​ពីររូប​ទៀតហើយ ដែល​ខ្ទាត​ចេញពី​ការប្រកួត​

356
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement វគ្គ​ជម្រុះ​ជុំ​ទី​១ នា​យប់​ថ្ងៃទី​២៧ កក្កដា មាន​អ្នក​ប្រដាល់ ២ រូប​ទៀតហើយ ដែល​ខ្ទាត​ចេញ ពី​ការប្រកួត ហើយក៏​មាន​អ្នក​ប្រដាល់ ២ រូប​ទៀត​ដែរ ដែល​ញញឹម ដោយបាន​កក់​កៅអី នៅ​ជុំ​ទី​២ បន្តទៀត ។​

​ឆាយ មាស ក្លិប​សំរោង​កោង​កីឡា ខេត្តបាត់ដំបង ដែលមាន​ជំនឿ​ចិត្ត​ថា នឹង​យកឈ្នះ​គូប្រកួត​របស់ខ្លួន​គឺ ភួង ពិសិដ្ឋ ក្លិប​ខេត្ត​រតនគីរី ឲ្យ​ទាល់តែ​បាន​នោះ បែរជា​ប្រកួត​ចាញ់​ពិន្ទុ គូប្រកួត​របស់ខ្លួន ទាំង​ប្រផិតប្រផើយ ដោយ​មិន​អស់ចិត្ត ។ ការប្រកួត ដែល​មានតែ ៣ ទឹក​នោះ ពួកគេ​វាយ​សម្រុក​គ្នា ដោយ​មិន​សំចៃ​កម្លាំង​ឡើយ ។​

ការប្រកួត​លើស​ង្វៀន​ប៉ុស្តិ៍​លេខ​៥

​ស្ថិតិ​នៃ​ការ​វ៉ៃ​ចេញ​របស់​ពួកគេ ប្រហាក់ប្រហែលគ្នា តែ​កណ្ដាប់ដៃ​របស់ ពិសិដ្ឋ ចំ​គោលដៅ បាន​ច្រើនជាង ។ បន្ទាប់ពី​ប្រកួត​គ្នា ពេញ​ទាំង ៣ ទឹក​នោះ ជ័យជំនះ បាន​ទៅ ភួង ពិសិដ្ឋ ដោយ​ពិន្ទុ ។ ពិសិដ្ឋ មាន​កៅអី សម្រាប់​ប្រកួត​បន្ត ទៅ​ជុំ​ទី​២​ទៀត ឯ ឆាយ មាស បញ្ចប់​បេសកកម្ម ត្រឹម​នេះហើយ​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់ លីន វីរៈ ក្លិប​បូរី​រាជ​សហ៍​មាន​រិ​ទ្ធ ប្រកួត​ចាញ់​អ្នក​ប្រដាល់ ព្រឿង សុជាតិ ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត ។ លីន វីរៈ ខ្ទាត​ចេញពី​ការប្រកួត តែត្រឹម​ប៉ុណ្ណេះ ហើយ​ចំពោះ ព្រឿង សុជាតិ គេ​ត្រៀមខ្លួន ឡើង​ប្រកួត​បន្ត ទៅ​ជុំ​ទី​២​ទៀត ។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ពេលនេះ មាន​អ្នក​ប្រដាល់ ៦ រូប​ហើយ ដែល​ខ​ទ្ទាត​ចេញ ពី​ការប្រកួត ហើយក៏​មាន​អ្នក​ប្រដាល់​ចំនួន ៦ រូប​ដែរ ដែល​បាន​កក់​កៅអី សម្រាប់​ជុំ​ទី​២ បន្តទៀត ។​

ការប្រកួត​លើស​ង្វៀន​ប៉ុស្តិ៍​លេខ​៥

​ចំពោះ​ការប្រកួត​ជា​មិត្តភាព រវាង​កម្ពុជា​-​ថៃ វិញ​នោះ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ធឿន ធារ៉ា ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ អា វ៉ា​តាន (Ao Watan) ដោយ​ពិន្ទុ​ដាច់ ។ ក្នុងការ​ប្រកួត ៥ ទឹក គ្រប់ទឹក​ទាំងអស់ ធារ៉ា មានប្រៀប​ស្ទើរតែ​គ្រប់ទឹក ។ សូមបញ្ជាក់ថា អ្នក​ប្រដាល់​កំពូលៗ របស់​កម្ពុជា ២ រូប​ហើយ ដែល​ត្រូវ​អ្នក​ប្រដាល់​រូបនេះ បង្ក្រាបបាន ។ រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍ ក៏​ចាញ់​ពិន្ទុ អា វ៉ា​តាន ដាច់​ដូច ធឿន ធារ៉ា ដែរ ។​

​ចំពោះ​គូប្រកួត ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ សោម វិឆ័យ ក្លិប​ពន្លឺ​វិបុល ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ កែវ សំរិទ្ធ ក្លិប​ខេត្ត​រតនគីរី ដោយ​ពិន្ទុ ទាំង​ប្រផិតប្រផើយ​ដែរ ។ សម្រាប់​គូ​នេះ ប្រកួត​គ្នា ៥ ទឹក ។ គេ​សង្កេតឃើញថា សំរិទ្ធ បាន​ព្យាយាម​ប្រើ​ស្នៀត នាគ​វ័ធ​កន្ទុយ តែ​មិនបាន​ផល​ឡើយ មិនតែប៉ុណ្ណោះ ជា​ញឹកញាប់ គេ​វិះ​តែ​នឹង​គ្រោះថ្នាក់ ដោយសារ វិឆ័យ ទៅវិញ​ទៀតផង ។ បន្ទាប់ពី​ប្រកួត​គ្នា​ពេញ​ទាំង ៥ ទឹក​នោះ សោម វិឆ័យ ឈ្នះ កែវ សំរិទ្ធ ដោយ​ពិន្ទុ ៕v