​ព័ត៌មាន​មិន​ច្បាស់លាស់​អំពី​ឪពុកម្តាយ​ខ្ញុំ នៅតែ​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អស់ចិត្ត​

779
ចែករម្លែក

​ដោយ​: ចៅ ច័ន្ទ​សុ​វណ្ណា​វិ​និត្យ​
​នាង​ខ្ញុំ​ឈ្មោះ ចៅ ច័ន្ទ​សុ​វណ្ណា​វិ​និត្យ សព្វថ្ងៃ​នាង​ខ្ញុំ​រស់នៅក្នុង​ប្រទេស​កាណាដា​។ នាង​ខ្ញុំ​បាន​បាត់​ដំណឹង​ឪពុក​ឈ្មោះ ចៅ ច័ន្ទ កើត​នៅក្នុង​ឆ្នាំ​១៩៤៥ ក្នុងភូមិ​ពោធិ ឃុំ​ត្រពាំង​អណ្តូង ខេត្ត​មាត់ជ្រូក (​កម្ពុជា​ក្រោម​) និង​ម្តាយ​ឈ្មោះ ជួន ច័ន្ទ​សុ​វណ្ណា កើត​នៅក្នុង​ឆ្នាំ​១៩៥៣ នៅ​ភូមិ​ទម្លាប់ ឃុំ​ភ្នំ​ដិ​ន (​ខ្ញុំ​ចាំ​មិន​ច្បាស់​) ស្រុក​គិរីវង្ស ខេត្តតាកែវ​។ នៅ​ឆ្នាំ​១៩៦៧ ឪពុក​របស់ខ្ញុំ​បាន​ចាក​ចេញពី​ស្រុកកំណើត​នៅ​កម្ពុជា​ក្រោម ឡើងមក​រៀន​នៅ​ខេត្តតាកែវ​។ ឪពុក​ខ្ញុំ​បាន​ជួប​ម្តាយ​ខ្ញុំ និង​បាន​រៀបការ​ជាមួយគ្នា​មួយឆ្នាំ​ក្រោយមក​។ នៅ​ឆ្នាំ​១៩៦៩ ម្តាយ​ខ្ញុំ​បានកើត​បានកូន​ស្រី​ម្នាក់ គឺ​នាង​ខ្ញុំ​។ ឪពុក​របស់ខ្ញុំ​បាន​រៀន​បន្ត​រហូត​បានធ្វើកា​រងារ​ខាង​សូ​រិ​យោ​ដី​។​

ចៅ ច័ន្ទសុវណ្ណាវិនិត្យ ពេលអាយុ១ឆ្នាំ ថតជាមួយលោកយាយនៅខេត្តតាកែវ ក្នុងឆ្នាំ១៩៧០។

​នៅ​ដើមឆ្នាំ​១៩៧៥ ឪពុកម្តាយ​ខ្ញុំ​បាន​នាំ​កូនៗ​មក​រស់នៅ​ភ្នំពេញ ដោយពេល​នោះ ឪពុក​របស់ខ្ញុំ​បាន​ចូលធ្វើ​ការងារ​ខាង​ត្រា​វ៉ូ នៅ​ក្រុមហ៊ុន​មួយ​ដែលមាន​ស្នាក់ការ​នៅ​ម្តុំ​ចាក់អង្រែ ខាងត្បូង​ភ្នំពេញ​។ ពេល​សម្រាក​ពី​ការងារ ឪពុក​របស់ខ្ញុំ​តែងតែ​មកជួយ​លក់ដូរ​ម្តាយ​ខ្ញុំ ព្រោះ​ពេលនោះ​ម្តាយ​ខ្ញុំ​មានកូន​ពីរ​នាក់​ទៀត គឺ​ប្អូនប្រុស​ខ្ញុំ​ម្នាក់​អាយុ​៥​ឆ្នាំ (​ប្អូន​ខ្ញុំ​មួយឆ្នាំ​) និង​ប្អូនស្រី​ម្នាក់ទៀត​អាយុ​២​ឆ្នាំ​។​

