​ពិព័រណ៍​សហ​សម័យ​៖ “​ប្រសិនបើ​មិនមាន​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​”

539

ដោយៈ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​សហការ​ជាមួយ​សាលា​ជំនាញ​សិល្បៈ​សូន​រូប​ហ្វា​ពន្លឺ​សិល្បៈ បានរៀបចំ​ការតាំងពិព័រណ៍​មួយ​ស្តីអំពី​៖ ”​ប្រសិនបើ​មិនមាន​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​” ដែល​ប្រារព្ធ​ធ្វើ​នៅក្នុង​វិចិត្រសាល​សិល្បៈ សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត អគារ H នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ ចាប់ពី​ថ្ងៃទី​៣០​ខែវិច្ឆិកា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ការតាំងពិព័រណ៍​នេះ បាន​បើក​ឲ្យ​មានការ​ចូលរួម​យ៉ាង​ទូលំទូលាយ​ពី​សំណាក់​សាធារណៈជន​ទាំងអស់ ដែលមាន​បំណង​ចង់​ស្វែងយល់​អំពី​អត្ថន័យ នៃ​ការតាំងពិព័រណ៍ និង​ទស្សនា​រូបគំនូរ​ស្អាតៗ​ចំនួន​១៥​ផ្ទាំង ដែល​រូបគំនូរ​ទាំងអស់នេះ គឺជា​ស្នាដៃ​សិល្បៈ​របស់​និស្សិត​ឆ្នាំ​ទី​២ ដែល​កំពុងតែ​សិក្សា​នៅក្នុង​សាលា​ជំនាញ​សិល្បៈ​សូន​រូប​ហ្វា​ពន្លឺ​សិល្បៈ ស្ថិតនៅ​ខេត្តបាត់ដំបង និង​ត្រូវបាន​យកមក​ដាក់តាំង​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។

​ពិព័រណ៍​សហ​សម័យ ៖ ”​ប្រសិនបើ​មិនមាន​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​” បានកើត​ចេញពី​គំនិត​ស្រមើស្រមៃ​របស់​និស្សិត​ទៅលើ​សម័យ​សង្គមរាស្ត្រនិយម ដែលជា​សម័យកាល​មួយ​ដែល​ប្រទេស​កម្ពុជា ទើបតែ​ទទួលបាន​ឯករាជ្យ​ពី​ប្រទេស​បារាំង និង​មិនទាន់បាន​រង​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ពី​សង្គ្រាម​។ យើង​មើលឃើញថា ប្រទេស​កម្ពុ​ជានា​សម័យ​នោះ បានចាប់ផ្តើម​រស់​ឡើងវិញ​នៃ​វប្បធម៌ អរិយធម៌​ខ្មែរ ដែល​នាំ​ឲ្យ​មានការ​រីកចម្រើន​យ៉ាងខ្លាំង​លើ​វិស័យ​សិល្បៈ ដូចជា ចម្រៀង ខ្សែភាពយន្ត និង​ស្ថាបត្យកម្ម​ដែរ​។​

