​ពិព័រណ៍​រូបថត “​ស្រមោល និង​ពន្លឺ​”​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​២៣​ឧសភា​

1162
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ / ភ្នំពេញៈ វិទ្យាស្ថាន​ភាសា​បារាំង​នៅ​កម្ពុជា (IFC)​បានប្រកាស​ឲ្យ​ដឹងថា​ពិព័រណ៍​មួយ​ដែលមាន​ឈ្មោះថា “ ស្រមោល និង​ពន្លឺ “​នឹង​ប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍ ២៣ ខែឧសភា រហូតដល់​ថ្ងៃ ១៥ ខែមិថុនា ២០១៩ ដោយ​ពិធី​សម្ពោធ​នឹង​ចាប់ផ្តើម​ថ្ងៃ​ព្រហស្បតិ៍​វេលា​ម៉ោង​៦:៣០​ល្ងាច នៅ​វិទ្យាស្ថាន​ភាសា​បារាំង​នៅ​កម្ពុជា​។ ពិព័រណ៍​នេះ នឹងដាក់​តាំង​បង្ហាញ​នូវ​ស្នាដៃ​របស់លោក ក្លាវ​ឌី​ជ ស្លុប​ង់ ដែល​ត្រូវបាន​គេ​ចាត់ទុកជា​អ្នក​ថតរូប​បារាំង​ដ៏​សំខាន់​ម្នាក់​នៅក្នុង​ចំណោម​អ្នក​ថតរូប​ជំនាន់​គាត់​។ ស្នាដៃ​របស់គាត់​ត្រូវបាន​តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​ធំៗ​និង​មជ្ឈមណ្ឌល​សិល្បៈ​អន្តរជាតិ​នានា​។

​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​បញ្ជាក់ថា​លោក ក្លាវ​ឌី​ជ ស្លុប​ង់ ត្រូវបាន​គេ​ចាត់ទុកជា​អ្នក​ថតរូប​បារាំង​ដ៏​សំខាន់​ម្នាក់​នៅក្នុង​ចំណោម​អ្នក​ថតរូប​ជំនាន់​គាត់​។ ស្នាដៃ​របស់គាត់​ត្រូវបាន​តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​ធំៗ​និង​មជ្ឈមណ្ឌល​សិល្បៈ​អន្តរជាតិ​នានា​។ នៅ​ទីក្រុង​ភ្នំពេញ​ក្រោម​ការឧបត្ថម្ភ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា លោក​ស្លុប​ង់ បានជ្រើសរើស​ធ្វើ​ការងារ​ការណែនាំ​និង​បង្រៀន​អ្នក​ថតរូប​វ័យក្មេង​កម្ពុជា​ដែល​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង សិស្ស​នៃ​ស្ទូឌីយូ​រូបភាព ជុំវិញ​ប្រធានបទ​ស្រមោល​និង​ពន្លឺ​លើ​ភាពអាថ៌កំបាំង​នៃ​ទីកន្លែង​និង​ភាពអាថ៌កំបាំង​នៃ​ស្ថានភាព​។