​នៅពេល​យោធា​ខ្មែរក្រហម​ចូល​មកដល់​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ គ្រួសារ​ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ទៅ​ស្វាយ​ស៊ីសូផុន ខេត្តបន្ទាយមានជ័យ​។ ទីនោះ​គ្រួសារ​ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​បែងចែក​ឲ្យ​ទៅ​ស្នាក់នៅ និង​ធ្វើ​ការងារ​នៅតាម​ភូមិ​ផ្សេងៗ​នៅក្នុង​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ប្អូនស្រី​ខ្ញុំ​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ និង​ខ្វះ​អាហារូបត្ថម្ភ​នៅពេល​ទៅដល់​ទីតាំង​មួយ​ដែល​ប្រជាជន​នៅ​ទីនោះ​ហៅថា ព្រៃ​គាំ​។ ក្រោយ​ស្លាប់​ប្អូនស្រី​ខ្ញុំ​បាន​មួយរយៈ ប្អូនប្រុស​របស់ខ្ញុំ​ម្នាក់ទៀត​ក៏បាន​ស្លាប់​ដោយសារ​ជំងឺ​នៅ​ភូមិ​ព្រះនេត្រព្រះ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ នៅ​ដើមឆ្នាំ​១៩៧៨ ម្តាយ​ខ្ញុំ​មាន​ផ្ទៃពោះ​កូន​ម្នាក់ទៀត ដែល​នៅពេលនោះ​ហើយ​ដែល​ខ្មែរក្រហម​បាន​ហៅ​ឪពុក​របស់ខ្ញុំ​ពី​ភូមិ​ប៉ោយ​សំរោង ឃុំ​ព្រះនេត្រព្រះ យកទៅ​រៀនសូត្រ​។ ម្តាយ​ខ្ញុំ​កើត​បានកូន​ស្រី​ម្នា​ក់ដោយ​មិនមាន​វត្តមាន​ឪពុក​របស់ខ្ញុំ​ឡើយ​។ រំលង​បាន​ប៉ុន្មាន​ថ្ងៃ ប្អូនស្រី​របស់ខ្ញុំ​ដែល​ទើបនឹង​កើត​បាន​ស្លាប់​ដោយសារ​ជំងឺ​។ នៅពេល​សភាពការណ៍​ច្រ​បូល​ច្របល់ ក្នុងអំឡុង​ចុងឆ្នាំ​១៩៧៨ និង​ដើមឆ្នាំ​១៩៧៩ ម្តាយ​ខ្ញុំ​បានទទួល​ដំណឹង​ឪពុក​របស់ខ្ញុំ ពី​បុរស​ម្នាក់​ដែល​ខ្មែរក្រហម​បាន​ហៅ​ទៅ​រៀនសូត្រ​ជាមួយគ្នា ប៉ុន្តែ​បុរស​នោះ​មានសំណាង​បាន​ត្រឡប់មក​ភូមិ​វិញ​។ បុរស​នោះបាន​ប្រាប់​ម្តាយ​របស់ខ្ញុំ​ថា ឪពុក​របស់ខ្ញុំ​នៅ​រស់រានមានជីវិត​នៅឡើយ ដោយ​ពេលនោះ​ខ្មែរក្រហម​ចាត់តាំង​គាត់​ឲ្យ​ធ្វើជា​ជាងកាត់សក់​។ បុរស​នោះបាន​ហៅ​ឪពុក​របស់ខ្ញុំ​ត្រឡប់មក​ភូមិ​វិញ​ដែរ ប៉ុន្តែ​ឪពុក​របស់ខ្ញុំ​បាន​តប​វិញ​ថា នៅជាប់​រវល់​កាត់សក់​។

ចៅ ច័ន្ទ ថតនៅឆ្នាំ១៩៦៨

​ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ​ឆ្នាំ​១៩៧៩ ម្តាយ​ខ្ញុំ​បាន​ធ្លាក់ខ្លួន​ឈឺ និង​បានមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្វាយ​ស៊ីសូផុន ដែល​ពេលនោះ​ខ្ញុំ​ក៏​នៅ​ជាមួយ​ម្តាយ​ខ្ញុំ​ដែរ​។ ខ្ញុំ​បានឃើញ​ជនជាតិ​វៀតណាម​ជាច្រើន​នាក់​នៅក្នុង​មន្ទីរពេទ្យ​។ ខ្ញុំ​ក៏បាន​ឃើញ​មិត្តភក្តិ​ម្តាយ​របស់ខ្ញុំ​ម្នាក់​ឈ្មោះ ស្រី (​ស្រី មាន​ម្តាយ​ជា​គ្រូ​ចូល​រូប​ជនជាតិ​វៀតណាម​) បាន​ចូល​មកជួប​ម្តាយ​ខ្ញុំ និង​ជួប​ខ្ញុំ​នៅ​មន្ទីរពេទ្យ​ស្វាយ​ស៊ីសូផុន​ជា​ញឹកញាប់​។ នៅពេល​មួយ មិត្តភក្តិ​ម្តាយ​របស់ខ្ញុំ​ឈ្មោះ ស្រី បាន​យក​ខ្ញុំ​ចេញពី​មន្ទីរពេទ្យ​ទៅ​នៅ​ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ដោយបាន​ប្រាប់​ខ្ញុំ​ថា ម្តាយ​របស់ខ្ញុំ​បាន​ស្លាប់​ហើយ​។ ដោយសារ​ខ្ញុំ​មាន​វ័យក្មេង និង​ទើបតែ​១០​ឆ្នាំ ទើប​ខ្ញុំ​ជឿ​លើ​ស្ត្រី​នោះ និង​មិនបាន​សួរនាំ​ដំណឹង​ពី​ម្តាយ​តទៅទៀត​។ ចាប់តាំងពី​ពេលនោះ ខ្ញុំ​បាន​បែក​ម្តាយ​ខ្ញុំ​រហូត ដោយ​មិនដឹងថា ស្លាប់ ឬ​រស់​ពិតប្រាកដ​ឡើយ​។​

