​ពុទ្ធ ឆាយ​រិទ្ធី និង ឆៃ សា​រ៉ា ជួប​សំណាងល្អ ក្នុងការ​ប្រកួត​វិលជុំ ចុងក្រោយ​ឬទេ ?

242
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សម្រាប់​ព្រឹត្តិការណ៍ ខ្សែក្រវាត់​ជើងឯក អ្នក​ប្រយុទ្ធ​កំពូល​ថាមពល Champion លើស​ង្វៀន​អាស៊ីអាគ្នេយ៍ នា​យប់​ថ្ងៃទី​១៧ វិច្ឆិកា អ្នក​ប្រដាល់​កម្ពុជា ២ រូប ដែល​កំពុងតែ​ប្រឈមមុខ​នឹង​ការ​ហាលអាវ​នោះ មិនដឹងថា នៅក្នុង​ការប្រកួត ចុងក្រោយ​របស់គេ ក្នុង​វគ្គ​វិលជុំ បានទទួល​ទ្ធ​ផល យ៉ាងណា​ឡើយ ។​

​ឆៃ សា​រ៉ា និង ផេ​ត អ៊ូ​ប៊ុន​

​ឆៃ សា​រ៉ា កំពូល​អ្នក​ប្រដាល់​ពូកែ​ឡាំប៉ា ហើយ​មិន​ទទួលយក​លទ្ធផល​ចាញ់​នោះ ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ផេ​ត អ៊ូ​ប៊ុន (Phat Oubun) ។ ពួកគេ​ទាំង ២ រូប ប្រកួត​បាន ៣ ប្រកួត​ដូចគ្នា ហើយ​បានទទួល​ជ័យជំនះ មួយ​ប្រកួត និង​ចាញ់ ២ ប្រ​កូត​ដូចគ្នា ។ ពួកគេ​សុទ្ធតែ​ប្រឈមមុខ​នឹង​ការ​ហាលអាវ ដូចគ្នា ហើយ​ការប្រកួត​មួយ​នេះ ពួកគេ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា​។​

​សា​រ៉ា ជា​អ្នក​ប្រដាល់​ចូលចិត្ត​លេង​កែង និង​វ៉ៃ​គ្មាន​សណ្ដាប់ធ្នាប់ គឺ​គេ​ដឹង​តែ​សម្រុកចូល តែ​ពេលខ្លះ ចូល​ឲ្យ​គេ​វ៉ៃ ក៏មានដែរ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​១០២​ដង ឈ្នះ​៨១​ដង ចាញ់​១៩​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ ផេ​ត អ៊ូ​ប៊ុន វិញ គេ​ជា​អ្នក​ប្រដាល់ ដែល​ប្រកួត​ក្នុង​ភាពស្ងប់ស្ងាត់ មិន​ឆេវឆាវ ទោះបី​គូប្រកួត​ឆេវឆាវ មកលើ​ខ្លួន​ក៏ដោយ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧០​ដង ឈ្នះ​៥៧​ដង និង​ចាញ់​១៣​ដង ។ ឆៃ សា​រ៉ា ជា​អ្នកឈ្នះ ឬក៏ ផេ​ត អ៊ូ​ប៊ុន ជា​អ្នកឈ្នះ​? ពិតជា​មិនអាច​ទស្សន៍ទាយ បាន​មុន​មែន ។​

ពុទ្ធ ឆាយ​រិទ្ធី និង រ៉ុង ណា​ផា​

​ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ​ឈ្មោះ រ៉ុង ណា​ផា (Rong Napha) ដែល ៣ ប្រកួត​របស់​ពួកគេ សុទ្ធតែ​ឈ្នះ​បាន​មួយ​ប្រកួត និង ចាញ់ ២ ប្រកួត​ដូចគ្នា ។​

​រិទ្ធី នៅក្នុង​ការប្រកួត​លើក​ទី​៣ របស់គេ ត្រូវ​អ្នក​ប្រដាល់​ថៃ ផេ​ត អ៊ូ​ប៊ុន អុក​នឹង​ជង្គង់​ឲ្យ​សន្លប់ នៅ​ទឹក​ទី​៣ ។ ពេលនេះ គេ​ជួប​ជាមួយ រ៉ុង ណា​ផា ដែលជា​អ្នក​ប្រដាល់ មិន​ស្រួល​បង្ក្រាប​នោះទេ ។ រិទ្ធី មាន​ប្រវត្តិ​ប្រកួត ចំនួន​១២៥​ដង ឈ្នះ​៩៥​ដង ចាញ់​២៨​ដង និង​ស្មើ​ពិន្ទុ​២​ដង​។ គេ​ជា​អ្នក​ប្រដាល់ ដែល​ចូលចិត្ត​បំពាន លើ​គូប្រកួត​គ្រាន់បើ​ដែរ ។​

​ចំពោះ រ៉ុង ណា​ផា ទោះបី​គេ​វ៉ៃ ដោយ​មិន​ច្រងេងច្រងាង ក៏ពិតមែន តែបើ​មានឱកាស គេ​នឹង​ផ្ដួល​គូប្រកួត របស់គេ ឲ្យ​បាន​ឆាប់រហ័ស​ជាទីបំផុត​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧០​ដង ឈ្នះ​៥៧​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ ១​ដង ។ មិនដឹងថា​នរណា មាន​សមត្ថភាព ដណ្ដើម​ជ័យជំនះ​នោះទេ តែ​សម្រាប់​ការប្រកួត​មួយ​នេះ គេ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ។ នរណា ជា​អ្នក​ជួប​សំ ណា​ង​ល្អ ?​។​

​ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ វិញ​នោះ ព្រឿង សុ​ចឺ​ត ក្លិប​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ប៊​ន ព​ន្លិ​ត របស់​ក្លិប​នាគរាជ​ចតុមុខ ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ។ អេ​លី​ត កែវ​ឡុង ក្លិប​ប៉ែន កាក់​គុន​ខ្មែរ ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់ សេក ចៅ​ជូត ក្លិប​អង្គរ​មានជ័យ​ ​ខេត្តសៀមរាប ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ធា វាសនា ក្លិប​ខេត្ត​រតនគីរី ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់ អៀ​ប លី​ឆា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v