បច្ចេកវិទ្យា​ច្នៃ​និង​ផលិត​ដោយ​សិស្ស​និស្សិត​ខ្មែរ​ត្រូវ​ដាក់តាំង​បង្ហាញជូន​សាធារណជន​ពីថ្ងៃ​ទី​១៤​ដល់​១៦​ខែធ្នូ​ឆ្នាំ​២០១៨​នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិចិនតុង​។​ក្រៅពីនេះ​ក៏មាន​សិក្ខាសាលា​ស្តីពី​យន្តហោះ​និង​បច្ចេកវិទ្យា និង​ការប្រកួតប្រជែង “​យន្តហោះ​កៅស៊ូ​ផងដែរ​។​

​ពិព័រណ៍​យន្តហោះ​និង​បច្ចេកវិទ្យា​គឺជា​កម្មវិធី​សង្គម​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមយុវជន​កម្ពុជា​ដែល​ស្រឡាញ់ និង​ចូលចិត្ត​យ៉ាងខ្លាំង នូវ​ជំនាញ និង​មុខវិជ្ជា​អំពី យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរ​កូដ​វិស្វកម្ម​និង​វិទ្យាសាស្ត្រ​។​

គោលបំណង​នៃ​ពី​ព័រ​ណ៍​នេះ​គឺ​ចង់​ផ្តួច​ផ្តើមគំនិត​និង​បណ្តុះ​គំនិត​ដល់​យុវជន សិស្ស និស្សិត ជំនាន់​ក្រោយ​ដែលមាន​ទឹកចិត្ត​ស្រឡាញ់​វិស័យ​អាកាសចរណ៍ និង​យន្តហោះ​ជាពិសេស​បច្ចេកវិទ្យា​មានឱកាស​ទទួលបាន​ចំណេះដឹង​បទពិសោធន៍​ដែលមាន​យន្តហោះ​ផ្ទាល់​អាច​ចូល​មើល​ទាំង​ផ្នែក​ខាងក្នុង​និង​ខាងក្រៅ​និង​ស្វែងយល់​ពី​បច្ចេកវិទ្យា​ផងដែរ​។​
​ ​
​លោក​ឈី​កុល​បុត្រា​ប្រធាន​រៀបចំ​ពិព័រណ៍​យន្តហោះ​និង​បច្ចេកវិទ្យា​មកពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​បានឱ្យដឹងថា​៖​ពិព័រណ៍​យន្តហោះ​និង​បច្ចេកវិទ្យា​ឆ្នាំ​២០១៨​នេះ​ជាការ​រៀបចំ​លើកដំបូង​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​សហភាព​សហព័ន្ធ​យុវជន កម្ពុជា ខេត្តស្វាយរៀង​។​ជាមួយ​នោះ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី កងទ័ព​ជើង​អាកាស និង ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​ការគាំទ្រ​សហការ​រៀបចំ​ពី​ក្រុមហ៊ុន Helistar (Cambodia) និង​អង្គការ​សែ្ទ​ម​កម្ពុជា​។

​លោក​បាន​បញ្ជាក់ថា​៖​ពិព័រណ៍​មាន​គោលបំណង​ផ្តល់ឱកាស​ដល់ យុវជន សិស្ស​និស្សិត កម្ពុជា​ទាំងអស់ និង​សាធារណជន​បានឃើញ និង​ចូល​ទស្សនា​ដោយ​សេរី​តាមរយៈ​ការដាក់​បង្ហាញ យន្តហោះ​ឯកជន (Private Jets) និង​ឧទ្ធម្ភាគចក្រ (Helicopters) ជាដើម ទាំង​ផ្នែក​ខាងក្រៅ និង​ក្នុងនៃ​យន្តហោះ ព្រមទាំង ការតាំង​បង្ហាញ​នូវ​ស្នាដៃ​ទេពកោសល្យ​កូន​ខែ្មរ​យើង ដែល​បាន​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច គ្រឿងយន្ត បច្ចេកវិទ្យា និង​ការសរសេរ​កូដ​ផ្សេងៗ​ជាដើម​។​

​លោក​ឈី កុល​បុត្រា នេះ​ក៏​ជា​ឱកាស​ដ៏​វិសេស​មួយ​ដែល​ប្រមូលផ្តុំ​នូវ​ធនធានមនុស្ស យុវជន​សិស្ស​និស្សិត​កម្ពុជា មកពី​វិទ្យាល័យ សកល​វិទ្យាល័យ​នានា​ទូទាំងប្រទេស​កម្ពុជា ដែលមាន​ជំនាញ​ផ្នែក បច្ចេកវិទ្យា​។ ការសរសេរ​កូដ វិស្វកម្ម វិទ្យាសាស្ត្រ និង​ព្រមទាំង ស្រឡាញ់​ចូលចិត្ត​ចំណេះដឹង​យន្តហោះ និង​អាកាសចរ និង​លើសពីនេះ​យុវជន សិស្ស​និស្សិត និង​អ្នកចូលរួម​ទាំងអស់ អាច​សួរ​ជា​សំណួរចម្លើយ ទៅកាន់​អ្នកបើក​យន្តហោះ​ដែល​នៅ​ទីនោះ​ផ្ទាល់ ។​ឯកទេស និង​យុវជន សិស្ស​និស្សិត​នានា ដែល​ចូលរួម​តាំង​ពិ​ព័រ​ណ័​បង្ហាញ​អំពី យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរ​កូដ វិស្វកម្ម និង​វិទ្យាសាស្ត្រ​ជាដើម​។​ល​។​

​លោក​បាន​ឱ្យដឹងទៀតថា​៖​អ្វី​គួរឱ្យ​អារម្មណ៍​ក្នុង​កម្មវិធី​នេះ គឺ​ការប្រកួតប្រជែង “​យន្តហោះ​កៅស៊ូ​” ដែល​ច្នៃ​ដោយ​ដៃ និង​មានការ​ចូលរួម​ពី​សិស្ស ១៤ ក្រុម​។ ការប្រកួត​ធ្វើឡើង​ក្នុង​គោលបំណង ឱ្យ​សិស្ស​ស្វែងយល់​ពី​មូលដ្ឋានគ្រឹះ​ខ្លះ ជំនាញ​ឌី​ហ្សា​ញ និង​ចំណុច​ផ្សេងៗ​ទៀត​៕S/

ចំណងជើង​រូ​បថ​តៈ​ឧទ្ធម្ភាគចក្រ​និង​យន្តហោះ​ឯកជន​ជាច្រើន​គ្រឿង​ព្រមទាំង​បច្ចេកវិទ្យា នៅក្នុង​ពិព័រណ៍​យន្តហោះ​បាន​ត្រូវ​ដាក់តាំង​បង្ហាញជូន​សាធារណជន ពីថ្ងៃ​ទី​១៤​ដល់​១៦​ខែធ្នូ ឆ្នាំ​២០១៨