​ពីរ​ថ្ងៃ​ មនុស្ស​ជិត​៤០​នាក់​នៅក្នុង​ស្រុក​ចំនួន​ពីរ បាន​ពុល​នំ​បុ័ង​

243
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖ ក្នុង​រយៈពេល​ពីរ​ថ្ងៃ ​មនុស្ស​ក្មេង ចាស់ ប្រុស ស្រី ប្រមាណ​ជា​៣៧​នាក់ នៅក្នុង​ស្រុក​ចំនួន​ពីរ បាន​ពុល​នំ​បុ័ង ហើយ​ត្រូវ​ដឹក​យកទៅ​សង្គ្រោះ​។ ហេតុការណ៍​នោះ​កើតឡើង​នៅ​ថ្ងៃទី​១៦​ ខែសីហា​ឆ្នាំ​២០១៩ ​ស្ថិតនៅ​ស្រុក​ប្រាសាទបាគង​ និង​ស្រុក​បន្ទាយស្រី​។​

អធិការនគរបាល​ស្រុក​បន្ទាយស្រី លោក​ឡុង សំណាង បាន​ថ្លែងថា ពិតជា​មាន​ករណី​ពុល​នំប៉័ង​នេះ​កើតឡើង​ទៅលើ​ប្រជាពលរដ្ឋ​ចំនួន​៨​នាក់ រស់នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី​។ ប៉ុន្តែ​ក្រុមគ្រួសារ​បាន​ដឹកយក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ឃុន​រាម និង បាន​ធូរស្បើយ​ខ្លះ​អស់ហើយ គ្រាន់តែ​នៅ​សម្រាក​មួយ​យប់​ទៀត​ដើម្បី​តាមដាន​បន្ថែមទៀត​។​

លោក​បន្ថែមថា ករណី​ពុល​នេះ គឺ​បងប្អូន​ប្រជាពលរដ្ឋ បាន​ទិញ​ពី​អ្នកដើរ​លក់​នំប៉័ង​នៅតាម​ភូមិក្នុងស្រុក​បន្ទាយស្រី ជាប់​ជាប្រចាំ​ថ្ងៃ​។​រីឯ អ្នកលក់​នំប៉័ង​នេះ​មាន​ទីលំនៅ នៅ​ស្រុក​ប្រាសាទបាគង ។​

ដោយឡែក​លោក​វរសេនីយ៍ឯក​ មិន ចន្ថា អធិការនគរបាល​ស្រុក​ប្រាសាទបាគង​ក៏បាន​ថ្លែងថា កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ ក៏មាន​ករណី​ពុល​នំ​បុ័ង​ដូចគ្នានេះដែរនៅ​ចំណុចសាលា បឋមសិក្សា​កំពង់​ភ្លុក ស្ថិត​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង​។​ករណី​នោះ បណ្ដាល​ឲ្យ​ពុល​ក្មេងៗ​សិស្សសាលា​ចំនួន​២៩​នាក់ ក្នុងនោះ​ស្រី​២២​នាក់ ដែលមាន​អាយុ​ក្រោម​១០​ឆ្នាំ​។​ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ ដោយ​គ្រាន់តែ​ក្អួត និង​រាករូស ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មណ្ឌល សុខភាព​។​

លោក អធិការ​បាន​ឲ្យ​ដឹង​ទៀតថា ករណីនេះ គឺក្មេងៗ​បាន​ទិញ​នំ​បុ័ង​ញ៉ាំ​ពី​អ្នកគ្រូ​បង្ហាត់​សិស្ស​បឋម នៅ​ចំណុច​សាលារៀន​បឋមសិក្សា​កំពង់​ភ្លុក ឈ្មោះ ខ្ចៅ ម៉ា​រ៉ា អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង​។ ដោយ​អ្នកគ្រូ​បានទទួល​យក​ពី​ម៉ូយ ឈ្មោះ សុខ លីន ភេទស្រី នៅ​ភូមិ កញ្ជរ ឃុំ រលួស ស្រុក​ប្រាសាទបាគង​។​ប៉ុន្តែ​ករណីនេះ មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ​។​

ចំណែក​លោក​សឿន សេន នាយការិយាល័យ​នគរ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ករណីនេះ​លោក​បាន​ចុះទៅពិនិត្យ​មើល​ហើយ​គឺ​ភាគច្រើន​មកពី​នំប៉័ង​ទាំងនោះ​ទុក​គ្មាន​អនាម័យ និង​នៅសល់​យូរពេក​។ ករណីនេះ​សមត្ថកិច្ច​ចម្រុះ​នឹង​ចុះទៅ​ពិនិត្យមើល​ទីតាំង​ផលិត​នំប៉័ង​ដែល​ស្ថិតនៅ​ស្រុក​ប្រាសាទបាគង ផ្ទាល់​តែម្តង​នៅ​ថ្ងៃស្អែក ៕​Ha