​លោក ស្រី បណ្តូល សា្ថ​ប​និក​របស់​សាលា​ជំនាញ​សិល្បៈ​សូន​រូប​ហ្វា​ពន្លឺ​សិល្បៈ​បាន​និយាយថា គោល​គំនិត​សំខាន់​ចំពោះ​ប្រធានបទ​នេះ​គឺ​កើតឡើង​មកពី​កិច្ច​ពិភាក្សាគ្នា​ជាមួយនឹង​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាលពី​ឆ្នាំ​កន្លងទៅនេះ​។ លោក​ពិត​ជាមាន​ការបា​រ​ម្មណ៍​យ៉ាងខ្លាំង​ចំពោះ​សំណង់​ដែល​កំពុងតែ​សាងសង់​សព្វថ្ងៃនេះ ស្ថិតនៅ​ទីតាំង​ក្បែរ​វិមានឯករាជ្យ​និង​ព្រះបរមរាជវាំង​។ ដូច​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ដែរ បន្ទាប់ពី​សង្គ្រាម​បានបញ្ចប់ សេដ្ឋកិច្ច​ប្រទេស​នេះ​បានចាប់ផ្តើម​រីកចម្រើន​យ៉ាងខ្លាំង ដោយ​ឃើញ​មាន​សំណង់​អគារ​ខ្ពស់ៗ​ជាច្រើន​ត្រូវបាន​សាងសង់ ដែល​អគារ​ទាំងនោះ​មិនសូវ​បាន​រក្សា​នូវ​អត្តសញ្ញាណ​របស់​ប្រទេស​កូរ៉េ​ត្បូង​ទេ​។ ដូច្នេះ​លោក ឆាំង យុ បាន​ឲ្យ​សិស្ស​ទាំងអស់​គូរគំនូរ​របស់ខ្លួន​ចេញពី​ការស្រមើស្រមៃ​ថា ប្រសិនបើ​ប្រទេស​កម្ពុជា​មិនមាន​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​កើតឡើង​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩ ទេ តើ​ប្រទេស​យើង​នឹង​អាច​រីកចម្រើន​បាន​ដល់​កម្រិតណា​។ សិស្ស​ទាំងអស់​ក៏បាន​សិក្សា​អំពី​ទីតាំង​ពីរ​ផ្សេងគ្នា​គឺ​ទេសភាព​នៅក្នុង​រាជធានី​ភ្នំពេញ និង​វាលពិឃាដ​ជើងឯក និង​ទួលស្លែង​។

​គោលបំណង​នៃ​ការតាំងពិព័រណ៍​
​ស្នាដៃ​នៃ​ការតាំងពិព័រណ៍​រូបគំនូរ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការជួយ​ជំរុញ លើកទឹកចិត្ត និង​ការ​ដាស់តឿន​ស្មារតី​ដល់​ក្មេងៗ​ជំនាន់​ក្រោយ និង​អ្នក​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ផ្នែក​ស្ថាប​ត្យ កម្ម ការតុបតែង អ្នក​រចនា​ទីក្រុង និង​អាជ្ញាធរ​ដែនដី ឲ្យ​នឹកឃើញ​ទៅនឹង​អ្វីដែល​យើង​បាន​បាត់បង់ ហើយ​ស្តារឡើងវិញ​ដើម្បី​ការរៀបចំ​កសាង​អគារ​បែបនេះ​ដែល​អាច​ជះឥទ្ធិពល​ទៅលើ​ផ្នត់គំនិត​នៃ​ការកសាង​ទីក្រុង​ថ្មី​ទាំង​ពេលបច្ចុប្បន្ន និង​អនាគតកាល​។

​ការរំពឹងទុក​ចំពោះ​ការតាំងពិព័រណ៍​
​ការតាំងពិព័រណ៍​ស្តីពី ”​ប្រសិនបើ​មិនមាន​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​” សង្ឃឹមថានឹង​មានការ​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ ជាពិសេស​ការអញ្ជើញ​ចូលរួម​ពី​គរុ​សិស្ស​ដែល​កំពុងតែ​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ព្រោះ​គរុ​សិស្ស​គឺជា​ធនធាន​មួយ​យ៉ាងសំខាន់​នៅក្នុង​វិស័យ​អប់រំ ដែល​អាចជួយ​បណ្តុះ​គំនិត​សិស្ស​ពីអ្វី​ដែល​គាត់​បាន​ស្វែងយល់​អំពី​ការតាំងពិព័រណ៍​នេះ​។ ព្រឹត្តិការណ៍​នៃ​ការតាំង​ពិ​ព៍រណ៍ ក៏​អាច​ចែករំលែក​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​យល់ដឹង​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​និង​ផលវិបាក​ដែល​បាន​បន្សល់ទុក​នៃ​របប​នេះ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​។

