​ពិព័រណ៍​អាហារ​តៃវ៉ាន់​លើកដំបូង​នៅ​កម្ពុជា​

223
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ពិព័រណ៍​អាហារ​លើកដំបូង​របស់​កោះ​តៃវ៉ាន់​នៅ​កម្ពុជា​បាន​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៩​។​ពិព័រណ៍​ដែល​មិន​ធ្លាប់មាន​ពីមុន​មកនេះ​មាន​ស្តង់​អាហារ​ចំនួន​១៦​និង​មាន​រយៈពេល​មួយខែ​ផ្តើម​ពីថ្ងៃ​ទី​១​ខែធ្នូ​ដល់​៣១​ខែធ្នូ​ឆ្នាំ​២០១៩​និង​ចាប់ផ្តើម​បើក​ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​១០​យប់​ជា​រៀងរាល់ថ្ងៃ​។​

ពិព័រណ៍​អាហារ​ដែល​សហការ​រៀប​ចំ​ដោយ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​និង​ម្ចាស់​អាជីវកម្ម​មកពី​កោះ​តៃវ៉ាន់​នេះ មាន​គោលបំណង​បង្កើន​សកម្មភាព​ទីផ្សារ​ឱ្យ​កាន់តែ​សម្បូរបែប​និង​ផ្តល់​បទពិសោធន៍​នៃ​ការ​ភ្លក់​រសជាតិ​អាហារ​កំរិតស្តង់ដា​និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។​ក្នុងនោះ​រួមមាន​តែ​គុជ​,​មី​សាច់គោ​គុយទាវ​សាច់គោ គ្រឿង​បំពង ស៊ុប មី​តាន់​ជឺ និង​បង្អែម សណ្តែក ដំឡូង រួមទាំង​សាច់ក្រក់​តៃវ៉ាន់ ជាដើម​។​

​កញ្ញា​ConnieShia​អនុប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យាបា​ន​មានប្រសាសន៍ថា​៖​ពិ​ព័រ​ណ៌​ចំណីអាហារ​តៃវ៉ាន់​ដ៏​ធំ និង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា នេះ​រៀបចំឡើង​រយៈពេល​១​ខែ គឺ​ចាប់ពី​ថ្ងៃទី​១ ដល់ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​បរិវេណ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា រាជធានី​ភ្នំពេញ ។​

​កញ្ញា​បាន​បន្តថា​ពិព័រណ៍​ចំណីអាហារ​នេះ​មាន​ការតាំង​បង្ហាញ​ចំនួន​ជិត​២០​ស្ដង់​និង​មានការ​តាំង​បង្ហាញ​ពី​អាជីវករ​ជាច្រើន​មកពី​ប្រទេស​តៃវ៉ាន់​ដោយបាន​តាំង​បង្ហាញ​នូវ​មុខម្ហូប​បែប​ប្រពៃណី​និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​របស់​តៃវ៉ាន់​។​កញ្ញា​បន្ថែមទៀតថា​ពិព័រណ៍​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​បង្កើត​សកម្មភាព​ទីផ្សារ​ឱ្យ​កាន់តែ​សម្បូរបែប​និង​ផ្ដល់​បទពិសោធន៍​នៃ​ការ​ភ្លក់​រសជាតិ​អាហារ​កម្រិតស្ដង់ដារ​ដែ​ល​មាន​រសជាតិ​ឆ្ងាញ់​។​

​កញ្ញា​អនុប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យាបា​ន​បន្ដថា​«​នាង​ខ្ញុំ​សង្ឃឹមថា​ពិព័រណ៍​ម្ហូបអាហា​តៃវ៉ាន់​និង​ម្ហូបអាហារ​ផ្សេងៗ​ដែល​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​នឹង​ផ្ដល់ជូន​ដល់​អតិថិជន​ទាំងអស់​នូវ​ជម្រើស​ក្នុងការ​ទទួលទាន​នូវរស​ឆ្ងាញ់ៗ​»​។​

​លោក Shia Jeng តំណាង​អាជីវករ​មកពី​ប្រទេស​តៃវ៉ាន់ បាន​ថ្លែងថា​៖​ពិព័រណ៍​អាហារ​តៃវ៉ាន់​នេះ មាន​គោលបំណង​ចង់ឱ្យ​ពលរដ្ឋ​កម្ពុជា​បាន​ស្គាល់​ពី​វប្បធម៌​នៃ​អាហារ​តៃវ៉ាន់​ក៏ដូចជា​ឱកាស​មួយ​សម្រាប់​អ្នកវិនិយោគទុន​តៃវ៉ាន់ បានឃើញ​ពី​ភាពជឿនលឿន និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា កំណើនសេដ្ឋកិច្ច ព្រមទាំង​ភាពរួស​រាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា​ដែលជា​កត្តា​មួយ​ទាក់ទាញ​វិនិយោគិន​តៃវ៉ាន់​មក​បណ្តាក់ទុន​នៅ​កម្ពុជា​។​

​សូមជម្រាបថា​នេះ​ជា​លើក​ទី​១​ហើយ​ដែល​តៃវ៉ាន់​បានរៀបចំ​ពិព័រណ៍​អាហារ​នេះ​នៅ​កម្ពុជា​ហើយក៏​គ្រោង​នឹង​រៀបចំ​ពិ​ព័​ណ៍​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​នៅពេល​ខាងមុខ​៕S/

​ចំណងជើង​រូបថត​៖​ពិព័រណ៍​អាហារ​លើកដំបូង​របស់​កោះ​តៃវ៉ាន់​នៅ​កម្ពុជា​បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា កាលពី​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩(​រូប​៖​សុផល​)