​ពុទ្ធ ឆាយ​រិទ្ធី ជួប​ជាមួយ​ជើង​ខ្លាំង​ថៃ កង ថៃ​លេន នៅ​សង្វៀន Boostrong

459
ចែករម្លែក
  • 3
    Shares

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវគេ​ផ្គូរ​ឱ្យ​ជួប សាក​កណ្តាប់ដៃ ជាមួយ​ថៃ កង ថៃ​លេន (Kong Thailen) ក្នុង​កម្មវិធី​ប្រដាល់ Boostrong Fighter On Fire នៅ​សង្វៀន នៃ​ស្ថាន​នី​យ​ទូរទស្សន៍ អាស៊ី​អ​គ្នេ​យ៍ ( SEATV ) នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៧ កុម្ភៈ ២០១៩ ខាងមុខនេះ ។​

​ពុទ្ធ ឆាយ​រិទ្ធី ជួប កង ថៃ​លេន ក្នុង​ទម្ងន់ ៦៧ គីឡូក្រាម​។ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ កន្លងមក ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ ទើបតែ​មក​ស្រុក​ខ្មែរ ជា​លើក​ទី​១ ប៉ុណ្ណោះ ។ កង ថៃ​លេន បើ​ធៀប​ជាមួយ ពុទ្ធ ឆាយ​រិទ្ធី នោះ ក៏​ប្រហែលជា​ពុំ​អាច​ឈ្នះ ពុទ្ធ ឆាយ​រិទ្ធី បានដែរ ដោយសារ​អ្នក​ប្រដាល់​ថៃ​រូបនេះ មានបទពិសោធន៍ មិនជា​ល្អ និង​ខ្លាំង​ជាង​ឆាយ​រិទ្ធី នោះឡើយ ។

​ពុទ្ធ ឆាយ​រិទ្ធី ឥឡូវនេះ គេ​មានការ​វិវត្តន៍ ខាង​ក្បាច់គុន​ច្រើន គួបផ្សំ​នឹង​ការ​ខំប្រឹង ហ្វឹកហាត់​ទៀត ឃើញថា គេ​ខ្លាំង និង​ល្អ​ជាង​មុន​។ ពុទ្ធ ឆាយ​រិទ្ធី គេ​មាន​កំណត់ត្រា​ប្រកួត ១១៧ លើក ឈ្នះ​៩០​លើក ចាញ់ ២៥ លើក និង​ស្មើ ២ លើក ខណៈដែល កង ថៃ​លេន គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន ៦៤ លើក ឈ្នះ ៥២ លើក ចាញ់ ១១ លើក និង​ស្មើ ១ លើក ។

ពុទ្ធ ឆាយ​រិទ្ធី និង កង​ថៃ​លេន​

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល អ្នកណា​បានដែរ ។​

​គួរ​បញ្ជាក់ថា ពុទ្ធ ឆាយ​រិទ្ធី ប្រកួត​ជាមួយ​ថៃ លើកចុងក្រោយ​នេះ គឺ​បានឈ្នះ ភី​ត ឆៃ ( Phat Chhai ) ក្នុង​ទឹក​ទី​៣ ទាំង​សន្លប់​ខ្លួនឯង​នោះ ។​

​ចំពោះ​ការប្រកួត រវាង​ខ្មែរ និង​ខ្មែរ​វិញ លួ​ន សុខ​ខេង អ្នក​ប្រដាល់ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវគេ​ផ្គូរ​ផ្គង ឱ្យ​ជួប​ប្រកួត​ជាមួយ ហេង សំរាំង អ្នក​ប្រដាល់ ក្លិប​ព្រៃទទឹង ខេត្តបាត់ដំបង ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ។ ពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ កន្លងមក ។ ដូច្នេះ ជំនួប​លើក​នេះ គឺជា​ការជួបគ្នា លើកដំបូង ។