​ផលវិបាក​
​ដំណើរការ​នៃ​ការតាំងពិព័រណ៍ មិនសូវមាន​អ្វី​ជា​ឧបសគ្គ​ខ្លាំង​នោះទេ​។ សិស្ស​មួយ ចំនួន​បាន​បោះបង់​ការ​គូរគំនូរ​របស់ខ្លួន​ព្រោះ​ដោយសារតែ​ភាព​មមាញឹក​ក្នុងការ​សិក្សា​និង​ជួបប្រទះ​ផលវិបាក​នៃ​ការប្រើប្រាស់​គំនិត​ក្នុងការ​ស្រមើស្រមៃ​អំពី​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​ដែល​គ្មាន​សង្គ្រាម​បំផ្លិចបំផ្លាញ ក៏ដូចជា​ការខ្វះ​ភាព​អត់ធ្មត់​របស់​និស្សិត​ទៅលើ​ការ​គូរគំនូរ​របស់ខ្លួន​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​ការ​គូររូប​គំនូរ​ចំនួន​១៥​ផ្ទាំង​និង​ការតាំងពិព័រណ៍​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ជោគជ័យ​។
​អត្ថន័យ​របស់​ផ្ទាំងគំនូរ​នីមួយៗ ៖

១) ផ្ទាំងគំនូរ​ទី​១
​យឿ​ត យៀង គឺជា​និស្សិត​ឆ្នាំ​ទី​២​នៃ​សាលា​ហ្វា​ពន្លឺ​សិល្បៈ​ស្ថិតនៅក្នុង​ខេត្តបាត់ដំបង​។ យៀង បាន​បកស្រាយ​អំពី​រូបគំនូរ​របស់គាត់​ថា​៖


​គំនូរ​របស់ខ្ញុំ គឺមាន​ការផ្សំផ្គុំ​ក្បាច់​ខ្មែរ​បុរាណ​ជាច្រើន​ចូលគ្នា​ទៅលើ​អាគារ​ទំនើប​។ ខ្ញុំ​បានធ្វើការ​ស្រាវជ្រាវ​តាមរយៈ ការស្រមើស្រមៃ ការថតរូប​នៅក្នុង​ទីក្រុង​ភ្នំពេញ​ក្បែរ​វិមានឯករាជ្យ ការសិក្សា​ពី​រូបគំនូរ​វិចិត្រករ​ល្បីៗ និង​ការស្រឡាញ់​ក្បាច់បុរាណ​ខ្មែរ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​តែម្តង​។​ខ្ញុំ បាន​ប្រើប្រាស់​រចនាបទ​ខ្មែរ​ទាំងអស់​នៅក្នុង​រូបគំនូរ​របស់ខ្ញុំ និង​បាន​បន្ថែម​ពណ៌​នៅលើ​រូបគំនូរ​របស់ខ្ញុំ​ឲ្យ​មាន​ភាពល្អ​ឆើតឆាយ រស់​រវើក​នៅក្នុង​ទីក្រុង​ដ៏​ចំណាស់​មួយ​នេះ​។​ខ្ញុំ​បាន​ប្រើប្រាស់​រយៈពេល​ប្រហែល​១​ខែ​សម្រាប់​ការ​គូរគំនូរ​នេះ ហើយ​ក៏បាន​ជួបប្រទះ​ការលំបាក​ខ្លះ​ចំពោះ​សម្ភារ​សម្រាប់​គូរ​ដូចជា ក្រណាត់​ហាក់បីដូចជា​ក្រាស់​បន្តិច​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ក្នុងការ​គូស​ក្បាច់​។​ប៉ុន្តែ​ទោះបីជា​យ៉ាងណា ខ្ញុំ​បាន​គូស​រូប​តាម​ការស្រមើស្រមៃ​របស់​ខ្ញុំ​ចំពោះ​ទីក្រុង​ភ្នំពេញ ប្រសិនបើ​គ្មាន​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​កើតឡើង​។ ខ្ញុំ​សង្ឃឹមថា​គំនូរ​របស់ខ្ញុំ​អាច​ចែករំលែក​ដល់​អ្នកទស្សនា​ស្គាល់​នូវ​អត្តសញ្ញាណ​ក្បាច់​ខ្មែរ​នៅក្នុង​សម័យ​ទំនើប​មួយ​។

