​ពុទ្ធ ឆាយ​រិទ្ធី និង ឆៃ សា​រ៉ា កំពុង​ស្វែងរក​ជ័យជំនះ បន្ទាប់ពី​ចាញ់​មួយ​ប្រកួត ឈ្នះ​មួយ​ប្រកួត

165
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​ខ្សែក្រវាត់​ជើងឯក អ្នក​ប្រយុទ្ធ​កំពូល​ថាមពល Champion លើស​ង្វៀន​អាស៊ីអាគ្នេយ៍ យប់​ថ្ងៃទី​៣ វិច្ឆិកា នេះ អ្នក​ប្រដាល់​កម្ពុជា ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស និង ឆៃ សា​រ៉ា សមាគម​ប្រដាល់ ក្រសួងការពារជាតិ អាច​ប្រជែង​យកជ័យ​ជំនះ បាន​ឬទេ បន្ទាប់ពី​ពួកគេ បាន​ចាញ់​មួយ​ប្រកួត និង​ឈ្នះ​មួយ​ប្រកួត​នោះ​។​

ពុទ្ធ ឆាយ​រិទ្ធី និង ផេ​ត អ៊ូ​ប៊ុន​

​សម្រាប់ ពុទ្ធ ឆាយ​រិទ្ធី គេ​ត្រូវ​ជួប​តស៊ូ​ជាមួយ អ្នក​ប្រដាល់​ថៃ ផេ​ត អ៊ូ​ប៊ុន (Phat Oubun) ។ រិទ្ធី ២ ប្រកួត​របស់គេ ឈ្នះ​មួយ​ប្រកួត និង​ចាញ់​មួយ​ប្រកួត ក្នុងខណៈដែល​អ្នក​ប្រដាល់​ថៃ ផេ​ត អ៊ូ​ប៊ុន ពីរ​ប្រកួត​របស់គេ ចាញ់​ទាំង ២ ប្រកួត ។ បើតាម​សមត្ថភាព ការប្រកួត​មួយ​នេះ ទំនងជា រិទ្ធី មានឱកាស​ឈ្នះ​ច្រើនជាង​ហើយ តែ ផេ​ត អ៊ូ​ប៊ុន ក៏​មិនមែនជា​អ្នក​ប្រដាល់ ដែល​ស្រួល​បង្ក្រាប​នោះទេ ។​

​ផេ​ត អ៊ូ​ប៊ុន មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៩​ដង ឈ្នះ​៥៦​ដង ចាញ់​១៣​ដង ។ ចំពោះ ពុទ្ធ ឆាយ​រិទ្ធី​វិញ គេ​មាន​ប្រវត្តិ​ប្រកួត ១២៤​ដង ឈ្នះ​៩៥​ដង ចាញ់​២៧​ដង និង​ស្មើ​ពិន្ទុ ២​ដង ។ ការប្រកួត​នេះ ប្រសិនបើ រិទ្ធី​ឈ្នះ​នោះ គេ​អា​មានឱកាស​ឡើងទៅ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ តែបើ​ចាញ់ គឺ​ចប់ ។ ផេ​ត អ៊ូ​ប៊ុន បើ​ចាញ់​ទៀត ទំនងជា​ចប់​ហើយ ។

ឆៃ សា​រ៉ា និង រ៉ុង ណា​ផា​

​ឆៃ សា​រ៉ា សមាគម​ប្រដាល់ ក្រសួងការពារជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ រ៉ុង ណា​ផា (Rong Napha)​។ សូមបញ្ជាក់ថា ២ ប្រកួត របស់​សា​រ៉ា ឈ្នះ​បាន​មួយ​ប្រកួត និង​ចាញ់​មួយ​ប្រកួត រីឯ រ៉ុង ណា​ផា​វិញ ២ ប្រកួត​របស់គេ ចាញ់​ទាំង​២ ប្រកួត​តែម្ដង ។​

​នេះ​ជាការ​ប្រកួត ដែល​សំខាន់បំផុត សម្រាប់​ពួកគេ​ទាំ ២ រូប ពិសេស រ៉ុង ណា​ផា តែម្ដង ដែល​មិនទាន់​ស្គាល់​ឈ្នះ ចាំមើល​នរណា រកបាន ៣ ពិន្ទុ ។ ចំពោះ រ៉ុង ណា​ផា ដែល​ទើប​តែមាន ២ ពិន្ទុ តើ​អា​ចរក​ជ័យជំនះ បាន​ឬទេ ?​។​

អ្នកខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​ចំពោះ​គូប្រកួត រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ សេក គឹម​សាន្ដ ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ងួន គា ក្លិប​ខេត្ត​រតនគីរី ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​ងួន គា ជា​អ្នក​ប្រដាល់​មួយរូប ដែល​ពុំ​ធ្លាប់មាន​ប្រវត្តិ​គេ​វ៉ៃ ឲ្យ​សន្លប់​នោះឡើយ ទោះបី​គេ​ចាញ់ ក៏​គេ​តែងតែ​ធ្វើ​ឲ្យ​គូប្រកួត​វេទនា​ដែរ ។ ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ទំនងជា សេក គឹម​សាន្ដ មានឱកាស​ឈ្នះ​ច្រើនជាង​ហើយ​មើលទៅ ។​

​ពុទ្ធ ភា​រិន្ទ ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឡុង ខេត្ត ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ឡុង ខេត្ត មួយរយៈ​នេះ ហាក់ដូចជា​ធ្លាក់ចុះ ចំពោះ​ភា​រិន្ទ​វិញ មួយរយៈ​នេះ គេ​តែងតែ​ប្រើ​កណ្ដាប់ដៃ ផ្ដួល​គូប្រកួត បាន​ញឹកញាប់​ណាស់ ។ នរណា ជា​អ្នកឈ្នះ ?​។​

​លីន វិចិត្រ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ប្រាក់ ឌី​ណា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v