​លួ​ន សុខ​ខេង ជា​អ្នក​ប្រដាល់ មិនមាន​ឈ្មោះ​បោះ​សម្លេង​នោះទេ តែ​គេ​ជា​អ្នក​ប្រដាល់ ចាស់វស្សា​ដែរ ។ ជា​ទម្លាប់​របស់ លួ​ន សុខ​ខេង គេ​ឡើង​ប្រកួត ច្រើន​វ៉ៃ មិន​យោគយល់​អ្វី​នោះទេ ។ ចំពោះ ហេង សំរាំង វិញ គេ​ជា​អ្នក​ប្រដាល់​ជើងចាស់ ដោយ​ត្រូវបាន​អ្នក​ស្នេហា​កីឡាប្រដាល់ ចាប់អារម្មណ៍ ដោយសារតែ​ការប្រកួត របស់គេ​ល្អ ហើយ​លទ្ធផល​ឈ្នះ ច្រើនជាង​ចាញ់ ។

​ទោះបីជា​គេ មាន​វ័យ​ច្រើន​បន្តិច​ក្តី សម្រាប់​ស្នៀត​ប្រដាល់​របស់ សំរាំង មិនជា​ចាញ់ លួ​ន សុខ​ខេង នោះទេ​។ សំរាប់​ការជួបគ្នា​នេះ បើសិនជា សំរាំង ពុំមាន​បញ្ហា​អ្វី​កើតឡើង​ទេនោះ សុខ​ខេង គឺ​ពិបាក​ហើយ ព្រោះ ហេង សំរាំង មាន​តិច​និក​ល្អ​ជាង ។ សុខ​ខេង យ៉ាប់​តែ​បញ្ហា​ក​ម្លាំ​កាយ សម្បទា​មួយ​មុខ​ប៉ុណ្ណោះ ឯ​ស្នៀត​ប្រដាល់​របស់គេ មាន​ផ្លែ​ល្អ​។ តែ​យ៉ាងណា ហេង សំរាំង ក៏មាន​ផ្លែ​ល្អ​ដែរ​។ ដូច្នេះ​ក្នុង​ការជួប​ប្រកួត​គ្នា លើក​នេះ គឺ​មិនអាច​ទាយ​មុន​ថា ហេង សំរាំង ឈ្នះ ឬ​លួ​ន សុខ​ខេង ឈ្នះ​នោះឡើយ ? ។​

​ហេង សំរាំង ប្រកួត​លើកចុងក្រោយ​នេះ (២៦ មករា ២០១៩) គេ​បាន​វាយ​ស្មើ​ជាមួយ អ្នក​ប្រដាល់​អ៊ីរ៉ង់ Matin ។​

​វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់ ក្រសួងការពារជាតិ នឹងត្រូវ​ជួប​ប្រកួត ជាមួយ ចាន់ វ៉ា​រិ​ទ្ធ អ្នក​ប្រដាល់ ក្លិប​និរោធ​មានជ័យ ដោយ​ប្រកួត​គ្នា ក្នុង​ទម្ងន់ ៦០ គីឡូក្រាម ។ ចាន់ វ៉ា​រិ​ទ្ធ ជា​អ្នក​ប្រដាល់ ស្រករ​ក្រោយ ហើយ វៀត ប៊ុន​ឌឿ​ន ជា​អ្នក​ប្រដាល់​ចាស់វស្សា ។ ពួកគេ​ទាំងពីរ​នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា ម្តងណា​នៅឡើយ​ទេ ពីមុនមក ។ តែ​យ៉ាងណា សម្រាប់​ការជួបគ្នា​នេះ មិនដឹងថា វៀត ប៊ុន​ឌឿ​ន គេ​អាច​យកឈ្នះ​ជើង​ថ្មី ស្រករ​ក្រោយ ចាន់ វ៉ា​រិ​ទ្ធ បាន ឬ​អត់​នោះទេ​? ។​

​គង់ វិ​រៈ អ្នក​ប្រដាល់ ក្លិប​យុវ​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ត្រូវ​ជួប​ប្រកួត​ជាមួយ សល់ ស្រស់ អ្នក​ប្រដាល់ ក្លិប​សាល​វ័​ន្ត​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ហើយ លី តឿន ក្លិប​មកុដ​រាជសីហ៍ ជួប​ប្រកួត​ជាមួយ លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ក្នុង​ទម្ងន់ ៦០ គីឡូក្រាម ៕v