២) ផ្ទាំងគំនូរ​ទី​២
​ខ្ញុំ​ឈ្មោះ លឹម ស្រី​ឈី​ង ជា​និស្សិត​ឆ្នាំ​ទី​២​នៃ​សាលា​ជំនាញ​សិល្បៈ​សូន​រូប​ហ្វា​ពន្លឺ​សិល្បៈ និង​កំពុងតែ​សិក្សា​ជំនាញ​គណនេយ្យ​នៅ​សាកលវិទ្យាល័យ​បាត់ដំបង​។ ខ្ញុំ​មិនមែនជា​អ្នក​ពូកែ​គូរគំនូរ​អ្វី​ទេ ប៉ុន្តែ​រូបគំនូរ​របស់ខ្ញុំ គឺជា​អ្វីដែល​បានកើត​ចេញពី​ក្តី​ស្រមើស្រមៃ​ចំពោះ​ទីក្រុង​ភ្នំពេញ​ថា​តើ​ទីក្រុង​នេះ​នឹងមាន​ភាពស្រស់ស្អាត និង​រក្សាបាន​នូវ​វប្បធម៌​ដ៏​ត្រចះត្រចង់​របស់​ខ្មែរ​ដូចម្តេចខ្លះ​ប្រសិនបើ​មិន​ទទួលរង​ការបំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាម​ដែល​បានកើត​ឡើង​នៅក្នុង​របប​ខ្មែរក្រហម​។

ខ្ញុំ​ចង់បាន​ទីក្រុង​ទំនើប​មួយ​ដែល​សាងសង់​អគារ​មាន​លាយឡំ​ជាមួយ​ក្បាច់រចនា​បុរាណ​ខ្មែរ​និង​មាន​ធម្មជាតិ​នៅ​អម​ជាមួយ​។​ការ​គូររូប​គំនូរ​នេះ​ពិតជា​ពិបាក​ណាស់​សម្រាប់​ខ្ញុំ​ព្រោះ​ខ្ញុំ​ត្រូវ​អត់ធ្មត់ និង​ធ្វើការ​ស្រមើស្រមៃ​ខ្ពស់​ទៅនឹង​អ្វីដែល​មិនអាច​កើតឡើង​បាន​ព្រោះ​សង្គ្រាម​បាន​កើតឡើង​រួចទៅហើយ​។ ខ្ញុំ​គិតថា​ប្រសិនបើ​គ្មាន​សង្គ្រាម​ទេ ទីក្រុង​ភ្នំពេញ​នឹង​អាច​រក្សាបាន​នូវ​រចនាបទ​របស់ខ្លួន​បាន​យ៉ាងច្រើន​។ ខ្ញុំ​បាន​ចំណាយពេល​ប្រហែល​ជិត​ពីរ​ខែ​សម្រាប់​គូរគំនូរ​១​ផ្ទាំង​នេះ​។ ខ្ញុំ​សង្ឃឹមថា​រូបគំនូរ​របស់ខ្ញុំ​នឹង​អាច​បណ្តុះ​គំនិត​អ្នកទស្សនា​សម្រាប់​ការចូលរួម​កែលម្អ​ទីក្រុង​ភ្នំពេញ​នាពេល​អនាគត​។

៣) ផ្ទាំងគំនូរ​ទី​៣
​ខ្ញុំ​ឈ្មោះ យ៉េន ស៊ីណា គឺជា​ព្រះសង្ឃ ដែល​សព្វថ្ងៃ​កំពុងតែ​សិស្ស​ឆ្នាំ​ទី​២​នៃ​សាលា​ជំនាញ​សិល្បៈ​សូន​រូប​ហ្វា​ពន្លឺ​សិល្បៈ​។ ខ្ញុំ​បាន​គូររូប​គំនូរ​ចំនួន​ពីរ​ផ្ទាំង​ហើយ​បាន​យកមក​ដាក់តាំង​បង្ហាញ​នៅក្នុង​វិចិត្រសាល​សិល្បៈ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត​ថ្ងៃនេះ​។ ខ្ញុំ​បាន​ចំណាយពេល​ប្រហែល​៤​សប្តាហ៍​ក្នុងការ​គូររូប​២​ផ្ទាំង​នេះ​។

