​ពែង រី អតីត​កងទ័ព​រដ្ឋាភិបាល ដែល​កម្លាំង តា​ម៉ុក ចាប់ខ្លួន​បញ្ជូនទៅ​នៅ​អន្លង់វែង​

322

ប្រជាជន​នៅ​ស្រុក​អន្លង់វែង​

​អន្លង់វែង ជា​អតីត​តំបន់​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម​ប្រឆាំងនឹង​កងទ័ព​រដ្ឋាភិបាល​។ តំបន់​នេះ​សម្បូរ​ទៅដោយ​ព្រៃឈើ​ក្រាស់ និង​ព័ទ្ធជុំវិញ​ដោយ​ភ្នំ​។ ប្រជាជន ដែល​រស់នៅ​តំបន់​នេះ ភាគច្រើន​ជា​អតីត​ខ្មែរក្រហម មកពី​ខេត្ត​ផ្សេងៗ​។

​ពែង រី មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង មក​រស់នៅ​ស្រុក​អន្លង់វែង បាន​រៀបរាប់ ពី​រឿងរ៉ាវ​របស់គាត់​ថា នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ កងទ័ព​បដិវត្តន៍​ខ្មែរក្រហម​បាន ទទួល​ជ័យជម្នះ​ទាំងស្រុង​លើ​រដ្ឋាភិបាល លន់ នល់​។ ខ្មែរក្រហម​ចាប់ផ្តើម​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ចេញ ពី​ផ្ទះសម្បែង ទីក្រុង និង ទីប្រជុំជន​នានា​នៅ​ទូទាំងប្រទេស​។ គ្រួសារ​របស់គាត់​ពេលនោះ​ដែល​រស់នៅ​ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ក៏ត្រូវ​ខ្មែរក្រហម​ជម្លៀស​ចេញពី​ភូមិ​ជាមួយ​ប្រជាជន​ឯទៀត​ដែរ​។ ដោយពេល​នោះ គាត់​ស្ថិតក្នុង វ័យ កុមារ​នៅឡើយ ហេតុនេះ គាត់​មិនសូវ​ចងចាំ​នូវ​អ្វីដែល​គាត់​បាន​ជួបប្រទះ​ទេ ហើយ​គាត់ ក៏​មិន​ចាំ​ថា ខ្មែរក្រហម​បាន​ជម្លៀស​គាត់ និង​គ្រួសារ​ទៅ​រស់នៅ​ទីណា​ខ្លះ​ដែរ​។ រី គ្រាន់ តែ​ចាំ​ថា អង្គការ​បាន​ចាត់តាំង​គាត់​ឲ្យ​ចូលក្នុង​កងកុមារ​។ ការងារ​ដែល រី ធ្វើ​ប្រចាំថ្ងៃ គឺ​ដើរ​រើស​អាចម៍គោ និង​កាប់​ទន្ទ្រានខែត្រ​។ រី ធ្វើការ​នៅ​កងកុមារ​រហូតដល់រ​បប​ខ្មែរ ក្រហម​ដួលរលំ​នៅ​ដើមឆ្នាំ​១៩៧៩​។​