​លោក ក្លាវ​ឌី​ជ ស្លុប​ង់ ត្រូវបាន​គេ​ចាត់ទុកជា​ឯកច្ឆ័ន្ទ​ថា ជាជាង ថតរូប​ម្នាក់ ក្នុង ចំណោម ជាង ថតរូប អឺរ៉ុប ដ៏​ល្បីៗ ក្នុង​ជំនាន់​របស់លោក​។ ស្នាដៃ​របស់លោក​ត្រូវបាន​ដាក់តាំង​ជូន​ទស្សនា និង​រក្សា​ទុកជា​សមុច្ច័យ​នៅក្នុង​សារមន្ទីរ​ធំៗ ដូច ជា នៅ Centre Georges Pompidou នាទី​ក្រុង​បារី​ស​, Millenium Museum for Art នៅ​ទីក្រុង​ប៉េកាំង​, Metropolitan Museum of Photography នាទី​ក្រុង​តូ​ក្យូ​, នៅ Harvard University, នៅ Cambridge, នៅ Maison Européenne de la Photographie នាទី​ក្រុង​បារី​ស​ជាដើម ព្រមទាំង​ដាក់តាំង​នៅក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​ជុំវិញ​រូបថត ដូចជា នៅ Rencontres d’Arles នៅ​ប្រទេស​បារាំង​, Photo Beijing នៅ​ប្រទេស​ចិន​, Photokina នៅ​ប្រទេស​អាល្លឺម៉ង់ ។​ល​។ ក្នុងពេល​ធ្វើដំណើរ​កម្សាន្ត​ជាច្រើន ដូចជា​ទៅ​តំបន់​បាល់​កង់ សមុទ្រ​ខ្មៅ កា​រ៉ា​អ៊ី​ប ចិន រុស្ស៊ី ព្រមទាំង​តំបន់​ដទៃទៀត លោក ក្លាវ​ឌី​ជ ស្លុប​ង់ បាន​បង្កើត​ស្នាដៃ​ដ៏​ផ្ចិតផ្ចង់​មួយ ដែល​តែងតែ​ដិតដាម​ទៅដោយ​អត្ថន័យ​អក្សរសិល្ប៍ និង​កាត់ផ្ដាច់ ចេញពី បច្ចុប្បន្ន ភាព ដែល​កើតឡើង​ភ្លាមៗ​។ នៅក្នុង​រូបភាព​ដ៏​សោកសង្រេង បង្កប់​អាថ៌កំបាំង នាំមក​នូវ​ភាព​ក្ដុកក្ដួល ទស្សនិកជន ដែល យកចិត្តទុកដាក់ នឹង​ប្រឈម​ចំពោះមុខ​ក្ដី​ស្រមៃ នៅក្នុង​ខួរក្បាល​វិចិត្រករ​មួយរូប​ដែល​ឯកោ និង​ឯករាជ្យ​។ មានតែ​ឆ្លងកាត់​ការអាន​កំណាព្យ​ចំណី​ចក្ខុ​ដ៏​វែង​មួយ​ប៉ុណ្ណោះ នោះ​គឺ​ស្នាដៃ​ដែលមាន​ចំណងជើង​ថា នៅ​ចន្លោះ​ស្រមោល និង ពន្លឺ​ទើប​លោក​ទាញ​ចំណាប់អារម្មណ៍​យើង​នៅក្នុង​នោះ​មាននូវ​ភាព​លាយឡំ​គ្នា​រវាង​ចំណាកស្រុក​ដែល​កើតចេញពី​កំណើត​ដើម​របស់លោក​ជា​ជនជាតិ​ស្លូ​វេ​នី​។ នេះហើយ​ជាហេតុ​ផល​ដែល​នាំ​លោក​ឱ្យ​ត្រឡប់​ទៅកាន់​តំបន់​បាល់​កង់​វិញ​ជា​ញឹកញាប់ និង ដំណើរ​ត្រាច់ចរ​ដែល​តំណាង​ដោយ​ទេសភាព​ដ៏​ធំ​ល្វឹងល្វើយ​មាន​ពណ៌​ស្លេកស្លាំង​ឬ​ដោយ​រូបភាព​ដែល​លោក​ថត​ចេញពី​បង្អួច​រទេះភ្លើង ឬ​បង្អួច​ឡានក្រុង ដែល​លោក​ជិះ​ឆ្លងកាត់​ទាំង​ប្រទេស​រុស្ស៊ី និង​តំបន់​កា​រ៉ា​អ៊ី​ប​។

​សេចក្តីប្រកាស​រំលឹកថា​នៅ​កម្ពុជា លោក ក្លាវ​ឌី​ជ ស្លុប​ង់ ដឹកនាំ​ការងារ​មួយ ដែលមាន​និស្សិត​ចូលរួម​ធ្វើ​លំ​ហាត់​ដ៏​សំខាន់​មួយ​នេះ គឺ​ធ្វើ​ការថតរូប​ប្រៀបដូចជា ការតាក់តែង បែប​សំណេរ ពីព្រោះថា ក្រោយពី​បាន​ឆ្លងកាត់​អស់​រាប់​ទសវត្សរ៍​នៃ​ការថតរូប និង​រូបភាព រាប់លាន ប៉ុ​ស្ត៍​ដែល​សាកល្បង​បកស្រាយ​ពី​តថភាព​នោះ មក​តើ​នៅមាន​សល់​អ្វី​ទៀត​ពី​តថភាព​ក្រៅពី​រូបថត​ផ្ទាល់ ដែលជា​ឧបករណ៍​បញ្ចេញ ឱ្យដឹងពី​ខ្លួនឯង​។ និស្សិត​ទាំងអស់គ្នា ម្នាក់ៗ​ទៅតាម​ចំណង់​ចំណូលចិត្ត និង​ឧបនិស្ស័យ​របស់ខ្លួន ចេះ​រក​វិញ្ញាសា មួយ​ឬ​ច្រើន​តាមរយៈ​ប្រធានបទ​ទូទៅ​នៃ​ពិព័រណ៍ ដែល​រំលេច​ឱ្យឃើញ​នូវ​ក្ដី​ស្រមៃ​របស់​ពួកគេ​រៀងខ្លួន ហើយ ដែល​ពួកគេ បង្ហាញ​ផងដែរ​ប្រៀបដូចជា​ខណៈពេល​ណាមួយ​ដែល​អ្វីៗ នៅ​ជុំវិញខ្លួន​យើង សុខចិត្ត​បង្ហាញខ្លួន​ឱ្យ​យើង​ទស្សនា​។​

​ការចូលរួម​ទស្សនា​ដោយ​សេរី​ជាមួយនឹង​ទទួលទាន​ភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ​ក្នុង​ថ្ងៃ​សម្ពោធ​។​

​សម្រាប់​អ្នកកាសែត​ឬ​អ្នក​ចង់​ចូលរួម​អា​ទំនាក់ទំនង​សារព័ត៌មាន |​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​ភាសា​បារាំង /​អង់គ្លេស​ម៉ា​រី​យុង​ណូ​លេ​(MarionNollet)​ទូរស័ព្ទ​០១២ ៣៣៣ ៥០១,
E : marion.nollet@institutfrancais-cambodge.com​។ ភាសា​ខ្មែរ​លោក​ឆុន ប៊ុន​ឈឿន​ទូរស័ព្ទ​០៩៣ ៤៧៩ ០៤៧,
E : bunchhoeun.chhon@institutfrancais-cambodge.com៕

#