រូបគំនូរ​ទាំងនេះ កើតចេញពី​គំនិត​និង​ការណែនាំ​របស់លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បាន​បង្កើត​ប្រធានបទ​សម្រាប់​គំនូរ​ទាំងនេះ​ឡើង​ថា ប្រសិនបើ​គ្មាន​សង្គ្រាម​និង​អំពើ​ប្រល័យពូជសាសន៍​នៅក្នុង​ប្រទេស​កម្ពុជា តើ​ប្រទេស​យើង​នឹង​រីកចម្រើន​យ៉ាងដូចម្តេច​។ ដូច​ច្នេះ​ហើយ ខ្ញុំ​បានចាប់ផ្តើម​គិតពី​វប្បធម៌ ប្រពៃណី​របស់​ខ្មែរ​ពី​សម័យមុន ដោយបាន​នឹកឃើញ​ដល់​រូបចម្លាក់​ក្បាច់​ខ្មែរ​បុរាណ ថា​តើ​ខ្ញុំ​គួរតែ​យក​ក្បាច់បុរាណ​ទាំងអស់​ភ្ជាប់​ទៅលើ​អគារ​ទំនើប​ខ្ពស់ៗ​យ៉ាងដូចម្តេច​ទើប​អាច​បង្ហាញ​ពី​វប្បធម៌​របស់​ខ្មែរ​បាន​។ ខ្ញុំ​ជួប​ការលំបាក​ខ្លះ​ដែរ​ព្រោះ​ខ្ញុំ​ត្រូវការ​ស្វែងរក​គំនិត​ច្រើន​ក្នុងការ​គូររូប​ធ្វើយ៉ាងណា​ឲ្យ​អ្នកទស្សនា​ស្គាល់​ថា​ជាទី​ក្រុង​មួយ​មាន​ដែល​លក្ខណៈ​បុរាណ ប៉ុន្តែ​ស៊ី​វិ​ល័យ​។ ខ្ញុំ​គិតថា​រូបគំនូរ​២​ផ្ទាំង​នេះ​អាច​ផ្តល់​ផលប្រយោជន៍​បាន​អាស្រ័យទៅលើ​ចំណង់​ចំណូលចិត្ត​របស់​អ្នកទស្សនា និង​ការយកទៅ​ប្រើប្រាស់ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា​រូបគំនូរ​នេះ​អាច​ផ្តល់​ផលប្រយោជន៍​ដល់​វិស្វករ​ដែលមាន​គម្រោង​សាងសង់​អគារ​នៅក្នុង​ទីក្រុង​ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​អនាគត​ដែរ​។

៤) ផ្ទាំងគំនូរ​ទី​៤
​ខ្ញុំ​ឈ្មោះ រ៉េ​ន វណ្ណា គឺជា​និស្សិត​ឆ្នាំ​ទី​២​នៃ​សាលា​ជំនាញ​សិល្បៈ​សូន​រូប​ហ្វា​ពន្លឺ​សិល្បៈ​ដែល​ស្ថិតនៅក្នុង​ខេត្តបាត់ដំបង​។ រូបគំនូរ​នេះ​គូរ​ចេញពី​ក្តី​ស្រមើស្រមៃ​របស់ខ្ញុំ​ចំពោះ​ទីក្រុង​ភ្នំពេញ​ប្រសិនបើ​មិន​ធ្លាប់បាន​ជួបប្រទះ​សង្គ្រាម​។ រូបគំនូ​របស់ខ្ញុំ​គឺជា​គំនូរ​បែប​សហ​សម័យ​ដែល​បានបង្ហាញ​សិល្បៈ​របស់​ខ្មែរ និង​អាចជួយ​ឲ្យ​បរទេស ឬ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្គាល់​។

