​ព្យុះភ្លៀង​នៅ​ខេត្ត​ព្រះសីហនុ​រយៈពេល​១​យប់​១​ថ្ងៃ​បង្ក​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់​

302
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ប្រភពព័ត៌មាន​ដ៏​រន្ធត់​ពី​ក្រុងព្រះសីហនុ​បានឱ្យដឹងថា​ក្នុង​ហេតុការណ៍​ព្យុះភ្លៀង​ដ៏​អាក្រក់​បំផុត​នៅ​ខេត្ត​ព្រះសីហនុ​រយៈពេល​១​យប់​១​ថ្ងៃនេះ​មាន​មនុស្ស​ប្រុស​ស្រី​ស្លាប់​អស់​ចំនួន​៣​នាក់​ដោយសារតែ​ទឹក​ហូរ​ច្រោះ បាក់​រលំ​របង​ថ្ម សង្កត់​លើ​។​

​មន្ត្រី​អាជ្ញាធរ​បាន​ប្រាប់ថា​មាន​ពលរដ្ឋ​២​នាក់​ប្តី​ប្រពន្ធ​បាន​ស្លាប់​ដោយសារ​រលំ​បាក់​របង​សង្កត់​លើ​នៅ​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​កាលពី​ព្រឹក​ទី​៩​ខែសីហា​ឆ្នាំ​២០១៩​។​ក្រោយ​ទទួលរង​ឥទ្ធិពល​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​យប់​ថ្ងៃ​៨​ខែសីហា​២០១៩​។​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​ធ្វើការ​ជា​កម្មករសំណង់ ។​ក្នុងនោះ​បុរស​ជា ប្តី​ឈ្មោះ ស៊ុន​គឹម​សាន្ត​អាយុ​៥៤​ឆ្នាំ​និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​សេង​ញេ​ន​អាយុ​៥៦​ឆ្នាំ​។

សូមបញ្ជាក់ថា​គិត​មក​ត្រឹម​ថ្ងៃត្រង់​ថ្ងៃទី​៩​សីហា​២០១៩​នេះ​មាន​មនុស្ស​៣​នាក់​ហើយ​បាន​ស្លាប់​ក្រោយ​មាន​គ្រោះធម្មជាតិ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ខេត្ត​ព្រះសីហនុ​។​ក្នុងនោះ​ក្រៅពី​ជនរងគ្រោះ​ទាំង​២​នាក់​នៅ​ក្រុងព្រះសីហនុ​ក៏មាន​ជនរងគ្រោះ​ម្នាក់ទៀត​ជា​មេការ​ជនជាតិ​ចិន ឈ្មោះ ឆៃ គ័​រ​ឈី​ង ភេទ ប្រុស អាយុ​៤៥​ឆ្នាំ​បាន​ស្លាប់​ដោយ​ការ​រលំ​របង​សង្កត់​លើ​ដូចគ្នា​នៅ​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​។​

​អជ្ញាធរ​ខេត្ត​ព្រះសីហនុ​ក៍​បានចេញ​ការអំពាវនាវ​ឱ្យ​គ្រប់​ការដ្ឋាន​សំណង់​ផ្សេងៗ​បង្កើន​ការប្រុងប្រយ័ត្ន​។​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ទីតាំង​ដែល​ប្រឈម​ខ្លាំង​ស្រប​ពេលដែល​វិធានការ​សង្គ្រោះ​នានា​កំពុង​ធ្វើឡើង​យ៉ាងសកម្ម​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​អភិបាលខេត្ត​ព្រះសីហនុ​ក្នុងនាម​ប្រធាន​គណបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​៕S/​