​ស្ថិតក្នុង​វ័យ​ជំទង់ អំឡុង​ឆ្នាំ​១៩៨៦-១៩៨៧ រី បាន​ស្ម័គ្រចិត្ត​ចូលធ្វើ​កងទ័ព​រដ្ឋា ភិ​បាល ឈរជើង​នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ អង្គភាព​បាន​ចាត់​ឲ្យ រី រៀន សូត្រ និង​ហាត់​បាញ់កាំភ្លើង​ធំ​។ មួយរយៈ​ក្រោយមក អង្គភាព​បាន​បញ្ជូន រី ទៅ​ប្រយុទ្ធ ជាមួយ​កម្លាំង​ខ្មែរក្រហម​ដែល​នៅ​សេសសល់ នៅ​ច្រក​ជាំ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ កម្លាំង ទាំងពីរ​បាន​ប្រយុទ្ធ​គ្នា​ជា​បន្តបន្ទាប់ ដោយ​មិនអាច​ទប់ទល់​នឹង​កម្លាំង​ខ្មែរក្រហម​បាន កម្លាំង​របស់ រី បាន​ដកថយ​មក​នៅ​ព្រៃ​ស្អា​ក​វិញ​។ មកដល់​ព្រៃ​ស្អា​ក កម្លាំង​របស់ រី ដែល​នៅសល់​សមាជិក​តែ​២០​នាក់ ក៏ត្រូវ​កម្លាំង តា​ម៉ុក ចាប់ខ្លួនបាន រួច​បញ្ជូនទៅ​អន្លង់វែង​វិញ​។ បន្ទាប់ពី​បញ្ជូន​ទៅដល់​អន្លង់វែង តា​ម៉ុក បាន​ណែនាំ និង​អប់រំ​ដល់​ក្រុម​របស់ រី ឲ្យ​ចុះចូល​ជាមួយ​ខ្លួន និង​ចាត់តាំង​ឲ្យ​ធ្វើជា​យោធា​ដើម្បី​ប្រយុទ្ធ​នឹង​កងទ័ព​រដ្ឋាភិបាល​វិញ​។ តា​ម៉ុក បាន​គំរាមថា ប្រសិនបើ អ្នក​ទាំងអស់គ្នា​មិន​ចុះចូល​ទេ នឹងត្រូវ​សម្លាប់ចោល​ទាំងអស់​។ ដោយ​គ្មាន​ផ្លូវ​ជ្រើសរើស រី និង​អ្នក​ដទៃទៀត បាន​យល់ព្រម​ចុះចូល​។ តា​ម៉ុក បាន​ចាត់​ឲ្យ រី ធ្វើការ​នៅក្នុង​កង​ដឹកជញ្ជូន ដោយមាន​ភារកិច្ច​ដឹកជញ្ជូន​ស្បៀង​ទៅ​សមរភូមិ​មុខ​។​

​បើតាម​ការរៀបរាប់រ​បស់ រី អំពី​បុគ្គលិកលក្ខណៈ​របស់ តា​ម៉ុក នៅពេលដែល គាត់​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់ តា​ម៉ុក បាន​ឲ្យ​ដឹងថា សម្រាប់​គាត់​ផ្ទាល់ តា​ម៉ុក យកចិត្តទុកដាក់​ជាមួយ​ប្រជាជន និង​កងទ័ព​ដែល​រស់នៅ​តំបន់​អន្លង់វែង​ខ្លាំងណាស់​។ តា​ម៉ុក បាន កសាង​ស្ពាន សាលារៀន មន្ទីរពេទ្យ​សម្រាប់​ប្រជាជន​អន្លង់វែង​។​

​នៅ​ឆ្នាំ​១៩៩៨ បន្ទាប់ពី​ការចាប់ខ្លួន តា​ម៉ុក និង​ការធ្វើ​សមា​ហរ​ណ​របស់​កម្លាំង​ខ្មែរក្រហម​ដែល​នៅ​សេសសល់​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល រី បាន​រៀបការ និង​រស់នៅ​ស្រុក​អន្លង់វែង​រហូតដល់​ស​ព្វ​ថ្ងៃ​៕L ដោយៈ កុល ដាលីន និស្សិត​ឆ្នាំ​ទី​២ ផ្នែក​អក្សរសាស្ត្រ​ជប៉ុន នៃ​សកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ​

ការធ្វើសមាហរណកម្ម​របស់​កងកម្លាំង​ខ្មែរក្រហម នៅ​អន្លង់វែង ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ឆ្នាំ​១៩៩៨
ការធ្វើសមាហរណកម្ម​របស់​កងកម្លាំង​ខ្មែរក្រហម នៅ​អន្លង់វែង ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ឆ្នាំ​១៩៩៨