ខ្ញុំ​បាន​ចំណាយពេល​ប្រហែល​ជិត​២​ខែ​សម្រាប់​គូររូប​គំនូរ​១​ផ្ទាំង​នេះ ហើយ​បាន​ជួប​ផល​លំបាក​ខ្លាំង​ចំពោះ​ការ​ផាត់​ពណ៌ ព្រោះ​ខ្ញុំ​ត្រូវ​លៃលក​ថា​តើ​រូបគំនូរ​នេះ​ត្រូវ​ផាត់​ពណ៌​យ៉ាងណា​ឲ្យ​សមស្រប​គ្នា​ជាមួយនឹង​ប្រធានបទ​។ ខ្ញុំ​បាន​សង្កេត​មើលឃើញ​អ្នកទស្សនា​ភាគច្រើន​ចាប់អារម្មណ៍​ទៅនឹង​គំនូរ​ដែល​កំពុងតែ​ដាក់តាំង​បង្ហាញ​នៅក្នុង​វិចិត្រសាល​នេះ​។ នៅ​ថ្ងៃ​អនាគត ខ្ញុំ​ចង់​ឲ្យ​ទីក្រុង​ភ្នំពេញ ទទួលបាន​ការរីកចម្រើន​ខ្លាំង ប៉ុន្តែ​អាច​រក្សាបាន​នូវ​អ្វី​ដែលជា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា និង​សិល្បៈ​របស់​ខ្មែរ​ឲ្យ​នៅ​គង់វង្ស​។

​ទស្សនៈ​របស់​អ្នកចូលរួម​ទស្សនាការ​តាំងពិព័រណ៍​
១) ព្រំ គិត​ម៉ាន់ ភេទ​ប្រុស គឺជា​និស្សិត​ឆ្នាំ​ទី​២ ជំនាញ​រដ្ឋបាល​សាធារណៈ​នៅ​សាកល​វិទ្យា​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។​
“​នៅពេលដែល​ខ្ញុំ​បានទទួល​ដំណឹង​ថា​មានការ​ដាក់តាំង​ពិព័រណ៍ ដែល​និយាយ​អំពី “​ប្រសិនបើ​មិនមាន​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​” ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​ណាស់ ហើយក៏​បានមក​ចូលរួម​ក្នុងថ្ងៃនេះ​។ ខ្ញុំ​គិតថា​ពិព័រណ៍​នេះ​មាន​លក្ខណៈ​ប្លែក​ពី​គេ និង​អាច​រៀបរាប់​ប្រាប់​យើង​បាន​ថា​ប្រសិនបើ​ប្រទេស​យើង​មិនបាន​ជួបប្រទះ​នឹង​សង្គ្រាម​នោះទេ​គឺ ប្រទេស​យើង​នឹងមាន​ទិដ្ឋភាព​ស្អាតៗ​ដូច​រូបគំនូរ​ដែល​កំពុងតែ​ដាក់តាំង​បង្ហាញ​នៅក្នុង​ពិព័រណ៍​នេះ​ឬក៏​អាច​រីកចម្រើន​ជាង​អ្វីដែល​បាន​គូស​នៅក្នុង​រូបគំនូរ​នេះ​ថែមទៀត​។ រូបគំនូរ​ទាំងនេះ​អាច​ឲ្យ​យើង​យល់ដឹង​កាន់តែច្បាស់​អំពី​ផលវិបាក​ដែល​បាន​បន្សល់ទុក​ពី​សង្គ្រាម​ដែល​បាន​កើតឡើង​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​នៅក្នុង​ប្រទេស​កម្ពុជា និង​ជា​សារ​មួយ​អាចជួយ​អប់រំ​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ថែរក្សា​ប្រពៃណី ទំនៀមទម្លាប់ និង​រួមគ្នា​ការពារ​កុំ​ឲ្យ​សង្គ្រាម​កើតមាន​ម្តងទៀត​នៅពេល​អនាគត​”​។