​ខ្ញុំ​បានរស់នៅ​ឃុំ​បន្ទាយ​នាង​រយៈពេល​មួយឆ្នាំ មិត្តភក្តិ​ម្តាយ​របស់ខ្ញុំ​ឈ្មោះ ស្រី ក៏បាន​នាំ​ខ្ញុំ​បន្ត​មក​ភ្នំពេញ​។ សំណាងល្អ ខ្ញុំ​បាន​ជួប​យាយ​ខាង​ម្តាយ​ឈ្មោះ អ៊ុង គុយ និង​បានមក​រស់នៅ​ជួបជុំ​ជាមួយ​គាត់​វិញ​។ បន្ទាប់មក ខ្ញុំ​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​ទួល​ទំពូង​បាន​រយៈពេល​ប្រហែល​បី​ខែ ទើប​ខ្ញុំ និង​យាយ​ធ្វើដំណើរ​ទៅ​រស់នៅ​ជំរំខៅអ៊ីដាង​។ ខ្ញុំ​ចាំបាន​ថា ពេលនោះ​ខ្ញុំ​ស្នាក់នៅ​ក្បែរ​វត្ត ជិត​សង្កាត់​ចិន​មួយ​។ នៅ​ឆ្នាំ​១៩៨២ ខ្ញុំ​បានទទួល​សិទ្ធិ​ទៅ​រស់នៅ​ប្រទេស​កាណាដា​រហូតមកដល់​សព្វថ្ងៃ​។

ជួន ច័ន្ទសុវណ្ណា ថតនៅឆ្នាំ១៩៦៨

​ថ្មីៗ​នេះ​ខ្ញុំ​បាន​ស្គាល់​មនុស្ស​ម្នាក់​រស់នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ធ្លាប់​ដឹក​ប្រជាជន​ភៀសខ្លួន ពី​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង​ត្រឡប់មក​ភ្នំពេញ​វិញ ក្រោយពី​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩​។ ខ្ញុំ​បាន​សួរ​គាត់​ពី​ដំណឹង​ឪពុក​របស់ខ្ញុំ ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ធ្លាប់​ជួប​ឪពុក​របស់ខ្ញុំ​នៅ​ស្វាយ​ស៊ីសូផុន​។ គាត់​ថែមទាំង​ធ្លាប់បាន​ដឹក​ឪពុក​របស់ខ្ញុំ និង​ធ្លាប់​ឲ្យ​ឪពុក​របស់ខ្ញុំ​កាត់សក់​ឲ្យ​គាត់​ទៀតផង​។ ប៉ុន្តែ​សព្វថ្ងៃ គាត់​មិនដឹងថា ឪពុក​របស់ខ្ញុំ​រស់នៅ​ទីណា​ឡើយ​។ ខ្ញុំ​សូម​ភ្ជាប់​រូបថត​ឪពុកម្តាយ​ខ្ញុំ និង​ក្រុមគ្រួសារ​ជាមួយ​រឿងរ៉ាវ​ដែល​ខ្ញុំ​បាន​ចងចាំ​។

​អាស្រ័យ​ដូចដែល​បាន​រៀបរាប់​ខាងលើ ប្រសិនបើ​បងប្អូន​ណា​បាន​ស្គាល់ ឬ​ធ្លាប់​ឮឈ្មោះ ចៅ ច័ន្ទ និង ជួន ច័ន្ទ​សុ​វណ្ណា សូមមេត្តា​ទំនាក់ទំនង​មក​នាង​ខ្ញុំ​តាមរយៈ​លេខ​ទូរ​សព្ទ ០១០ ៥១៥០១០ និង ០១២ ៩៩៦ ៧៥០ ឬ​តាមរយៈ​អាសយដ្ឋាន ៖ ផ្ទះ​លេខ​៦៦ ផ្លូវ​ព្រះសីហនុ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ​៕ ល​

ថ្ងៃរៀបអាពាណ៍ពិពាណ៍របស់ ចៅ ច័ន្ទសុវណ្ណាវិនិត្យ នៅក្នុងឆ្នាំ១៩៨៩