​ពិព័រណ៍​វប្បធម៌​អន្តរជាតិ​ផ្លូវ​សូត្រ លើក​ទី​៤ និង​ពិធីបុណ្យ​ទេសចរណ៍ ផ្លូវ​សូត្រ​អន្តរជាតិ លើក​ទី​៩

167
ចែករម្លែក
ពិព័រណ៍​វប្បធម៌​អន្តរជាតិ​ផ្លូវ​សូត្រ លើក​ទី​៤ និង​ពិធីបុណ្យ​ទេសចរណ៍​ផ្លូវ​សូត្រ​អន្តរជាតិ​លើក​ទី​៩ នៅ​ប្រទេស​ចិន​(រូបថតអាជ្ញាធរជាតិអប្សរា)​

ដោយៈ​គូលែន​/​សៀមរាប​: លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា អញ្ជើញ​ចូលរួម​ពិធី​បិទ​ពិព័រណ៍​វប្បធម៌ អន្តរជាតិ​ផ្លូវ​សូត្រ លើក​ទី​៤ និង​ពិធីបុណ្យ​ទេសចរណ៍ ផ្លូវ​សូត្រ​លើក​ទី​៩ នៅ​ប្រទេស​ចិន នា​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩ នេះ ដោយមាន​ការចូលរួម​ពី​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក ពៅ ពិសិដ្ឋ អភិបាលរង ខេត្តសៀមរាប ។​


លោកស្រី​រដ្ឋមន្ត្រី ភឿង ស​កុ​ណា បាន​បញ្ជាក់ថា ពិធី​បិទ “​ពិព័រណ៍​វប្បធម៌​អន្តរជាតិ​ផ្លូវ​សូត្រ លើក​ទី​៤ និង​ពិធីបុណ្យ​ទេសចរណ៍ ផ្លូវ​សូត្រ​អន្តរជាតិ លើក​ទី​៩” (The 4th Silk Road (Dunhuang) International Culture Expo and the 9th Dunhuang Tour-Silk Road International Tourism Festival) បានធ្វើ​ឡើង​នៅ​ទីក្រុង Dunhuang ខេត្ត Gansu នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​


​លោកស្រី បាន​បន្តថា រូបលោក​ស្រី ត្រូវបាន​អង្គពិធី​ទាំងមូល ជ្រើសតាំង​ជា​អ្នកតំណាង ដើម្បី​ថ្លែង​សុន្ទរកថា ក្នុងនាម​ប្រតិភូ​សរុប ១.០០០ នាក់ មកពី ៣០ ប្រទេស ដែលមាន​ទំនាក់ទំនង ជាមួយនឹង​ផ្លូវ​សូត្រ​។ ក្រៅពី​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌ លោកស្រី​រដ្ឋមន្ត្រី ក៏បាន​លើកឡើងថា ព្រឹត្តិការណ៍​នេះ មានតម្លៃ​ដ៏​វិសេសវិសាល សម្រាប់​សហគមន៍​អន្តរជាតិ​ទាំងមូល ជា​និមិត្តរូប​នៃ​សន្តិភាព ការរួបរួម បើកទូលាយ ភ្ជាប់​ទំនាក់ទំនង និង​រៀនសូត្រ ពីគ្នា​ទៅវិញទៅមក ហើយ​វា​គឺជា​កិច្ចសហប្រតិបត្តិការ ឈ្នះ ឈ្នះ រវាង​បណ្តា​ប្រទេស នៅតាម​ផ្លូវ​សូត្រ​ទាំងអស់​។​


ក្នុងឱកាស​នោះដែរ លោកស្រី ភឿង ស​កុ​ណា បាន​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ដាច់ដោយឡែក​ពីគ្នា ជាមួយ​លោក Zhang Xu អនុរដ្ឋមន្ត្រី​វប្បធម៌ និង​ទេសចរណ៍​ចិន និង​លោក Tang Renjian អភិបាលខេត្ត Gansu ។ គណៈប្រតិភូ ក៏បាន​អញ្ជើញ​ទស្សនា​ខ្សែភាពយន្ត​ឯកសារ ដែលមាន​ចំណងជើង​ថា “​កិច្ចសន្ទនា រវាង Mogao Grottoes និង​ប្រាសាទអង្គរវត្ត​” ដែលជា​បេតិកភណ្ឌ​ពិភពលោក និង​សាម​ន្ទីរ Dunhuang ផងដែរ​៕សរន

#