២) យន់ ស៊ី​ណូ​ត ភេទ​ស្រី គឺជា​គរុ​និស្សិត​ផ្នែក​ព័ត៌មានវិទ្យា​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ “​ខ្ញុំ​បានទទួល​ដំណឹង​អំពី​ការតាំងពិព័រណ៍​រូបគំនូរ​នេះ​តាមរយៈ​មិត្តភក្តិ​រៀន​ជាមួយគ្នា​។ ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​ចំពោះ​ការតាំងពិព័រណ៍​រូបគំនូរ​នេះ​ណាស់​ព្រោះ​ខ្ញុំ​ចូលចិត្ត​រូបគំនូរ​។ ខ្ញុំ​សង្កេតឃើញថា​រូបគំនូរ​ទាំងអស់នេះ​បាន​ប្រើប្រាស់​រចនាបទ​ខ្មែរលើ​អគារ​ខ្ពស់ៗ​ក្នុងសម័យ​ទំនើប ដែល​នេះ​បាន​បង្ហាញថា​ប្រសិនបើ​ប្រទេស​យើង​គ្មាន​សង្គ្រាម​ទេ យើង​នឹងមាន​ការអភិវឌ្ឍន៍​ខ្លាំង​ជាង​សព្វថ្ងៃនេះ​។ ការដាក់​តាំងពិព័រណ៍​នេះ​ពិតជា​ល្អ​ណាស់​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​។ វា​ពិតជា​កាន់​តែមាន​សារប្រយោជន៍​បន្ថែមទៀត​ប្រសិនបើ​មានការ​ដាក់តាំង​ពិព័រណ៍​រូបគំនូរ​ទាំងអស់នេះ​នៅ​ទីកន្លែង​ផ្សេងៗ​ទៀត​ជាពិសេស​តាម​សាលារៀន​ដើម្បី​ឲ្យ​សិស្ស​អាច​ទទួលបាន​ព័ត៌មាន​ទាំងអស់នេះ​។ ចំពោះ​ខ្ញុំ ការ​ទស្សនាការ​តាំងពិព័រណ៍​នេះ​គឺ​វា​ជាការ​កំសាន្ត​អារម្មណ៍​និង​ក៏​ជាការ​រំឭក​ឡើងវិញ​អំពី​សម័យបុរាណ​និង​អ្វីៗ​ដែល​ខ្មែរ​យើង​ធ្លាប់មាន​កាលពី​អតីតកាល​។​ខ្ញុំ​នឹង​ចែករំលែក​អ្វីៗ​ដែល​ខ្ញុំ​បានឃើញ​ក្នុងថ្ងៃនេះ​ទៅដល់​សិស្ស​របស់ខ្ញុំ​នូវ​ពេលអនាគត​។​ដោយសារតែ​ប្រទេស​យើង​ធ្លាប់​ជួបប្រទះ​អំពើ​ប្រល័យពូជសាសន៍​ទើប​យើង​ត្រូវ​ចាប់ផ្តើម​កសាង​ប្រទេស​ពី​ចំណុចសូន្យ​ឡើងវិញ​”​។

៣) ខ្ញុំ​ឈ្មោះ ឈួន សុ​លី​ណា ភេទ​ស្រី គឺជា​គរុ​និស្សិត​ជំនា​ន់ទី​២៤​មុខវិជ្ជា​គណិតវិទ្យា​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ ខ្ញុំ​គិតថា​ការតាំងពិព័រណ៍​រូបគំនូរ​នេះ​គឺ​ពិតជា​ល្អ​ណាស់ ព្រោះ​អាច​ឲ្យ​ខ្ញុំ​ទទួលបាន​ឱកាស​រៀនសូត្រ​ពីអ្វី​ដែល​ថ្មីៗ និង​រូបភាព​ស្អាតៗ​ដែល​បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ទីក្រុង​មួយ​ដែល​កំពុងតែ​រីកចម្រើន​ខ្លាំង​។ រូបគំនូរ​នេះ​ក៏​ជួយ​ឲ្យ​ខ្ញុំ​ដឹងថា​ប្រទេស​កម្ពុជា​យើង​ធ្លាប់មាន​អរិយធម៌​ដ៏​ត្រចះត្រចង់​កាលពី​អតីតកាល​ដែរ​៕ ល​

ស្ថាបនិក​និង​ក្រុមនិស្សិត​នៃ​សាលា​ជំនាញ​សិល្បៈ​សូន​រូប​ហ្វា​ពន្លឺ​សិល្បៈ​