​ពីរ​គ្រួសារ​មិនទាន់បាន​សំណង​ករណី​រថយន្ត​ដឹក​ឈើបុក​ម៉ូតូ​ស្លាប់​មនុស្ស​៣​នាក់​

840
ចែករម្លែក

(​ស្ទឹងត្រែង​)៖​ស្ត្រី​មេម៉ាយ​ពីរ​គ្រួសារ​ត្រូវ​ប្តី​និង​កូន​ស្លាប់ចោល​ដោយសារ​រថយន្ត​ដឹកឈើ​បុក​ពេល​កំពុង បើក​ម៉ូតូឌុប​គ្នា​តាមផ្លូវ កាលពី​មួយខែ​មុន​មិនទាន់​ទទួលបាន​ភាពយុត្តិធម៌​និង​សំណង​ណាមួយ​ឡើយ​។​ការសុំ​អំពាវនាវ​រក​ខុសត្រូវ​នេះ​បន្ទាប់ពី​សំណុំរឿង​បាត់​សូន្យ​ហើយ​ជនបង្ក​នៅតែ​មិនបាន​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ណាមួយ​នៅឡើយ​ទេ​។​រីឯ​ស្ត្រី​ដែល​រងគ្រោះ​កំពុង​រស់នៅក្នុង​ជីវភាព​ខ្វះខាត​ក្រោយពី​ប្តី​ស្លាប់ចោល​។​

​សូម​រំលឹកថា​កាលពី​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៧​ម៉ូតូ​មួយគ្រឿង​ជិះ​ឌុប​គ្នា​បីនាក់​កំពុងធ្វើដំណើរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​។​ពេល​ជិះ​ម៉ូតូឌុប​គ្នា​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​នៅវេលា​ទាបភ្លឺ​ក៏​ស្រាប់​តែមាន​រថយន្ត​ប្រភេទ​សាំង​យ៉ុង​ដឹកឈើ​ក្តា​របើក​យ៉ាង​លឿន មក​បុក​អ្នកជិះ​ម៉ូតូ​ច្រាស់ទិស​គ្នា បណ្តាលឱ្យ​រថយន្ត​ក្រឡាប់​ធ្លាក់​ប្រឡាយ​ចូល​ព្រៃ​។ រីឯ អ្នកជិះ​ម៉ូតូ​បាន​ខ្ទាត​ចេញ​ពីលើ​ម៉ូតូ​ខ្លះ​ផ្លោងចូល​ក្នុងព្រៃ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​។​

​ហេតុការណ៍​នោះ​អ្នកបើកបរ​រថយន្ត​ដឹកឈើ​បាន​រត់គេចខ្លួន​។​ជនរងគ្រោះ​ឈ្មោះ​វង​ខុន អាយុ​៤៧​ឆ្នាំ​និង​កូនប្រុស​ឈ្មោះ​ម៉េង ខី​អាយុ​១៣​ឆ្នាំ​។​ម្នាក់ទៀត​ឈ្មោះ​អ៊ុំ​ហុង​ជា​អាយុ​៥០​ឆ្នាំ​។​ជនរងគ្រោះ​ទាំងបី​នាក់​រស់នៅ​ភូមិ​ប្ញ​ទ្ធី​សែន​ជ័យ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​ហើយ​បាន​ស្លាប់​ទាំងបី​នាក់​។​

ក្រោយពី​ស្លាប់ទៅ​អស់​រយះពេល​មួយខែ​មកដល់​ខែសីហា​ឆ្នាំ​២០១៧​គ្រួសារ​នេះ នៅសល់​ស្ត្រី​មេម៉ាយ​ពីរ​នាក់ ចំនួន​២​គ្រួសារ មិនទាន់​ទទួលបាន​ភាពយុត្តិធម៌​ឡើយ​។​រឿងនេះ នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ប្រាប់ថា​បាន​បញ្ជូន​សំណុំ​ឯកសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ទៅកាន់​តុលាការ​រួចរាល់​ហើយ​។​

ខាង​តុលាការ​មិនទាន់​ដឹង​មាន​ចំណាត់ការ​យ៉ាងម៉េច​ទេ​ពាក់ព័ន្ធ​សំណុំរឿង​រថយន្ត​ដឹក​ឈើបុក​មនុស្ស​ស្លាប់​ដល់​ទៅ​បីនាក់​។​ស្ត្រី​មេម៉ាយ​ដែលជា​ភរិយា​ជនរងគ្រោះ​បាន​សុំ​អំពាវនាវ​ដល់​ស្ថាប័ន​សមត្ថកិច្ច​និង​តុលា​ការជួយ​ដោះស្រាយ​រឿងនេះ​ឱ្យបាន​ឆាប់​បំផុត​ផង​៕S/​ដោយ​៖​ដោយៈ​សុខុម​